Sunday, November 24, 2024
Homeនយោបាយរបត់​ន​យោ​បាយ​

របត់​ន​យោ​បាយ​

 

កងរថក្រោះវៀតណាម ចូលមកទឹកដីកម្ពុជា

តពីលេខមុន

ហើយក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែ មីនា ឆ្នាំ១៩៧០ បានវិលត្រឡប់មកធ្វើកម្មាភិបាលនៅ ភូមិភាគនិរតី និងបានរត់ភៀសខ្លួនទៅប្រទេស វៀតណាម ក្នុងឆ្នាំ១៩៧៤ ព្រមទាំងកម្មាភិ-បាលមកពីក្រុងហាណូយ ម្នាក់ទៀត ឈ្មោះ ហែម សាមិន ដែលរត់ភៀសខ្លួនទៅប្រទេស វៀតណាម ក្នុងខែសីហា ឆ្នាំ១៩៧៦ ផងដែរ។

ពេលនោះមេដឹកនាំវៀតណាម បានស្នើ ឱ្យយស់ប៉ោ ដែលកំពុងប្រកបរបរធ្វើស្រែឱ្យ ទៅធ្វើជាអ្នកទទួលខុសត្រូវលើជនភៀសខ្លួន កម្ពុជាវិញ។

យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៧ កង ពលធំលេខ៣របស់ភូមិភាគបូព៌ា ដែលត្រូវ បង្កើតឡើងវិញ និងដាក់ឱ្យស្ថិតនៅក្រោម បញ្ជារបស់សុន សេន ឧបនាយករដ្ឋមន្ត្រីទទួល បន្ទុកការពារប្រទេស និងសន្តិសុខ បានបើកការវាយប្រហារទៅលើភូមិចំនួន៥ ដែលស្ថិតនៅក្នុងស្រុកតាន់បៀន និងស្រុកបេនកៅ ក្នុងខេត្តតាយនិញ បានសម្លាប់ប្រជាជនស៊ីវិល អស់ជិត៣០០នាក់ ក្នុងនោះភាគច្រើនជាខ្មែរកម្ពុជាក្រោម និងជនជាតិវៀតណាម ដែលធ្លាប់រស់ នៅក្នុងប្រទេសកម្ពុជា ពីមុនមក។

ក្រោយមក កងទ័ពវៀតណាម បានបើក ការវាយប្រហារជាទ្រង់ទ្រាយធំ ដោយមាន កម្លាំងពី៣ទៅ៤ម៉ឺននាក់គាំទ្រដោយកងកាំភ្លើងធំ កងរថក្រោះ និងឧទ្ធម្ភាគចក្រជាច្រើនទៀត ចូលលុកលុយជិតដល់ទីរួមខេត្តស្វាយរៀង និង ចូលតាមផ្លូវជាតិលេខ៧ ដល់មន្ទីរភូមិភាគបូព៌ា នៅកណ្តោលជ្រុំ ស្រុកពញាក្រែក នៅក្នុង១ខែ ធ្នូ ឆ្នាំ១៩៧៧។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហម ជាច្រើនកងវរសេនាធំ បាន ធ្វើការវាយប្រហារទៅលើឃុំថានឡាប ខេត្ត តាយនិញ របស់ប្រទេសវៀតណាម។

ភាគីវៀតណាម បានប្រកាសថា ក្នុងការ វាយប្រហារនោះ កងទ័ពខ្មែរក្រហម បានសម្លាប់ ប្រជាជនវៀតណាម ដែលនាំគ្នាពួននៅក្នុង លេណដ្ឋាន អស់ប្រមាណ៥០០នាក់ និងបាន ដុតកម្ទេចផ្ទះសម្បែងប្រជាជនអស់ចំនួន៥ភូមិ នៅក្នុងឃុំថាន ឡាប នោះ។

ភាគីវៀតណាម បានបញ្ជាក់ថា នៅក្នុង ភូមិតូចមួយ នៅក្នុងឃុំថានឡាបនោះ កងទ័ព ខ្មែរក្រហម បានដុតបំផ្លាញផ្ទះអ្នកភូមិប្រមាណ ១០០ខ្នង ហើយគ្រួសារជាច្រើនត្រូវសម្លាប់ ចោលគ្មានសល់ម្នាក់ សូម្បីតែកូនខ្ចីក៏ពួកគេមិនទុកជីវិតឱ្យដែរ។ ពួកគេបានបាញ់សម្លាប់មនុស្ស ពេញវ័យដោយគ្រាប់កាំភ្លើង និងវាយសម្លាប់កូនក្មេងដោយស្វាយកាំភ្លើង។ ពេលនោះដែរកងទ័ពខ្មែរក្រហម បានយកខ្សែចងក្មេងតូចៗ មួយខ្សែ រួចហើយបណ្តើរយកទៅទម្លាក់ក្នុង អណ្តូង។

ប្រភពដដែលបានឱ្យដឹងថា អ្នកភូមិជាស្រី មេម៉ាយម្នាក់ឈ្មោះង្វៀង ជីជូ អាយុ៤៤ឆ្នាំ បាន រួចផុតពីការបាញ់សម្លាប់របស់ខ្មែរក្រហម វាយ ប្រហារទៅលើភូមិគាត់នោះ ដោយគ្រួសារ គាត់នាំគ្នាពួនសម្ងំនៅក្នុងលេណដ្ឋាន ដែល ពួកគាត់បានជីកត្រៀមទុកតាំងពី៣ខែមុន។ ពេលកងទ័ពខ្មែរក្រហម ចូលទៅដល់ក៏បាន បាញ់រះពីមាត់លេណដ្ឋានទាំងសងខាង បន្ទាប់មក ពួកគេក៏បោះគ្រាប់បែកចូលបន្ថែមទៀត។ បងប្រុសគាត់ម្នាក់ ក៏ព្យាយាមរត់គេចពីលេណដ្ឋាន ក៏ត្រូវពួកគេបាញ់សម្លាប់តែម្តង។ ចំណែក សមាជិកគ្រួសារគាត់ផ្សេងៗទៀតនៅក្នុងលេណដ្ឋានត្រូវស្លាប់ទាំងអស់ នៅពេលគ្រាប់បែក នោះផ្ទុះឡើង។ ចំណែករូបគាត់ធ្វើពុតជាស្លាប់ដេកត្រាំក្នុងថ្លុកឈាមក្រុមគ្រួសារដែលស្លាប់នៅក្នុងលេណដ្ឋាននោះពេញមួយយប់រហូតភ្លឺ ឡើងកងទ័ពខ្មែរក្រហម ចាកចេញទៅអស់ ទើប គាត់ហ៊ានលូនចេញពីលេណដ្ឋានវិញ។

កងទ័ពវៀតណាម នៅតាមបណ្តោយព្រំដែនកម្ពុជា

ប្រភពដដែលបានបន្តថា នៅយប់ថ្ងៃដែល កងទ័ពខ្មែរក្រហមវាយប្រហារទៅលើឃុំថានឡាប នោះ អ្នកភូមិនានាកំពុងលង់លក់ក្នុងដំណេក ស្រាប់តែមានគ្រាប់ផ្លោងធ្លាក់ចំមន្ទីរឃុំ និង ធ្លាក់តាមភូមិនានាជាបន្តបន្ទាប់។ អ្នកភូមិគិត ថា នេះជាការវាយប្រហារដោយបាញ់កាំភ្លើង ធំពីចម្ងាយរបស់កងទ័ពខ្មែរក្រហមដូចកន្លងមក ក៏នាំក្រុមគ្រួសារកូនចៅរត់ចូលលេណដ្ឋានតាម ផ្ទះរៀងៗខ្លួន។ បន្តិចក្រោយមកអ្នកភូមិក៏ ឮសំឡេងកងទ័ពខ្មែរក្រហមពីគ្រប់ទិសចូលមក ដល់ហើយស្រែកខ្លាំងៗថា “សម្លាប់ពួកវាចោល ឱ្យអស់” ហើយផ្ទះសម្បែងអ្នកភូមិក៏ឆាបឆេះ យ៉ាងសន្ធោសន្ធៅ។ ពេលនោះដែរ អ្នកភូមិដែល ព្យាយាមរត់គេចខ្លួន ត្រូវពួកខ្មែរក្រហមបាញ់ សម្លាប់ បន្ទាប់មកទៀត ពួកគេបានបាញ់សម្លាប់ អ្នកភូមិដែលពួនសម្ងំនៅតាមលេណដ្ឋាននានាបន្តទៀត។

ការវាយប្រហារនៅក្នុងយប់នោះ អ្នកភូមិ ២៥គ្រួសារ ត្រូវកងទ័ពខ្មែរក្រហមសម្លាប់។ សាលារៀនត្រូវដុតបំផ្លាញ ហើយគ្រូបង្រៀន១១ នាក់ និងសិស្ស១៣នាក់ ក៏ត្រូវពួកគេបាញ់សម្លាប់ដែរ។ ក្រៅពីការវាយប្រហារទៅលើឃុំថានឡាប់ ពួកខ្មែរក្រហម ក៏បើកការវាយប្រហារទៅលើ ស្រុកខេត្តផ្សេងៗទៀតដែរ។

សាក្សីនិយាយថា ថ្ងៃមួយ កុមារម្នាក់ឈ្មោះ ង៉ុក អាញ់ អាយុ១០ឆ្នាំ កំពុងអង្គុយនៅមុខផ្ទះ។ ស្រាប់តែកងទ័ពខ្មែរក្រហម ចូលមកដល់ស្ងាត់ៗ ហើយចាក់សម្លាប់នឹងចំពុះទុង។ ចំណែកស្ត្រី ម្នាក់ឈ្មោះត្រឹង ធីទុយ កំពុងបីកូនខ្ចីនៅដៃ ត្រូវ កងទ័ពខ្មែរក្រហម កញ្ឆក់ដណ្តើមកូនខ្ចីពីដៃយក ទៅចាប់ហែកជើងរហែកខ្លួនជា២កំណាត់។ បន្ទាប់ មកទៀត ពួកវាក៏បាញ់សម្លាប់ស្ត្រីជាម្តាយដែល កំពុងស្រែកយំនៅក្បែរសពកូនខ្ចីនោះទៀត។

ស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះដុង កំពុង អង្គុយយំនៅក្បែរសាកសពប្តី ស្រាប់តែកងទ័ពខ្មែរក្រហមចូលមកដល់ នាងភិតភ័យក៏សំពះអង្វរសុំក្តីមេត្តាកុំសម្លាប់នាង តែត្រូវខ្មែរក្រហម ចាប់នាងវះពោះយកកូនចេញពីក្នុងផ្ទៃ គ្រវែងចោល។

នៅមានត

ដោយ៖ ឈឹម សេរីភួន

RELATED ARTICLES