រុស្ស៊ីនិងអ៊ីរ៉ង់បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីលរបស់សហរដ្ឋអាមេរិកមកលើមូលដ្ឋានទ័ពអាកាសរបស់ស៊ីរីកាលពីរាត្រីថ្ងៃព្រហស្បត្តិ៍ខណៈបណ្តាប្រទេសនៅតំបន់អឺរ៉ុបបានគាំទ្រពេញទំហឹងរហូតមកដល់ពេលនេះ។
ក/ ប្រទេសគាំទ្រការវាយប្រហារដោយមីស៊ីល
អង់គ្លេស
រដ្ឋាភិបាលចក្រភពអង់គ្លេសបានគាំទ្រពេញទំហឹងចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកដែលយើងជឿជាក់ថាវាជាការឆ្លើយតបយ៉ាងសមគួរទៅនឹងការវាយប្រហារដោយអាវុធគីមីដ៏ឃោរឃៅពីសំណាក់របបដឹកនាំរបស់ស៊ីរី។
អាល្លឺម៉ង់និងបារាំង
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel និងលោកប្រធានាធិបតីបារាំង Francois Hollande បានថ្លែងថាប្រធានាធិបតី Bashar al-Assad របស់ស៊ីរីជាអ្នករែកពន់លើការទទួលខុសត្រូវស្នូលចំពោះការវាយប្រហារនេះ ។
តួកគី
អ្នកនាំពាក្យប្រធានាធិបតីតួកគីបានថ្លែងថាការបំផ្លាញមូលដ្ឋានអាកាស Sharyat ជាដំណាក់កាលដ៏សំខាន់មួយក្នុងការធានាបានថាការវាយប្រហារដោយអាវុធគីមីប្រឆាំងនិងប្រជាជនស៊ីវិលស្លូតត្រង់មិនអាចរួចទោសបានឡើយ ។
អ៊ីស្រាអែល
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកប្រធានាធិបតីដូណាល់ត្រាំបានបញ្ជូនសារមួយបញ្ជាក់យ៉ាងច្បាស់ថាថ្ងៃនេះការប្រើប្រាស់និងពង្រាយអាវុធគីមីនឹងមិនត្រូវបានអត់ឱនឲ្យឡើយ ។ អ៊ីស្រាអែលបានគាំទ្រពេញទីចំពោះការសម្រេចចិត្តរបស់លោកត្រាំហើយរំពឹងថាសារនេះជាដំណោះស្រាយមួយសម្រាប់ទប់ទល់នឹងសកម្មភាពដ៏ឃោរឃៅរបស់រដ្ឋាភិបាលលោក Assad ដែលវាមិនត្រឹមតែជាការដាស់អារម្មណ៍រដ្ឋាភិបាលក្រុងដាម៉ាកាសប៉ុណ្ណោះទេ ថែមទាំងជាការព្រមានដល់រដ្ឋាភិបាលក្រុងតេហេរ៉ង់និងព្យុងយ៉ាងនិងអ្នកដទៃទៀត។
អារ៉ាប់ប៊ីសាអូឌីត
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អារ៉ាប់ប៊ីសាអូឌីត SPA បានចេញផ្សាយថារដ្ឋាភិបាលបានគាំទ្រពេញទំហឹងចំពោះការវាយប្រហារដោយមីស៊ីលរបស់សហរដ្ឋអាមេរិកដោយហៅសកម្មភាពនេះថាជាការសម្រេចចិត្តដ៏ក្លាហានពីសំណាក់លោកប្រធានាធិបតីដូណាល់ត្រាំជាការឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមីរបស់រដ្ឋាភិបាលលោក Assad ប្រឆាំងនិងជនស៊ីវិល ។
អូស្រ្តាលី
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានថ្លែងថារដ្ឋាភិបាលអូស្ត្រាលីបានគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក។ លោកបានបន្ថែមថាទាំងនេះត្រូវបានកម្រិតតាមខ្នាតក៏ដូចជាការសមាមាត្រនិងការឆ្លើយតបចំគោលដៅត្រឹមត្រូវ ។ ម្យ៉ាងវាក៏ជាការផ្ញើសារដ៏ធ្ងន់ៗមួយទៅកាន់រដ្ឋាភិបាលលោក Assad ទៀត ។
អ៊ីតាលី
រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Angelino Alfano បានថ្លែងថាអ៊ីតាលីបានយល់អំពីហេតុផលនៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិក ។ តែយ៉ាងណាបក្សប្រឆាំងអ៊ីតាលីបានថ្កោលទោសចំពោះការវាយប្រហារនេះដោយលើកឡើងថាសកម្មភាពឯកតោភាគីគឺពិតជាគ្រោះថ្នាក់ណាស់ វាថែមទាំងបំផ្លាញនិងរំលោភលើគោលការណ៍នៃច្បាប់អន្តរជាតិទៀតផង។
ប៉ូឡូញ
អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញបានថ្លែងថាសហរដ្ឋអាមេរិកគឺជាអ្នកធានានូវសន្តិភាពពិភពលោកហើយមានពេលវេលាច្រើននៅពេលដែលអ្នកត្រូវការប្រតិកម្មតបត។
អារ៉ាប់រួម
ប្រមុខការទូតអារ៉ាប់រួមលោក Anwar Gargash បានថ្លែងថាការវាយប្រហារលើជនស៊ីវិលគឺជាការបន្តប្រព្រឹត្តនូវឧក្រិដ្ឋកម្មដ៏សាហាវយ៉ង់ឃ្នងដែលធ្វើឡើងដោយរដ្ឋាភិបាលលោក Assad ប្រឆាំងនិងជនស៊ីវិល ។
ជប៉ុន
លោកនាយករដ្ឋមន្ត្រី Shinzo Abe បានថ្លែងថាជប៉ុនគាំទ្រការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការបង្ការការពារការពង្រាយនិងប្រើប្រាស់អាវុធគីមី។
កាណាដា
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកាណាដាបានគាំទ្រពេញទំហឹងចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិកដើម្បីកាត់បន្ថយសមត្ថភាពវាយប្រហារដោយអាវុធគីមីរបស់រដ្ឋាភិបាលលោក Assad ។
ខ/ ប្រទេសមិនគាំទ្រការវាយប្រហារដោយមីស៊ីលរបស់អាមេរិក
ស៊ីរី
ខុទ្ទកាល័យប្រធានាធិបតីស៊ីរីបានប្រកាសប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកថាជាទង្វើគ្មានការគិត ហើយក៏ជាឥរិយាបថដែលមិនអាចទទួលយកបានឡើយ ។ យោធាស៊ីរីបានហៅការវាយប្រហារនេះជាការឈ្លានពានទាំងកម្រោលដែលនឹងធ្វើឲ្យអន្តរាយដល់ការប្រយុទ្ធប្រឆាំងភេរវកម្មរបស់ស៊ីរី ។
រុស្ស៊ី
មេដឹកនាំរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន បានហៅការវាយប្រហាររបស់សហរដ្ឋអាមេរិកថាជាសកម្មភាពឈ្លានពានប្រឆាំងនិងអធិបតេយ្យភាពរដ្ឋមួយនិងរំលោភបំពានច្បាប់អន្តរជាតិទៀតផង ។ រដ្ឋាភិបាលរុស្ស៊ីបានថ្លែងថាខ្លួនបាននិងកំពុងផ្អាកចុះកិច្ចព្រមព្រៀងជាមួយក្នុងការបង្រួមហានិភ័យនៃការប៉ះទង្គិចគ្នាតាមដែនអាកាសរវាងយន្តហោះចម្បាំងរុស្ស៊ីនិងអាមេរិកក្នុងដែនអាកាសស៊ីរីជាបណ្តោះអាសន្ន ។ រុស្ស៊ីថែមទាំងបានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ផងដែរ។
អ៊ីរ៉ង់
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Bahram Ghasemi បានថ្លែងថាសកម្មភាពជាឯកតោភាគីនេះគឺពិតជាមានគ្រោះថ្នាក់ ធ្វើឲ្យអន្តរាយនិងរំលោភគោលការណ៍នៃច្បាប់អន្តរជាតិ។
គ/ អ្នកអព្យាក្រឹត
ចិន
ចិនបានប្រើតួនាទីជាអ្នកអព្យាក្រឹតរបស់ខ្លួនលើការវាយប្រហារនេះ ដែលក្នុងនោះអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថាយើងមានក្តីរំពឹងថាគ្រប់ភាគីទាំងអស់នឹងរក្សាភាពស្ងៀមស្ងាត់ហើយហ្វឹកហាត់ទប់ចិត្តបង្ការកុំឲ្យមានភាពតានតឹងរឹតតែខ្លាំងឡើង ។
ស៊ុយអែត
រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោក Margot Wallstrom បានថ្លែងថាការវាយប្រហារនេះនាំឲ្យមានការលើកជាបញ្ហាចោទអំពីថាតើករណីនេះគួរតែឯកភាពគ្នាតាមច្បាប់អន្តរជាតិឬយ៉ាងណា។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា