បារាំង៖ ការចាប់ខ្លួនជនសង្ស័យពីរនាក់កាលពីថ្ងៃអង្គារដែលរៀបគម្រោងវាយប្រហារភេរវកម្មក្នុងពេលដ៏ខ្លីខាងមុខនេះកំពុងតែធ្វើឲ្យវឹកវរជាមួយនិងការព្រួយបារម្ភថ្មីមួយលើផ្នែកសន្តិសុខក្នុងពេលបោះឆ្នោតប្រធានាធិបតីបារាំង ។
ទីភ្នាក់ងារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ការប៉នប៉ងវាយប្រហារភេរវកម្មនេះត្រូវបានគេជឿជាក់ថាបាននិងកំពុងដាក់ទិសដៅលើបេក្ខជនបោះឆ្នោតជាពិសេសបេក្ខជនមកពីបក្សស្តាំនិយមលោក Francois Fillon ។
តាមរយៈការចាប់ខ្លួននេះ សន្តិសុខរបស់បេក្ខជនសំខាន់ៗត្រូវបានពង្រឹង ខណៈការជួបជុំនិងប្រមូលផ្តុំគ្នាពាក់ព័ន្ធនយោបាយផ្សេងៗត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលយកចិត្តទុកដាក់ដោយប៉ូលិស ។
បេក្ខជនមួយចំនួនដូចជាលោក Fillon បានអះអាងថាពួកលោកត្រូវបានជូនដំណឹងអំពីការគំរាមនេះរួចហើយពីសំណាក់ក្រសួងមហាផ្ទៃបារាំងនិងបានទទួលរូបថតជនសង្ស័យទាំងពីរខាងផងដែរ ។
លោកបានថ្លែងថាខ្ញុំសូមកោតសរសើរប៉ូលិសនិងកងអង្គភាពស៊ើបការសម្ងាត់ដែលប្រតិបត្តិការចាប់ខ្លួនភេរវករទាំងពីរនេះ ។ ប៉ុន្តែតាមដែលខ្ញុំបានបារម្ភ គឺទាំងនេះមិនអាចផ្លាស់ប្តូរការរៀបចំយុទ្ធនាការរបស់ខ្ញុំឡើយ ។ ម្យ៉ាងទៀតខ្ញុំមិនប្តូរផែនការណ៍ដែលផ្តោតលើយុទ្ធនាការឃោសនាទៅជាការពិភាក្សាអំពីបញ្ហាសន្តិសុខឡើយ ។
ទោះជាយ៉ាងណារដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Matthias Fekl បានប្រកាសដាក់ពង្រាយប៉ូលិស កងអាវុធហត្ថ យោធាចំនួន៥ម៉ឺននាក់ដើម្បីរក្សាសន្តិសុខក្នុងការបោះឆ្នោតជុំនីមួយៗក្នុងប្រទេសបារាំង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា