Sunday, January 19, 2025
Homeព័ត៌មានជាតិថ្លើម សរីរាង្គសំខាន់​និងធំ​ជាងគេ

ថ្លើម សរីរាង្គសំខាន់​និងធំ​ជាងគេ

ថ្លើម ជាសរីរាង្គដែលមានទំហំធំជាងគេ និងមានសារសំខាន់បំផុត។ ដូច្នេះ គួរថែទាំថ្លើមដូចម្តេច ទើបមិនបង្កឱ្យកើតជំងឺថ្លើម ?

-តួនាទីរបស់ថ្លើម ៖
ប្រព័ន្ធរបស់ថ្លើមមានសភាពស្មុគស្មាញ ដោយសារវាជាសរីរាង្គសំខាន់ ទើបវាមានតួនាទីច្រើនយ៉ាង ដូចជា ៖

១-ថ្លើមជាអ្នកផលិត ៖ អាហារគ្រប់ប្រភេទដែលអ្នកទទួលទានចូលទៅ ទាំងអាហារប្រភេទ ការបូអ៊ីដ្រាត (ជាតិម្សៅ ជាតិស្ករ) ខ្លាញ់ ប្រូតេអ៊ីន វីតាមីន ថ្នាំ ឬអាហារផ្សេងៗក្តី រាងកាយមិនអាចបឺតស្រូបយកសារធាតុអាហារទាំងនេះ ទៅប្រើបានភ្លាមៗទេ ត្រូវឆ្លងកាត់ការរំលាយ ពីក្រពះ និងពោះវៀនតូចសិន។ បន្ទាប់ពីរំលាយអាហារទាំងនោះ រហូតក្លាយជាម៉ូលេគុល ល្មមអាចបឺតស្រូបយកបាន ទើបរាងកាយបឺតស្រូបចូលទៅក្នុងសរសៃឈាម។ ថ្លើមមានតួនាទីរក្សាទុកសារធាតុអាហារផ្សេងៗ តាមសមគួរ រួចយកមកផលិតជា សារធាតុអាហារដែលចាំបាច់ចំពោះរាងកាយ ដូចជា ប្រូតេអ៊ីន អាល់ប៊ូមីន (Albumin) ដែលជាប្រូតេអ៊ីនបៀមទឹកនិងជាតិខនិជ ទុកនៅក្នុងសរសៃឈាម។ ក្រៅពីនេះ ថ្លើមក៏ផលិតសារធាតុផ្សេងៗជាច្រើនទៀត រួមទាំងការផលិតប្រូតេអ៊ីន ជួយធ្វើឱ្យឈាមកកទៀតផង។

២-ថ្លើមជាឃ្លាំងផ្ទុកសារធាតុអាហារ ៖ ថ្លើមមានតួនាទីសន្សំសារធាតុអាហារផ្សេងៗទុកប្រើនៅពេលរាងកាយត្រូវការ ដូចជា បំប្លែងជាតិស្ករគ្លុយកូស ជាគ្លីកូហ្សែន និងរក្សាទុកក្នុងថ្លើម។ ហើយនៅពេលរាងកាយត្រូវការថាមពល ថ្លើមនឹងទាញគ្លីកូហ្សែនបំប្លែងមកជាគ្លុយកូសវិញ រួចបញ្ជូនបន្តឱ្យរាងកាយ យកទៅប្រើការផ្សេងៗជាបន្តទៀត។ ក្រៅពីនេះ ថ្លើមក៏រក្សាសារធាតុអាហារដូចជា វីតាមីន និងសារធាតុអាហារចាំបាច់ចំពោះរាងកាយប្រភេទផ្សេងៗទៀត ទុកសម្រាប់ឱ្យរាងកាយទាញយកទៅប្រើការពេលខ្វះខាត ឬប្រើក្នុងការរំលាយជាតិខ្លាញ់ ជួយឱ្យការរំលាយ អាហារមានភាពងាយស្រួលជាងមុន។

៣-ថ្លើមមានតួនាទីផលិតអំបិលទឹកប្រមាត់និងទឹកប្រមាត់ ៖ អំបិលទឹកប្រមាត់ និងទឹកប្រមាត់ ដែលត្រូវផលិត ឡើងដោយថ្លើម មានតួនាទីរំលាយជាតិខ្លាញ់ ជួយសម្រួលដល់ការរំលាយអាហារ។ ទឹកប្រមាត់ ដែលរំលាយអាហារ នឹងត្រូវបញ្ចោញមកតាមបំពង់ទឹកប្រមាត់ ឆ្លងទៅកាន់ពោះវៀនតូច និងត្រូវបានបញ្ចោញចោលទៅជាមួយលាមក។ បើស្ទះបំពង់ទឹកប្រមាត់កើតឡើងក្នុងរាងកាយ សារធាតុផ្សេងៗដែលឆ្លងកាត់ការរំលាយ នឹងមានការស្ទះដែរ ហើយទឹកប្រមាត់ នឹងវិលចូលទៅកាន់សរសៃឈាម ធ្វើឱ្យមានបញ្ហាកើតលឿងតាមខ្លួនប្រាណនិងភ្នែក។

៤-ថ្លើមជាមជ្ឈមណ្ឌលកែច្នៃឡើងវិញ ៖ ក្រៅពីតួនាទីសន្សំទុកសារធាតុអាហារ ដើម្បីបំប្លែងជាថាមពលបំពេញឱ្យរាងកាយ ថ្លើមក៏នៅមានតួនាទីទាញយកប្រូតេអ៊ីនចាស់ៗ មកបំប្លែងជាថ្មី សម្រាប់ប្រើប្រាស់ម្តងទៀត។

៥-ថ្លើមមានតួនាទីបណ្តេញសារធាតុកាកសំណល់ និងសារធាតុពុលផ្សេងៗ ៖ ទាំងជាតិថ្នាំ និងឱសថបុរាណផ្សេងៗ ដែលទទួលទានចូលទៅ ថ្លើមនឹងចម្រាញ់សារធាតុអាហារទាំងនោះទុកក្នុងរាងកាយ។ ចំណែកសារធាតុណាដែលជា សារធាតុពុលមិនល្អចំពោះរាងកាយ ថ្លើមនឹងព្យាយាមបណ្តេញចេញទៅតាមទឹកនោម ឬបញ្ចោញចោលមកតាមទឹកប្រមាត់។ បើទទួលទានថ្នាំដែលមិនចាំបាច់ចំពោះរាងកាយ ឬសូម្បីតែអាហារបំប៉ន និងឱសថបុរាណមួយចំនួន ថ្លើមអាចមិនដឹងពីប្រយោជន៍របស់ឱសថបុរាណ ឬថ្នាំទាំងនោះ ហើយបំប្លែងសារធាតុទាំងនោះ ជាសារធាតុពុលដែលមានគ្រោះថ្នាក់ចំពោះរាងកាយ បង្កឱ្យកើតមានជំងឺរលាកថ្លើមនៅពេលក្រោយ។

៦-ថ្លើមជាសរីរាង្គការពាររាងកាយ ៖ ថ្លើមក៏មានតួនាទីផលិតអង្គបដិបក្ខនៃប្រព័ន្ធការពាររាងកាយ ដើម្បីការពារនិងបំផ្លាញមេរោគ ឬអ្វីចម្លែកផ្សេងៗ ដែលចូលមកក្នុងរាងកាយ។ ដូច្នេះ ថ្លើមត្រូវបានគេចាត់ទុកជា សរីរាង្គការពាររាងកាយតែម្តង។ ថ្លើមក៏ជួយឱ្យរាងកាយផលិតប្រូតេអ៊ីន វីតាមីន វីតាមីន A និងចាំរក្សាទុក ជាតិដែក ដែលកើតពីគ្រាប់ឈាមត្រូវបានបំផ្លាញទៀតផង។

-ការពិនិត្យដំណើរការរបស់ថ្លើម ៖

ដោយសារថ្លើមជាសរីរាង្គនៅក្នុងរាងកាយ ទើបពិបាកសង្កេតការធ្វើការរបស់វា ពិសេស បើមានភាពខុសប្រក្រតីតូចតាច រាងកាយមិនអាចចាប់ភាពខុសប្រក្រតីនោះបាន។ ដូច្នេះ ដើម្បីពិនិត្យការធ្វើការរបស់ថ្លើម តម្រូវឱ្យមានការសាកសួរប្រវត្តិអ្នកជំងឺដូចជា ពិសាសុរាដែរឬទេ? ពិសាអាហារស្ទើរឆៅ ស្ទើរឆ្អិនដែរឬទេ? ឬមានប្រវត្តិពិសាថ្នាំអ្វីខ្លះ រួមទាំងការពិនិត្យឈាមទៀតផង។

ក្រៅពីនេះ អាចសង្កេតបានតាមរយៈការបំប្លែងរបស់រាងកាយដែលឃើញច្បាស់ ដូចជា ឆាប់អស់កម្លាំង ធុញអាហារ ភ្នែកលឿង ខ្លួនលឿង ហើមខ្លួន ទាចទឹក ឬមានបញ្ហាចេញឈាមខុសប្រក្រតីជាដើម។ ឯគ្រូពេទ្យអាចប្រើវិធីពិនិត្យដោយកាំរស្មី ឬពិនិត្យដុំសាច់ដើម្បីរកមូលហេតុនៃជំងឺ និងដំណាក់កាលនៃជំងឺ ដែលកំពុងប្រព្រឹត្តទៅ។

-ថ្លើមខុសប្រក្រតី នាំឱ្យមានជំងឺអ្វីខ្លះ?

បង្កឱ្យមានជំងឺដែលពាក់ព័ន្ធនឹងថ្លើម ដូចជា ៖ ក្រិនថ្លើម រលាកថ្លើម កើតលឿង និងមហារីកថ្លើម។

-ការថែទាំសុខភាពថ្លើម ៖

គេបានដឹងរួចមកហើយថា ការពិសាគ្រឿងស្រវឹង ជាមូលហេតុមួយដែលធ្វើឱ្យថ្លើម មានភាពខុសប្រក្រតី រីឯឱសថបុរាណនិងអាហារបំប៉នមួយចំនួន ក៏ពុំមានផលល្អចំពោះថ្លើមឡើយ។ ដូច្នេះ គួរឈប់ពិសាគ្រឿងស្រវឹង និងគួរពិគ្រោះជាមួយគ្រូពេទ្យ មុននឹងពិសាអាហារបំប៉ន ឬឱសថបុរាណណាមួយ។ គួរពិសាទឹកស្អាត ឱ្យបានគ្រប់គ្រាន់តាមតម្រូវការរាងកាយ ពិសាអាហារឱ្យគ្រប់ទាំង ៥ក្រុម ពិសេសត្រូវផ្តោតលើអាហារសុខភាព ព្រមទាំងឧស្សាហ៍ ហាត់ប្រាណ និងសម្រាកឱ្យបានគ្រប់គ្រាន់ផង ឬយកល្អអាចពិសាអាហារបំប៉នថ្លើមផងក៏បាន៕

RELATED ARTICLES