អុីរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន Fars News បានស្រង់សម្តីអនុរដ្ឋមន្ត្រីអភិវឌ្ឍន៍ក្រុងអ៊ីរ៉ង់ថារដ្ឋាភិបាលអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនិងក្រុមហ៊ុនកូនកាត់បារាំង-អ៊ីតាលី ATR ក្នុងការទិញយន្តហោះដឹកអ្នកដំណើរចំនួន២០គ្រឿង ។
លោក Asqar Fakhriyeh Kashan បានថ្លែងដោយពុំបានលម្អិតបន្ថែមថាក្រុមហ៊ុនដឹកជញ្ជូនតាមជើងអាកាសជាតិរបស់អ៊ីរ៉ង់ Iran Air ពិតជាបានចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយនិងក្រុមហ៊ុន ATR ដើម្បីទិញយន្តហោះ ATR 72-600 ចំនួន២០គ្រឿង ។
កាលពីខែកុម្ភះលោក Fakhriyeh Kashan បានប្រកាសពិភាក្សាជាមួយនិងមន្ត្រីរបស់ ATR ដោយលើកឡើងថាបន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននេះ ដែលមានទំហំទឹកប្រាក់៤០០លានដុល្លារ យន្តហោះដឹកអ្នកដំណើរនឹងត្រូវបានបញ្ជូនមកកាន់អ៊ីរ៉ង់តាមកាលបរិច្ឆេទមួយដែលបានកំណត់ ។
ចំណែកអំឡុងខែធ្នូឆ្នាំ២០១៦ អ៊ីរ៉ង់បានចុះកិច្ចសន្យាមួយជាមួយនិងក្រុមហ៊ុន Airbus ទិញយន្តហោះចំនួន១០០គ្រឿងដែលមានទំហំទឹកប្រាក់ជាង១៨ប៊ីលានដុល្លារ ។ ទន្ទឹមនិងនេះក្នុងអំឡុងខែធ្នូនោះដែរ ក្រុមហ៊ុន Iran Air បានសម្រេចកិច្ចព្រមព្រៀងមួយផ្សេងទៀតជាមួយនិងក្រុមហ៊ុន Boeing ដោយបញ្ជាទិញយន្តហោះពាណិជ្ជកម្មចំនួន៨០គ្រឿង ។
ជុំវិញកិច្ចព្រមព្រៀងនេះគឺមានការបញ្ជាទិញយន្តហោះ Boeing 737 ចំនួន៥០គ្រឿងនិងយន្តហោះ Boeing 777 ចំនួន៣០គ្រឿងដែលមានទំហំទឹកប្រាក់សរុបចំនួន១៦,៦ប៊ីលានដុល្លារ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា