ភ្នំពេញ:ឪពុកម្ដាយនិងកូនតូច២នាក់ បានជិះម៉ូតូចេញពីផ្ទះ គោលបំណងទៅផ្សារនាគមាសដើមលក់បន្លែ ស្រាប់តែជិះដល់ពាក់កណ្ដាលផ្លូវ ក៍ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ដែលមានលុយជិត១ម៉ឺនដុល្លារ យកទៅបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ចំនុចផ្លូវម៉ៅសេទុងកែងនិងផ្លូវ២០៥ សង្កាត់ទំនុបទឹក ខណ្ឌចំការមន។
ជនរងគ្រោះ មានឈ្មោះ អ៊ាវ ប៊ន ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំនើតនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មានប្រពន្ធឈ្មោះ ក្រត វួចឆេង ទាំង២នាក់មាន មុខរបរ លក់បន្លែនៅផ្សារនាគមាស ស្នាក់នៅផ្ទះអត់លេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
កាបូបស្ពាយដែលជនសង្ស័យបានឆក់យកទៅក្នុងនោះមាន លុយខ្មែរ៤០លានរៀល លុយដុល្លារ១៥០០ដុល្លារ ទូរសព្ទដៃម៉ាក អាយហ្វូន ស៊ិច អេស មួយគ្រឿង និងសំភារៈផ្ទាល់ខ្លួនមួយចំនួនទៀត ។
តាមសម្ដីជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៤នាក់ប្តីប្រពន្ធនិងកូនតូច២នាក់ បានជិះម៉ូតូម៉ាក គុបជ្រុង សេ៩០ ពណ៌ទឹកប៊ិច អត់មានស្លាកលេខ បានធ្វើដំណើរ ចេញពីផ្ទះនៅម្តុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គោលបំណងទៅផ្សារនាគមាសដើម្បីលក់បន្លែ ដោយបានធ្វើដំនើរឆ្លងកាត់ផ្លូវ ម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ស្តុបកៅដាយ រូបគាត់បានឈប់ម៉ូតូ រងចាំស្តុប ដើម្បីបត់ឆ្វេងឡើងទៅផ្លូវ២០៥ ឆ្លៀតយកកូនទៅពេទ្យមួយភ្លែត រួចឆ្ពោះទៅផ្សារនាគមាសវិញ ខណះពេលនោះក៍ស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ មិនចាំស្លាកលេខ បានជិះមកជិត រួចក៍បានធ្វើសកម្មភាពឆក់ ការបូបស្ពាយធំមួយ ដែលរូបគាត់ ដាក់នៅលើរានម៉ូតូខាងមុខ បានសំរេច រួចបានបន្ថែមល្បឿនម៉ូូតូបើករត់គេចខ្លួនបាត់ស្រមោល ហើយពេលនោះដែលរូបគាត់ជាជនរងគ្រោះបានស្រែកថាចោរៗ និងជិះម៉ូតូដេញតាមដែរតែដេញមិនទាន់ ។ ប្រភពដដែលបានបន្តទៀតថា ក្នុងករណីនេះដែរមិនបណ្ដាលឲ្យ ក្រុមគ្រួសាររបស់គាត់មានរងរបួសនោះទេ គ្រាន់តែបាត់បង់លុយអស់ជិត១ម៉ឺនដុល្លារតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍នគរបាល ទំនុបទឹកដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យនិងទ្រព្យសម្បត្តិគាត់មកវិញផង ៕