ចិន៖ រដ្ឋាភិបាលចិនកាលពីថ្ងៃពុធនេះបានព្រមានជប៉ុនមិនឲ្យផ្សព្វផ្សាយការបកស្រាយនៃការឈ្លានពានកាលពីអតីតកាលរបស់ខ្លួនដែលនាំឲ្យមានការយល់ខុស ហើយចូរប្រយ័ត្នចំពោះការគិតរវើរវើយអំពីផ្លូវដ៏គ្រោះថ្នាក់នៃយន្តការយោធានិយម ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Hua Chunying បានថ្លែងថាភាគីជប៉ុនគួរតែប្រឈមមុខចំពោះរឿងនេះហើយគិតអំពីប្រវត្តិសាស្ត្រនិងទទួលយកមេរៀនពីប្រវត្តិសាស្ត្រ ។
ការលើកឡើងរបស់លោកស្រី Hua បែបនេះគឺបន្ទាប់ពីសមាជិកគណៈរដ្ឋមន្ត្រីថ្មីពីររូបរបស់ជប៉ុនបានថ្លែងដោយឡែកពីគ្នាកាលពីថ្ងៃអង្គារពួកគេគាំទ្រការប្រើប្រាស់បទបញ្ជារបស់ព្រះចៅអធិរាជមុនសង្រ្គាមដែលដែលអាចមានវិវាទកើតឡើងចំពោះការអប់រំដូចជាការបង្ហាត់បង្រៀនដល់អ្នកជំនាន់ក្រោយអំពីធាតុពិតឬប្រភពដើមទាំងឡាយ ថ្វីបើមានការតវ៉ាយ៉ាងខ្លាំងពីបក្សប្រឆាំងនិងសាធារណៈជន ។
ជាងនេះទៅយោងតាមសៀវភៅអប់រំថ្មី តាមសាលាជប៉ុនគួរតែផ្តល់ឲ្យសិស្សានុសិស្សនូវមេរៀនសិល្បៈនៃសង្គ្រាមឬសឹកចម្បាំង ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថាការខិតខំប្រឹងប្រែងរបស់ជប៉ុនក្នុងការចាប់ផ្តើមឈានទៅរកការដាក់បញ្ចូលសម័យសង្គ្រាមរបស់ខ្លួនក្នុងកម្មវិធីអប់រំគឺទំនងជានឹងនាំមកនូវការចោទសួរអំពីការបោះជំហានចូលដានចាស់នៃសង្គ្រាម ។
លោកស្រីបានបញ្ជាក់ថាការធ្វើសង្គ្រាមឈ្លានពានរបស់អ្នកយោធានិយមមួយនេះបាននាំឲ្យកើតមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនចិននិងប្រជាជនក្នុងបណ្តាប្រទេសអាស៊ីផ្សេងទៀត ។ លោកស្រីថែមទាំងបានជំរុញឲ្យជប៉ុនបោសសម្អាតនូវស្នាមប្រេះឆាដែលកើតមកពីការឈ្លានពានកាលពីអតីតកាលរបស់ខ្លួនហើយមិនត្រូវនាំឲ្យប្រជាជនជប៉ុនយល់ខុសជាមួយនិងការគិតខុសពីប្រវត្តិសាស្ត្រនោះឡើយ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា