អុីរ៉ាក់៖ យោធាអ៊ីរ៉ាក់បានឲ្យដឹងថាកងកម្លាំងរដ្ឋាភិបាលកាលពីថ្ងៃច័ន្ទបានវាយពង្រីកទឹកដីបន្ថែមដោយរុលទៅមុខឆ្ពោះទៅកាន់ភាគខាងលិចក្រុងមូស៊ុលក្នុងពេលប្រយុទ្ធគ្នាទ្រង់ទ្រាយធំប្រឆាំងនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ។
តាមសេចក្តីថ្លែងការណ៍ឲ្យដឹងថាកងកម្លាំងពិសេសដែលគេស្គាល់ថាជាក្រុមប្រឆាំងភេរវកម្ម (CTS) បានវាយរំដោះសង្កាត់តូចមួយឈ្មោះ Sikak និងផ្នែកដែលនៅសេសសល់នៃសង្កាត់ Yarmouk ដែលស្ថិតក្នុងភាគខាងលិចមជ្ឈមណ្ឌលនៃទីក្រុងចាស់របស់មូស៊ុល បន្ទាប់ពីមានការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំជាមួយនិងក្រុមអាយស៊ីស ។
កងទ័ពកំពុងរុលឆ្ពោះទៅមុខទៅកាន់ភាគខាងលិចនៃមជ្ឈមណ្ឌលទីក្រុងចាស់ដែលមានមនុស្សយ៉ាងច្រើនកុះករក្នុងដែនដីក្រុងមូស៊ុល ដែលជាទីតាំងមានប្រជាជន៤០ម៉ឺនត្រូវបានគេជឿជាក់ថានៅតែស្ថិតក្នុងកណ្តប់ដៃរបស់ក្រុមអាយស៊ីសនៅឡើយ ។
ប្រភពកងកម្លាំងសន្តិសុខម្នាក់ដែលថ្លែងប្រាប់សារព័ត៌មានចិនស៊ីនហួរដោយសុំមិនបញ្ចេញឈ្មោះថាប៉ូលិសសហព័ន្ធនិងកងកម្លាំងពិសេសរបស់ក្រសួងមហាផ្ទៃដែលគេស្គាល់លថាជាក្រុម Rapid Response បានបន្តការប្រយុទ្ធរបស់ពួកគេនៅតំបន់ជួរមុខភាគខាងលិចនិងភាគខាងត្បូងនៃមជ្ឈមណ្ឌលក្រុងចាស់។
គួរបញ្ជាក់ក្រុងមូស៊ុលជាតំបន់មួយដែលស្ថិតនៅចម្ងាយ៤០០គីឡូម៉ែត្រនៃភាគខាងជើងរដ្ឋធានីបាដាដរបស់អ៊ីរ៉ាក់ បានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមអាយស៊ីសចាប់តាំងពីខែមិថុនាឆ្នាំ២០១៤ព នៅពេលដែលកងកម្លាំងរបស់រដ្ឋាភិបាលបានបោះបង់ចោលនូវសព្វាវុធរបស់ពួកគេហើយភៀសខ្លួនចេញដែលនាំឲ្យក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឆ្លៀតឱកាសដណ្តើមយកមកកាន់កាប់តំបន់ភាគខាងជើងនិងខាងលិចនៃប្រទេសអ៊ីរ៉ាក់មួយនេះតែម្តង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា