ទីផ្សាររថយន្ត៖ ទីភ្នាក់ងារព័ត៌មាន Mehr បានស្រង់សម្តីអនុរដ្ឋមន្ត្រីឧស្សាហកម្មអ៊ីរ៉ង់កាលពីថ្ងៃសុក្រថារថយន្តចំនួន១,៥លានគ្រឿងត្រូវបានគ្រោងនឹងផលិតឲ្យបានក្នុងប្រទេសអ៊ីរ៉ង់នៅដំណាច់ប្រតិទិនឆ្នាំថ្មីត្រូវនឹងថ្ងៃទី២០ខែមីនាឆ្នាំ២០១៨ ។
លោក Mansour Moazzami បានលើកឡើងថាអ៊ីរ៉ង់ផលិតរថយន្តបានចំនួន១,៣លានគ្រឿងកាលពីឆ្នាំចាស់(ថ្ងៃទី២០ខែមីនាឆ្នាំ២០១៧)និងបានដាក់ទិសដៅជំរុញបង្កើនផលិតកម្មឲ្យបាន១,៥លានគ្រឿងនៅដំណាច់ឆ្នាំនេះ ។
ផលិតកម្មរថយន្តក្នុងឆ្នាំ២០១៦សម្រេចបានចំនួនជាងមួយលានគ្រឿង អ៊ីរ៉ង់អាចជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកដែលពាក់ព័ន្ធនឹងកំណើននៅក្នុងផលិតកម្មរបស់ខ្លួន នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការអ្នកផលិតរថយន្តអន្តរជាតិ OICA កាលពីដើមខែមីនាឆ្នាំ២០១៧។
របាយការណ៍ឲ្យដឹងទៀតថាអ៊ីរ៉ង់លៃលកផលិតរថយន្តបានចំនួន១.១៦៤.៧១០គ្រឿងក្នុងអំឡុងពេលដែលខ្លួនបានលើកឡើងពីផែនការណ៍នោះ ចំណែកការចុះបញ្ជីកើនឡើង១៨,៦%ក្នុងផ្នែកបរិមាណ ធៀបនឹងឆ្នាំទៅ។ ភាគរយនៃកំណើននេះបាននាំឲ្យអ៊ីរ៉ង់ស្ថិតក្នុងលំដាប់កំពូលនៃអ្នកផលិតរថយន្តក្នុងឆ្នាំ២០១៦ ។
គិតចាប់តាំងពីការដាក់ទិសដៅបង្កើនផលិតកម្មអ៊ីរ៉ង់ផលិតរថយន្តបាន១.១៦៤.៧១០គ្រឿង ក្នុងនោះ១.០៧៤.០០០គ្រឿងជារថយន្តទេសចរណ៍និង៩០.៧១០គ្រឿងជាប្រភេទរថយន្តពាណិជ្ជកម្ម។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា