Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិទ័ពអុី​រ៉ាក់​​កាន់​តែរុល​ទៅកាន់​​ភាគខាង​លិច​ក្រុង​​មូស៊ុល

ទ័ពអុី​រ៉ាក់​​កាន់​តែរុល​ទៅកាន់​​ភាគខាង​លិច​ក្រុង​​មូស៊ុល

អុីរ៉ាក់៖ យោធាអ៊ីរ៉ាក់​បាន​ឲ្យ​ដឹងថា​កងកម្លាំងរដ្ឋាភិបាល​​កាលពីថ្ងៃច័ន្ទ​បាន​វាយ​ពង្រីកទឹកដី​បន្ថែម​ដោយ​​រុលទៅមុខឆ្ពោះទៅកាន់​ភាគខាងលិច​ក្រុងមូស៊ុល​ក្នុងពេល​ប្រយុទ្ធគ្នា​ទ្រង់​ទ្រាយធំ​ប្រឆាំងនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ ។

តាមសេចក្តី​ថ្លែងការណ៍​ឲ្យ​ដឹងថា​កងកម្លាំង​ពិសេស​ដែលគេស្គាល់​ថា​ជា​ក្រុម​ប្រឆាំង​ភេរវកម្ម​ (CTS) បាន​វាយរំដោះ​​សង្កាត់​តូចមួយ​ឈ្មោះ Sikak  និង​​​ផ្នែកដែល​នៅ​សេសសល់​នៃ​សង្កាត់​ Yarmouk ដែលស្ថិតក្នុង​ភាគខាងលិច​មជ្ឈមណ្ឌល​នៃទី​ក្រុង​ចាស់​របស់​មូស៊ុល បន្ទាប់ពីមានការ​ប៉ះទង្គិចគ្នា​ទ្រង់ទ្រាយ​ធំ​ជាមួយនិង​ក្រុមអាយស៊ីស ។

កងទ័ព​កំពុង​រុល​ឆ្ពោះទៅមុខ​ទៅកាន់​ភាគខាងលិច​នៃ​មជ្ឈមណ្ឌលទីក្រុង​ចាស់​​ដែលមាន​មនុស្ស​យ៉ាងច្រើនកុះករ​ក្នុង​​​ដែនដី​​ក្រុងមូស៊ុល​ ដែលជាទីតាំង​មាន​ប្រជាជន​៤០ម៉ឺន​ត្រូវបានគេជឿជាក់​ថា​នៅតែ​ស្ថិតក្នុង​កណ្តប់​ដៃ​របស់​ក្រុម​អាយ​ស៊ីស​នៅឡើយ ។

ប្រភពកងកម្លាំងសន្តិសុខ​ម្នាក់​ដែលថ្លែងប្រាប់​សារព័ត៌មាន​ចិន​ស៊ីនហួរ​ដោយ​សុំ​មិនបញ្ចេញ​ឈ្មោះ​ថា​ប៉ូលិស​សហព័ន្ធ​និង​កងកម្លាំង​ពិសេស​របស់ក្រសួងមហា​ផ្ទៃ​ដែលគេស្គាល់ល​ថា​ជាក្រុម Rapid Response បានបន្ត​ការប្រយុទ្ធ​របស់ពួកគេ​នៅ​តំបន់​ជួរមុខ​ភាគខាងលិច​និង​ភាគខាងត្បូង​នៃ​មជ្ឈមណ្ឌល​ក្រុង​ចាស់​។

គួរបញ្ជាក់​ក្រុងមូស៊ុល​ជា​តំបន់​មួយ​ដែលស្ថិត​នៅ​ចម្ងាយ៤០០គីឡូម៉ែត្រ​នៃភាគខាង​ជើង​រដ្ឋធានីបាដាដ​របស់អ៊ីរ៉ាក់​ បានស្ថិតក្រោមការ​គ្រប់គ្រង​របស់​​ក្រុម​អាយស៊ីស​ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៤ព នៅពេល​ដែលកងកម្លាំងរបស់​រដ្ឋាភិបាល​បានបោះបង់ចោលនូវ​សព្វាវុធ​របស់ពួកគេ​ហើយ​ភៀសខ្លួន​ចេញ​ដែល​នាំឲ្យក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឆ្លៀតឱកាសដណ្តើមយក​មកកាន់កាប់​​​តំបន់​ភាគ​ខាងជើង​និង​ខាងលិចនៃប្រទេស​អ៊ីរ៉ាក់​មួយនេះ​តែម្តង ។

​ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES