នគរបាលឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពេលធ្វើសកម្មលួចយកទូរស័ព្ទដៃស្រ្តីជនបរទេសតែមិនបានសំរេចត្រូវប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើងបែកមាត់បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០១៧នៅចំណុចសួនច្បារ រូបសំណាកព្រះបរមកោដ្ឋ តាមផ្លូវព្រះសីហនុកែងផ្លូវ២៩ ស្ថិតនៅភូមិ៤ សង្កាត់ទន្លេ
បាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ភិន ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកកំពង់បាយ ខេត្តកំពត ។
នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានប្រាប់ថា កម្លាំងល្បាតក្នុងមូលដ្ឋានមកដល់ចំណុចដែលមាន ប្រជាពលរដ្ឋច្រើនកុះកររួមទាំងមានទាំងភ្ញៀវទេសចរណ៍ច្រើនផង ស្រាប់តែលឺ
សំលេងប្រជាពលរដ្ឋស្រែកថាជួយចាប់ចោរ ពេលទៅដល់ក៏ឃើញប្រជាពលរដ្ឋដាក់មួយដៃ មួយជើងរួចក៏ឃាត់សួរនាំទើបដឹងថាចោរលួចទូរស័ព្ទស្រ្តីជនបរទេសក៏ដឹកយកទៅប៉ុស្តិ៍មិនហ៊ានទុកកន្លែងកើតហេតុខ្លាចប្រជាពលរដ្ឋទ្រាំមិនបានវ៉ៃរបួសធ្ងន់ ។
សមត្ថកិច្ចបន្តទៀតថា ពេលដឹកជនសង្ស័យមកដល់ប៉ុស្តិ៍ក៏ទៅរកស្រ្តីជនបរទេសជាជនរងគ្រោះនៅកន្លែងកើតហេតុ តែរកមិនឃើញបានសួរនាំប្រជាពលរដ្ឋផ្សេងទៀតប្រាប់ថាមុនកើតហេតុស្រ្តីជនជាតិបរទេសមិនស្គាល់ថាសញ្ជាតិអ្វីទេ មានអាយុជាង៣០ឆ្នាំ បានទុកទូរស័ព្ទមិនស្គាល់ម៉ាកនៅលើសួរច្បាររូបសំណាកព្រះបរមកោដ្ឋរួចក៏ដើរចេញចំងាយពីទូរស័ព្ទប្រមាណ១០ម៉ែត្រដើម្បីជក់បារី ស្រាប់តែជនសង្ស័យដើរមកលួចយកទូរស័ព្ទ
ចៃដន្យស្រ្តីជនបរទេសនោះឃើញក៏ស្រែកផ្អើលឆាឡា ពេលនោះជនសង្ស័យរត់បាន
ចំងាយ១០០ម៉ែតក៏នាំគ្នាចាប់រួចស្រ្តីរងគ្រោះក៏ដកយកទូរស័ព្ទពីជនសង្ស័យវិញ ហើយដើរចេញទៅបាត់ ទើបប្រជាពលរដ្ឋវាយមួយដៃមួយជើង ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកទូរស័ព្ទរបស់ស្រ្តីជនបរទេសពិតប្រាកដ មែន តែពេលជនបរទេសតាមទាន់ក៏ប្រគល់អោយទៅគាត់វិញហើយប្រជាពលរដ្ឋនៅតែវ៉ៃគាត់ទៀត ។
ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនចាត់ការ តាមច្បាប់ ៕ គួន ចំរើន