ឧបទ្វីបកូរ៉េ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានថ្លែងនៅថ្ងៃពុធនេះថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងធ្វើការជាមួយនិងសម្ព័ន្ធមិត្តរបស់ខ្លួននិងចិនដើម្បីដាក់សម្ពាធផ្នែកសេដ្ឋកិច្ចនិងការទូតលើកូរ៉េខាងជើង ប៉ុន្តែលោកបន្ថែមថាអាមេរិកនឹងបង្ក្រាបការវាយប្រហារណាមួយដោយការឆ្លើយតបយ៉ាងអង់អាចក្លាហាន ។
លោក Pence បានធ្វើដំណើរទៅដល់ទីក្រុងតូក្យូកាលពីថ្ងៃអង្គារក្រោយចេញពីកូរ៉េខាងត្បូងនិងបានធានាអះអាងជាថ្មីម្តងទៀតចំពោះជប៉ុនអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់នឹងមហិច្ឆិតាមីស៊ីលនិងនុយក្លេអែររបស់កូរ៉េខាងជើងក្នុងកិច្ចប្រជុំមួយជាមួយនិងមេដឹកនាំជប៉ុនដែលក្នុងនោះរាប់បញ្ចូលលោកនាយករដ្ឋមន្ត្រី ស៊ីន ហ្សូអាបេ ។
ថ្លែងនៅលើនាវាដឹកយន្តហោះចម្បាំង USS Ronald Reagan ដែលថ្មីៗនេះទទួលបានការជួសជុលនៅកំពង់ផែរបស់ខ្លួននៅ Yokosuka លោក Pence បានលើកឡើងគោលបំណងរបស់សហរដ្ឋអាមេរិកនៅតែឥតងាករេក្នុងការប្រឈមមុខនឹងការគំរាមកំហែងដែលធ្វើឡើងដោយកូរ៉េខាងជើងតាមរយៈការធ្វើតេស្តបាញ់មីស៊ីលនិងនុយក្លេអែរដែលរឹងទទឹងជាមួយនិងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ។
លោកបានថ្លែងខ្លាំងៗថាអ្នកទាំងឡាយណាដែលប្រកួតប្រជែងនឹងដំណោះស្រាយរបស់យើង យើងនឹងបង្ក្រាបនិងវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអែរឆ្លងទ្វីបជាការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ។ លោកបញ្ជាក់ជាថ្មីម្តងទៀតថាគ្រប់ជម្រើសទាំងអស់គឺត្រូវដាក់នៅលើតុចរចារកដំណោះស្រាយជាមួយក្រុងព្យុងយ៉ាង ។
គួរកត់សម្គាល់ថាអនុប្រធានាធិបតីរូបនេះបានឲ្យដឹងថាសហរដ្ឋអាមេរិកនឹងពង្រឹងវត្តមានរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយជប៉ុននឹងប៉ាន់ស្មានទុកជាមុនអំពីតួនាទីកាន់តែធំនិងការឆ្លើយតបនឹងសម្ព័ន្ធមិត្តរបស់យើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខ ។ លោកបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងការពារសេរីភាពនៃការធ្វើនាវាចរណ៍និងហោះហើរនៅសមុទ្រចិនខាងត្បូង ដែលជាទីតាំងរដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើឲ្យស្មុគស្មាញអំពីបញ្ហាទឹកដីជាមួយនិងបណ្តាប្រជាជាតិនានាមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា