Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិអុីរ៉ង់​ចុះកិច្ចព្រមព្រៀង​ទិញ​យន្តហោះ​២០គ្រឿង

អុីរ៉ង់​ចុះកិច្ចព្រមព្រៀង​ទិញ​យន្តហោះ​២០គ្រឿង

អុីរ៉ង់​៖ ទីភ្នាក់ងារ​ព័ត៌មាន​ Fars News បានស្រង់សម្តី​អនុរដ្ឋមន្ត្រី​អភិវឌ្ឍន៍​ក្រុង​​អ៊ីរ៉ង់​ថា​រដ្ឋាភិបាលអ៊ីរ៉ង់​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​មួយ​ជាមួយនិងក្រុម​ហ៊ុន​កូនកាត់បារាំង-អ៊ីតាលី ATR  ​​ក្នុងការ​ទិញ​យន្តហោះ​ដឹកអ្នកដំណើរ​ចំនួន​២០គ្រឿង​​ ។

លោក Asqar Fakhriyeh Kashan បានថ្លែង​ដោយពុំ​បាន​លម្អិតបន្ថែមថា​​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​ជើងអាកាស​ជាតិ​របស់អ៊ីរ៉ង់​ Iran Air ពិតជាបាន​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​ជាមួយនិង​ក្រុមហ៊ុន ATR ដើម្បី​ទិញ​យន្តហោះ ATR 72-600 ចំនួន​២០គ្រឿង​ ។

កាលពីខែ​កុម្ភះ​លោក Fakhriyeh Kashan បានប្រកាស​ពិភាក្សា​ជាមួយ​និងមន្ត្រី​របស់ ATR ដោយ​លើកឡើងថា​បន្ទាប់ពី​សម្រេចកិច្ចព្រមព្រៀង​ជាមួយ​​ក្រុម​ហ៊ុ​ន​នេះ ដែលមាន​ទំហំទឹកប្រាក់​៤០០លានដុល្លារ​ យន្តហោះដឹកអ្នក​ដំណើរ​នឹង​ត្រូវ​បាន​បញ្ជូន​មកកាន់​អ៊ីរ៉ង់​តាមកាលបរិច្ឆេទ​មួយ​ដែលបានកំណត់ ។

ចំណែក​អំឡុងខែធ្នូ​ឆ្នាំ​២០១៦ អ៊ីរ៉ង់​បាន​ចុះកិច្ច​សន្យា​មួយ​ជាមួយនិង​ក្រុមហ៊ុន Airbus ទិញយន្តហោះចំនួន​១០០គ្រឿង​ដែលមានទំហំទឹកប្រាក់​ជាង​១៨ប៊ីលាន​ដុល្លារ​​ ។ ទន្ទឹមនិងនេះ​ក្នុងអំឡុងខែធ្នូនោះដែរ ក្រុមហ៊ុន Iran Air បាន​សម្រេចកិច្ច​ព្រមព្រៀង​មួយផ្សេងទៀត​ជាមួយនិងក្រុមហ៊ុន​ Boeing ដោយបញ្ជាទិញ​យន្តហោះ​ពាណិជ្ជកម្ម​ចំនួន​៨០គ្រឿង ។

ជុំវិញកិច្ចព្រមព្រៀងនេះ​គឺមានការបញ្ជាទិញ​យន្តហោះ​ Boeing 737 ចំនួន​៥០​គ្រឿ​ង​និង​យន្តហោះ​ Boeing 777 ចំនួន​៣០គ្រឿង​ដែលមាន​ទំហំទឹកប្រាក់​សរុ​ប​ចំនួន​១៦,៦ប៊ីលានដុល្លារ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES