យេម៉ែន៖ មន្ត្រីសន្តិសុខម្នាក់បានឲ្យដឹងនៅថ្ងៃពុធនេះថាយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក២គ្រឿងបានបើកការវាយប្រហារពីដែនអាកាសសម្លាប់ជនសង្ស័យជាពួកអាល់កៃដាចំនួន៧នាក់ក្នុងខេត្ត Marib ភាគឦសានប្រទេសយេម៉ែន ។
មន្ត្រីរូបនោះបានថ្លែងប្រាប់សារព័ត៌មានចិនស៊ីនហួរដោយសុំមិនបញ្ចេញឈ្មោះថាមេដឹកនាំអាល់កៃដាពីរនាក់គឺលោក Saleh al-Awlaki និង Saeed Ba-Kadir ត្រូវបានគេដាក់ទិសដៅនិងសម្លាប់ស្របជាមួយនិងមនុស្ស៥នាក់ផ្សេងទៀតក្នុងប្រតិបត្តិការវាយប្រហារពីដែនអាកាសដោយយន្តហោះដ្រូនពីរដាច់ដោយឡែកពីគ្នាកាលពីរាត្រីថ្ងៃអង្គារ ។
ការវាយប្រហារនេះគឺសំដៅលើរថយន្តពីរគ្រឿងក្នុងទីតាំងផ្សេងៗគ្នា ។ រថយន្តទី១ត្រូវបានវាយប្រហារនៅលើផ្លូវមួយដែលស្ថិតក្នុងតំបន់ Atran ភាគខាងកើតចំណុចកណ្តាលក្រុង Marib ខណៈមួយគ្រឿងទៀតរងការវាយប្រហារនៅក្នុងពេលតែមួយនៅចំណុចផ្លូវប្រសព្វដែលតភ្ជាប់តំបន់ Al-Shabwan និងតំបន់ Hoson Al- Jalal ដែលស្ថិតនៅភាគខាងកើតក្រុង Marib ដូចគ្នា។ Marib គឺជាមជ្ឈមណ្ឌលដ៏សកម្មមួយរបស់ក្រុមអាល់កៃដាជាយូរមកហើយ ។
ចំណែកការវាយប្រហារនេះគឺជាការវាយប្រហារពីដែនអាកាសថ្មីមួយដែលធ្វើឡើងដោយយន្តដ្រូនសហរដ្ឋអាមេរិកប្រឆាំងនិងក្រុមជនសង្ស័យដែលជាពួកអាល់កៃដាក្នុងប្រទេសយេម៉ែន ។
យោងតាមមន្ត្រីសន្តិសុខខាងលើបានបង្ហើបថាកាលពីថ្ងៃទី៥ខែមេសាយន្តហោះដ្រូនអាមេរិកបានសម្លាប់យុទ្ធជនពីរនាក់របស់ក្រុមអាល់កៃដាសាខាមូលដ្ឋាននៅយេម៉ែនរាប់បញ្ចូលលោក Khattab Wuhayshi និងក្មួយប្រុសឈ្មោះ Nasir al- Wuhayshi ដែលជាស្ថាបនិកក្រុមអាល់កៃដាក្នុងឧបទ្វីបអារ៉ាប់។
គួរបញ្ជាក់ថាយេម៉ែនជាប្រជាជាតិអារ៉ាប់ក្រីក្រមួយដែលត្រូវបានកាន់កាប់ដោយក្រុមជ្រុលនិយមអាល់កៃដាសកម្មភាពបំផុតមួយក្នុងតំបន់មជ្ឈិមបូព៌ា ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា