GDP៖ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាបំណុលជាតិរបស់កូរ៉េខាងត្បូងដែលធៀបនឹងផលិតផលក្នុងស្រុកសរុបបានបន្តកើនឡើងដល់៣៨,៣%ក្នុងឆ្នាំ២០១៦ដោយសារតែកំណើននៅក្នុងការចំណាយលើពន្ធអាករដែលជាចន្ទល់ទប់ទល់នឹងភាពស្ពឹកស្រពន់នៃសេដ្ឋកិច្ច ។
យោងតាមក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុ បំណុលជាតិរបស់កូរ៉េខាងត្បូងស្ថិតក្នុងកម្រិតខ្ពស់ប្រមាណជា៦២៧,១ទ្រីលានវ៉ុនឬស្មើនឹង៥៦០ប៊ីលានដុល្លារក្នុងឆ្នាំ២០១៦ កើនឡើង៣៥,៧ទ្រីលានវ៉ុនធៀបនឹងឆ្នាំមុន ។ កំណើនប្រចាំឆ្នាំដែលច្រើនបំផុតនៃបំណុលជាតិឬទឹកប្រាក់៣១,៨ទ្រីលានវ៉ុនគឺទទួលបានពីការបញ្ចេញប័ណ្ណរតនាគារជាតិ(ប័ណ្ណបំណុល) តែម្តង។
ក្រសួងបានថ្លែងថាខ្លួនបានទទួលនូវចំណារបញ្ជាក់ពីការអនុម័តយល់ស្របពីគណៈរដ្ឋមន្ត្រីលើការទូទាត់គណនីប្រចាំឆ្នាំ២០១៦របស់ខ្លួន ។ ម្យ៉ាងវានឹងមានការពិនិត្យឡើងវិញដោយក្រុមប្រឹក្សាភិបាលសវនកម្មនិងអធិការកិច្ចនិងដាក់វាស្នើទៅកាន់សភាជាតិនៅខែឧសភា ។
អនុបាតបំណុលជាតិ៣៨,៣%ដែលសមាមាត្រនឹងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង០,៥%ធៀបនឹងឆ្នាំទៅ ។ អនុបាតនេះបានកើនឡើងយ៉ាងរឹងមាំពីកម្រិត៣១%ដែលបានចុះបញ្ជីកាលពីឆ្នាំ២០១០ ។
រដ្ឋាភិបាលបានផ្តល់ប្រាក់វិភោជន៍ដែលជាថវិកាបន្ថែមប្រមាណជា១១ទ្រីលានវ៉ុនកាលពីឆ្នាំមុន នៅពេលដែលសេដ្ឋកិច្ចកើនឡើងត្រឹមតែ២,៧% ដោយសារតែភាពអវិជ្ជមានទ្វេដងនៃការនាំចេញនិងភាពខ្សោយនៃតម្រូវការក្នុងស្រុក ។
ប្រធានការិយាល័យគ្រប់គ្រងពន្ធអាករក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុលោក Lee Seung chul បានថ្លែងថាដោយសារតែផលលំបាកនៃលក្ខខណ្ឌសេដ្ឋកិច្ចកាលពីឆ្នាំទៅ យើងបានប្រើប្រាស់ថវិកាបន្ថែមដែលជាការសមាមាត្រផ្ទុយពីភាពត្រឹមត្រូវនៃពន្ធអាករ ។ ប៉ុន្តែការវាយតម្លៃទាំងអម្បាលមាណនេះគឺយើងធ្វើឡើងដើម្បីជាកិច្ចការពារមួយប៉ុណ្ណោះ ។
ថ្វីត្បិតតែបំណុលជាតិមានការកើនឡើងក្តី ក៏មន្ត្រីរដ្ឋាភិបាលរូបនេះបានលើកឡើងថាកូរ៉េខាងត្បូងគឺស្ថិតនៅក្នុងតំណែងមួយដ៏ខ្លាំងក្លាក្នុងផ្នែកភាពត្រឹមត្រូវនៃឆ្នាំសារពើពន្ធ ឬពន្ធអាករ ធៀបនឹងសមាជិកនៃអង្គការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដទៃទៀត ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា