សុីរី៖ រដ្ឋមន្ត្រីការបរទេសរបស់បណ្តាប្រទេសឧស្សាហូបនីយកម្មទាំង៧កំពុងកៀងគងគ្នានៅក្នុងច័ន្ទនេះដើម្បីបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីការវាយប្រហារដោយអាវុធគីមីក្នុងប្រទេសស៊ីរីនិងការឆ្លើយតបដោយយោធារបស់សហរដ្ឋអាមេរិកជាមួយនិងវត្ថុបំណងនៃការដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ចប់ការគាំទ្ររបស់ខ្លួនដល់លោកប្រធានាធិបតី Bashar Assad ។
ប្រមុខការទូតអ៊ីតាលីលោក Angelino Alfano ជាអ្នកដែលបើកកិច្ចប្រជុំនេះបានថ្លែងថាការគាំទ្រយ៉ាងពេញទំហឹងចំពោះការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកគឺបានពាំនាំមកនូវភាពសុខដុមជាថ្មីរវាងសហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី G-7 លើកទី១ចាប់តាំងពីលោកដូណាល់ត្រាំចូលកាន់តំណែងកាលពីខែមករាកន្លងមកនេះ ។
គួរកត់សម្គាល់ថាកិច្ចប្រជុំដែលប្រព្រឹត្តទៅក្នុងទីក្រុង Tuscan នេះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida ជាមួយនិងបណ្តារដ្ឋមន្ត្រីការបរទេសរបស់ G-7 ដទៃទៀត ខណៈដែលជំនួបនោះធ្វើឡើងនៅពេលសហរដ្ឋអាមេរិកកំពុងបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េដែលជាការបង្ហាញសាច់ដុំដល់កម្មធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីបរបស់កូរ៉េខាងជើង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា