Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិតើប្រទេស ណាខ្លះគាំទ្រ ​និង ​មិនគាំទ្រ ​ការបាញ់​មីសុីល​របស់​អាមេរិក​​លើ​សុីរី?

តើប្រទេស ណាខ្លះគាំទ្រ ​និង ​មិនគាំទ្រ ​ការបាញ់​មីសុីល​របស់​អាមេរិក​​លើ​សុីរី?

រុស្ស៊ីនិង​អ៊ីរ៉ង់​បាន​រិះ​​​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការវាយប្រហារ​ដោយ​មីស៊ីល​របស់​សហ​រដ្ឋអាមេរិក​មកលើ​មូលដ្ឋាន​ទ័ពអាកាស​របស់​ស៊ីរី​កាលពី​រាត្រី​ថ្ងៃព្រហស្បត្តិ៍​ខណៈ​បណ្តាប្រទេស​នៅ​តំបន់​អឺរ៉ុប​​បាន​គាំទ្រ​ពេញទំហឹង​​រហូតមកដល់ពេលនេះ​។

ក/ ប្រទេស​គាំទ្រ​ការវាយប្រហារ​ដោយមីស៊ីល​

អង់គ្លេស

រដ្ឋាភិបាលចក្រភពអង់គ្លេស​បានគាំទ្រ​ពេញទំហឹង​ចំពោះ​សកម្មភាព​របស់សហ​រដ្ឋ​អាមេរិក​ដែល​យើង​ជឿជាក់ថា​វា​ជាការ​ឆ្លើយតប​យ៉ាងសមគួរ​ទៅនឹង​ការវាយ​ប្រហារ​​ដោយអាវុធគីមី​ដ៏​ឃោរឃៅពីសំណាក់​របប​ដឹកនាំ​របស់​ស៊ីរី​។

អាល្លឺម៉ង់និងបារាំង

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​លោកស្រីអធិការ​​បតី​អាល្លឺម៉ង់​ Angela Merkel និង​លោកប្រធានាធិបតីបារាំង Francois Hollande បានថ្លែងថា​ប្រធានាធិបតី​ Bashar al-Assad របស់​ស៊ីរី​​ជាអ្នក​រែកពន់លើការ​ទទួលខុសត្រូវ​ស្នូលចំពោះ​ការ​វាយប្រហារនេះ ។

តួកគី

អ្នកនាំពាក្យ​ប្រធានាធិបតី​តួកគីបានថ្លែងថា​ការ​បំផ្លាញ​មូលដ្ឋានអាកាស​ Sharyat ជា​​ដំណាក់កាល​ដ៏​សំខាន់មួយ​ក្នុងការ​ធានាបាន​ថា​​ការវាយប្រហារ​ដោយ​អាវុ​ធ​គីមី​​ប្រឆាំងនិង​ប្រជាជន​ស៊ីវិល​ស្លូតត្រង់​មិនអាច​រួចទោសបានឡើយ ។

អ៊ីស្រាអែល

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក Benjamin Netanyahu បានឲ្យ​ដឹងនៅក្នុង​សេច​ក្តីថ្លែង​ការណ៍​មួយថា​លោកប្រធានាធិបតីដូណាល់ត្រាំ​​បានបញ្ជូន​សារមួយ​បញ្ជា​ក់យ៉ាង​ច្បាស់ថា​ថ្ងៃនេះ​​ការប្រើប្រាស់​និង​ពង្រាយអាវុធគីមី​នឹង​មិនត្រូវបាន​អត់​ឱន​​ឲ្យ​ឡើយ​ ។ អ៊ីស្រាអែល​បានគាំទ្រ​ពេញទី​ចំពោះ​ការ​សម្រេច​ចិត្តរបស់​លោក​ត្រាំ​ហើយ​រំពឹងថា​សារនេះ​ជា​ដំណោះស្រាយ​​​មួយ​សម្រាប់ទប់ទល់​នឹង​សកម្មភាព​ដ៏​ឃោរឃៅរបស់​រដ្ឋាភិបាលលោក Assad ​​ដែលវាមិនត្រឹមតែ​ជាការ​ដាស់​អារម្ម​ណ៍​​រដ្ឋាភិបាលក្រុង​ដាម៉ាកាស​ប៉ុណ្ណោះទេ ថែមទាំង​ជាការព្រមាន​​​ដល់​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់និង​ព្យុងយ៉ាង​និងអ្នក​ដទៃទៀត​។

អារ៉ាប់ប៊ីសាអូឌីត

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អារ៉ាប់ប៊ីសាអូឌីត​ SPA បានចេញផ្សាយថា​រដ្ឋាភិបាល​បានគាំទ្រ​ពេញទំហឹង​ចំពោះ​ការវាយប្រហារ​ដោយមីស៊ីលរបស់​សហរដ្ឋអាមេរិក​ដោយ​ហៅសកម្មភាពនេះថា​ជាការ​សម្រេចចិត្ត​ដ៏​ក្លាហាន​ពីសំណាក់​លោក​ប្រធា​នាធិបតីដូណាល់ត្រាំ​ជាការឆ្លើយតបនឹង​ការប្រើប្រាស់អាវុធគីមី​របស់​រដ្ឋា​ភិបា​ល​លោក Assad ប្រឆាំងនិងជនស៊ីវិល ។

អូស្រ្តាលី

នាយ​ករដ្ឋមន្ត្រី​​អូស្ត្រាលី​លោក Malcolm Turnbull បានថ្លែងថា​រដ្ឋាភិបាល​អូស្ត្រាលី​បានគាំទ្រ​​យ៉ាង​ខ្លាំង​ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក​។ លោកបា​ន​បន្ថែម​ថា​ទាំងនេះត្រូវបានកម្រិត​តាមខ្នាតក៏ដូចជាការ​សមាមាត្រ​និងការ​ឆ្លើយ​តបចំ​គោ​លដៅ​ត្រឹមត្រូវ​ ។ ម្យ៉ាងវាក៏ជាការ​ផ្ញើសារ​ដ៏​ធ្ងន់ៗ​មួយ​ទៅកាន់​រដ្ឋាភិបាលលោក Assad ទៀត ។

អ៊ីតាលី

​រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី​លោក Angelino Alfano ​​​បានថ្លែងថា​អ៊ីតាលី​បាន​យល់​អំពី​ហេតុផល​នៃ​សកម្មភាព​យោធារបស់សហរដ្ឋអាមេរិក​ ។ តែយ៉ាងណា​បក្ស​ប្រឆាំង​អ៊ីតាលី​បានថ្កោលទោស​ចំពោះការវាយប្រហារនេះ​ដោយ​លើកឡើងថា​​សកម្មភាព​ឯកតោភាគី​គឺពិតជាគ្រោះថ្នាក់ណាស់​ វាថែមទាំងបំផ្លាញ​និង​រំលោភ​លើ​គោលការណ៍​នៃ​ច្បាប់អន្តរជាតិទៀត​ផង​។

ប៉ូឡូញ

អ្នក​​នាំពាក្យ​រដ្ឋាភិបាល​ប៉ូឡូញ​បានថ្លែងថា​សហរដ្ឋអាមេរិក​គឺជា​អ្នក​ធានានូវ​សន្តិ​ភាព​ពិភពលោក​ហើយ​មានពេលវេលា​ច្រើននៅពេលដែលអ្នក​ត្រូវការ​ប្រតិកម្ម​តប​ត​។

អារ៉ាប់រួម

ប្រមុខការទូត​អារ៉ាប់រួមលោក Anwar Gargash បានថ្លែងថា​ការវាយប្រហារ​លើ​ជនស៊ីវិល​គឺជា​​ការបន្តប្រព្រឹត្តនូវឧក្រិដ្ឋកម្ម​ដ៏សាហាវ​យ៉ង់ឃ្នង​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាលលោក​ Assad ប្រឆាំងនិង​ជនស៊ីវិល ។

ជប៉ុន

លោកនាយករដ្ឋមន្ត្រី​ Shinzo Abe បានថ្លែង​ថា​ជប៉ុនគាំទ្រ​​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិបាលអាមេរិក​ក្នុងការ​បង្ការការពារ​ការពង្រាយនិង​ប្រើប្រាស់​អាវុធគីមី​។

កាណាដា​

នាយករដ្ឋមន្ត្រីកាណាដា​លោក Justin Trudeau បានឲ្យ​ដឹងនៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​កាណាដា​បានគាំទ្រ​ពេញទំហឹង​ចំពោះ​សកម្មភាពយោធា​របស់សហរដ្ឋអាមេរិក​​ដើម្បី​កាត់បន្ថយ​សមត្ថភាព​វាយប្រហារ​ដោយអាវុធគី​មី​របស់រដ្ឋាភិបាលលោក Assad ។

ខ/ ប្រទេស​មិនគាំទ្រ​ការវាយប្រហារដោយមីស៊ីលរបស់អាមេរិក

ស៊ីរី

ខុទ្ទកាល័យ​ប្រធានាធិបតី​ស៊ីរីបានប្រកាស​ប្រឆាំង​​នឹងការ​វាយប្រហារ​របស់សហ​រដ្ឋអាមេរិក​ថា​ជាទង្វើគ្មានការគិត ហើយក៏ជាឥរិយាបថ​ដែលមិនអាចទទួល​យកបាន​ឡើយ ។ យោធាស៊ីរី​បានហៅការវាយប្រហារ​នេះជា​ការឈ្លានពាន​ទាំង​កម្រោល​​ដែលនឹងធ្វើឲ្យ​អន្តរាយដល់​ការប្រយុទ្ធ​ប្រឆាំងភេរវកម្ម​របស់​ស៊ីរី ។

រុស្ស៊ី

មេដឹកនាំរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន​ បានហៅការវាយប្រហារ​របស់សហរដ្ឋអាមេ​រិក​ថា​ជាសកម្មភាព​ឈ្លានពាន​ប្រឆាំងនិង​អធិបតេយ្យភាព​រដ្ឋមួយនិង​រំលោភ​បំពាន​ច្បាប់អន្តរជាតិ​ទៀតផង ។ រដ្ឋាភិបាលរុស្ស៊ីបាន​ថ្លែងថា​ខ្លួន​បាននិងកំពុង​ផ្អាក​ចុះកិច្ចព្រមព្រៀង​ជាមួយ​ក្នុងការ​បង្រួម​​ហានិភ័យ​នៃការ​ប៉ះទង្គិចគ្នា​តាម​ដែនអាកាស​រវាង​យន្តហោះចម្បាំង​រុស្ស៊ីនិង​អាមេរិក​ក្នុង​ដែនអាកាស​ស៊ីរី​ជាបណ្តោះ​អាសន្ន ។ រុស្ស៊ី​ថែមទាំងបាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​កោះ​ប្រជុំ​ជាបន្ទាន់ផងដែរ​។

អ៊ីរ៉ង់

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Bahram Ghasemi បានថ្លែងថា​សកម្មភាពជាឯកតោ​ភាគី​នេះគឺពិតជាមានគ្រោះថ្នាក់​ ធ្វើឲ្យអន្តរាយ​និងរំលោភ​គោលការណ៍នៃច្បាប់អន្តរជាតិ​។

គ/ អ្នកអព្យាក្រឹត​

ចិន

ចិនបានប្រើតួនាទីជាអ្នក​អព្យាក្រឹតរបស់ខ្លួន​លើការវាយប្រហារ​នេះ​ ដែលក្នុ​ង​នោះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​​បានថ្លែងថា​យើង​មានក្តីរំពឹងថា​គ្រប់ភាគី​ទាំងអស់​នឹង​រក្សាភាព​ស្ងៀមស្ងាត់​ហើយ​​​ហ្វឹកហាត់​ទប់ចិត្ត​បង្ការ​កុំឲ្យ​មានភាព​តានតឹងរឹតតែខ្លាំងឡើង ។

ស៊ុយអែត

រដ្ឋមន្ត្រី​​ការបរទេស​​​​ស៊ុយអែត​លោក Margot Wallstrom បានថ្លែងថា​ការវាយ​ប្រហារ​នេះ​នាំឲ្យមានការ​លើកជាបញ្ហាចោទ​អំពីថា​តើ​ករណីនេះគួរតែ​​ឯកភាព​គ្នា​តាម​ច្បាប់អន្តរជាតិឬយ៉ាងណា​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES