សុីរី៖ ប្រភពពីយោធាស៊ីរីបានឲ្យដឹងថាសហរដ្ឋអាមេរិកបានវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់ស៊ីរីមួយកន្លែងដែលស្ថិតនៅតំបន់ភូមិភាគកណ្តាលប្រទេសនេះកាលពីវេលាទៀបភ្លឺថ្ងៃសុក្រទី៧ខែមេសានេះដែលបណ្តាលឲ្យមានការខូចខាតជាច្រើន ។
ប្រភពបានថ្លែងប្រាប់សារព័ត៌មានចិនស៊ីនហួរថាការវាយប្រហារចំគោលដៅដែលជាមូលដ្ឋានយោធា Shairat ក្នុងខេត្តភាគកណ្តាល Homs ។
ចំណែកទូរទស្សន៍រដ្ឋបានហៅការវាយប្រហារនេះថាជាការឈ្លានពានរបស់សហរដ្ឋអាមេរិក ។ ចំពោះទំហំនៃការខូចខាតគេនៅមិនទាន់បានដឹងនៅឡើយទេខណៈទីបញ្ជាការកងទ័ពស៊ីរីកំពុងទន្ទឹងរង់ចាំរបាយការណ៍ពីខេត្តសាមី ។
តាមរបាយការណ៍បង្ហាញថាការវាយប្រហារនេះគេបានកត់សម្គាល់ថាជាការឆ្លើយតបឬសងសឹករបស់សហរដ្ឋអាមេរិកដែលចោទប្រកាន់រដ្ឋាភិបាលស៊ីរីថាបានវាយប្រហារលើក្រុង Khan Sheikhoun នៃខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរីដោយអាវុធគីមីបណ្តាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិត ។
ប៉ុន្តែការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមកលើទាហានស៊ីរីដែលជាអ្នកពីក្រោយការវាយប្រហារដោយអាវុធបរមាណូនេះត្រូវបានបដិសេធទាំងស្រុងពីសំណាក់រដ្ឋាភិបាលក្រុងដាម៉ាកាស ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរាយការណ៍ថាយ៉ាងហោចណាស់មានទាហានស៊ីរី៤នាក់ត្រូវបានសម្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារដោយមីស៊ីលរបស់សហរដ្ឋអាមេរិកដែលបានដាក់ទិសដៅលើមូលដ្ឋានទ័ពអាកាសមួយកន្លែងក្នុងតំបន់ភូមិភាគកណ្តាលស៊ីរី ។
ទោះជាយ៉ាងណាអ្នកនាំពាក្យមន្ទីរបង់តេហ្គូនលោក Jeff Davis បានថ្លែងថាកងទ័ពសហរដ្ឋអាមេរិកបានបាញ់មីស៊ីលប្រភេទ Tomahawk ចំនួន៥៩គ្រាប់ចេញពីនាវាពិឃាតរបស់ខ្លួនឆ្ពោះទៅកាន់គោលដៅមូលដ្ឋានទ័ពស៊ីរី កន្លែងស្តុកប្រេងភស្តុភារ ទីតាំងផ្គត់ផ្គង់គ្រឿងផ្ទុះនិងប្រព័ន្ធការពារដែនអាកាសនិងរ៉ាដារបស់រដ្ឋាភិបាលស៊ីរី ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា