កាស្មៀ៖ ប៉ូលិសនិយាយថាយ៉ាងហោចណាស់មានមនុស្ស៣នាក់និងពួកសកម្មប្រយុទ្ធម្នាក់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអង្គារក្នុងពេលប៉ះទង្គិចគ្នាដោយអាវុ ធមួយអស់រយៈពេលពេញមួយថ្ងៃជាមួយនិងកងកម្លាំងរដ្ឋាភិបាលឥណ្ឌា។
ការប៉ះទង្គិចគ្នាដោយអាវុធនេះបានផ្ទុះឡើងនៅភូមិ Durbugh ដែលស្ថិតនៅចម្ងាយ២២គីឡូម៉ែត្រនៃភាគខាងត្បូងក្រុង Srinagar ដែលជារដ្ឋធានីរដូវក្តៅកាស្មៀគ្រប់គ្រងដោយឥណ្ឌា។
យោងតាមប្រភពផ្លូវការឲ្យដឹងថាមន្ត្រីប៉ូលិសម្នាក់បានរងរបួសក្នុងការប្រយុទ្ធគ្នានៅកន្លែងសម្ងំលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ខណៈពេលដែលជនស៊ីវិលរាប់សិបនាក់ត្រូវបានបាញ់ឲ្យរបួសបន្ទាប់ពីប៉ូលិសនិងទាហានឥណ្ឌាបានបើកការបាញ់ប្រហារលើបាតុករដែលជាជនស៊ីវិលនៅក្នុងភូមិមួយ ។
អ្នកនាំពាក្យកងទ័ពឥណ្ឌាលោកវរសេនីយ៍ឯក Rajesh Kalia បានថ្លែងប្រាប់សារព័ត៌មានចិនស៊ីនហួរថាពួកសកម្មប្រយុទ្ធម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់តបតគ្នាជាមួយកងទ័ពក្នុងតំបន់ Chadoora ។ ការប្រយុទ្ធគ្នាក៏បានបញ្ចប់ហើយប្រតិបត្តិការក៏ត្រូវបានបញ្ឈប់ផងដែរ ។
ប៉ូលិសនិយាយថាដើមឡើយយុវជនក្នុងស្រុកភាគច្រើនបានស្រែកតាមដងផ្លូវនិងលោកពាក្យស្លោកប្រឆាំងឥណ្ឌាហើយថែមទាំងបានវាយប្រហារមកលើប៉ូលិសនិងកងទ័ពឥណ្ឌាជាក់ស្តែងដើម្បីបំបែកការឡោមព័ទ្ធហើយថែមទាំងបានជួយព័ទ្ធចាប់ក្រុមសកម្មប្រយុទ្ធដែលរត់គេចខ្លួន ។ កម្លាំងរដ្ឋាភិបាលបានបាញ់គ្រាប់ពិតនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករទាំងនោះ រហូតបណ្តាលមានយុវជន៣នាក់ស្លាប់បាត់បង់ជីវិតក្រៅពីអ្នកមួយចំនួនទៀតរងរបួស។
អ្នកគ្រប់គ្រងផ្នែកឱសថនៃមន្ទីរពេទ្យ SMHS ក្រុង Srinagar បានឲ្យដឹងថាជនស៊ីវិល៣នាក់ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យរបស់យើងហើយក៏ស្លាប់បាត់បង់ជីវិតចំនួនមនុស្ស១៧នាក់ផ្សេងទៀតរងរបួសដោយសារគ្រាប់កាំភ្លើងក៏ចូលសម្រាកព្យាបាលនៅទីនេះដែរ ។
ចំណែកប្រភពក្នុងស្រុកបានបង្ហើបថាផ្ទះមួយខ្នងដែលជាទីតាំងរបស់ក្រុមសកម្មប្រយុទ្ធបាននិងកំពុងបាញ់ប្រហារមកលើទីតាំងរបស់កងទ័ពនិងប៉ូលិសឥណ្ឌាបណ្តាលឲ្យខូចខាតទាំងស្រុងដោយសារគ្រាប់កាំភ្លើងត្បាល់និងការបំផ្ទុះគ្រាប់បែក ។ ក្រោយមកទើបមានការប្រយុទ្ធយ៉ាងខ្លាំងក្លាដែលអូសបន្លាយពេលពេញមួយថ្ងៃនៅពាសពេញតំបន់នោះ។
គួររំលឹកថាក្រុមចលនាបំបែកខ្លួននិងពួកទ័ពព្រៃបានធ្វើការប្រឆាំងនិងការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងញូវដេលីមកលើតំបន់កាស្មៀចាប់តាំងពីឆ្នាំ១៩៨៩មក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា