ការនាំចេញ៖ នាយកដ្ឋានពន្ធគយទូទៅបានឲ្យដឹងថាប្រាក់ចំណូលដែលទទួលបានពីការនាំចេញផលិតផលកុំព្យូរទ័រ គ្រឿងអេឡិចត្រូនិកនិងគ្រឿងបន្លាស់របស់វៀតណាមក្នុងខែមីនាសម្រេចបានចំនួន២,១៩ប៊ីលានដុល្លារដែលជាកម្រិតខ្ពស់ជាងគេបំផុតពុំធ្លាប់មាន។ តួលេខនេះកើនឡើង២៧,៥%ធៀបនឹងខែមុន ។
ចំណែកក្នុងអំឡុងត្រីមាសដំបូងនៃឆ្នាំ២០១៧នេះ ចំណូលពីការនាំចេញចំពោះពពួកផលិតផលនេះសរុបមានចំនួន៥,៥២ប៊ីលានដុល្លារកើនឡើង៤៧,៨%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ។
ចិននៅតែជាអ្នកនាំចូលទំនិញប្រភេទនេះធំជាងគេបំផុតរបស់វៀតណាមដដែលក្នុងនោះចំណូលត្រីមាសទី១ឈានដល់១,៣៧ប៊ីលានដុល្លារកើនឡើង១២៣,៥%ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកអ្នកបន្ទាប់គឺសហគមអឺរ៉ុប១,០៤ប៊ីលានដុល្លារកើន១២,៣%ធៀបនឹងឆ្នាំចាស់ ។
ផលិតផលកុំព្យូរទ័រ គ្រឿងអេឡិចត្រូនិកនិងគ្រឿងបន្លាស់របស់វៀតណាមត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសនិងតំបន់ជាង៣០ ប៉ុន្តែការនាំចេញទៅទីផ្សារចិននិងសហគមអឺរ៉ុបស្មើនឹង៤៤%នៃការនាំចេញសរុបទាំងអស់ ។
នៅគ្រានោះដែរចំណូលពីការនាំចូលកុំព្យូរទ័រ គ្រឿងអេឡិចត្រូនិកនិងគ្រឿងបន្លាស់មានចំនួន២,៩៩ប៊ីលានដុល្លារក្នុងខែមីនាកើនឡើង២០,១%ធៀបនឹងខែកុម្ភះ ។ ចំណូលនៃការនាំចូលពពួកទំនិញប្រភេទនេះក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០១៧មានចំនួន៧,៦ប៊ីលានដុល្លារកើនឡើង១៦,៦%ពីមួយឆ្នាំទៅមួយឆ្នាំ។
ទោះជាយ៉ាងណាក្នុងត្រីមាសទី១នេះផលិតផលកុំព្យូរទ័រ គ្រឿងអេឡិចត្រូនិកនិងគ្រឿងបន្លាស់ដែលត្រូវបាននាំចូលវៀតណាមគឺជាផលិតផលមកពីកូរ៉េខាងត្បូងដែលមានទំហំទឹកប្រាក់២,៦៩ប៊ីលានដុល្លារកើនឡើង២៧,៩%ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈផលិតនាំចូលពីចិនមានទំហំទឹកប្រាក់១,៥៨ប៊ីលានដុល្លារកើន២៨,៥% កោះតៃវ៉ាន់៧៧៣ប៊ីលានដុល្លារកើន៧,៩% .
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា