អ្នកនាងម៉េង កែវពេជ្ជតា ដែលធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ និងជាដៃគូដ៏ស័ក្តិសមនោះ នឹងទៅបង្ហាញខ្លួននៅប្រទេសជប៉ុន រួមគ្នានៅ ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ2017 នៅបរិវេណឧទ្យានយ៉ុយ៉ុកិទី ក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងលើកស្ទួយវិស្ស័យសិល្បៈផ្សព្វផ្សាយ វប្បធម៌ ទាក់ទាញអ្នកវិនិយោគជប៉ុន មកកម្ពុជា ដែលកម្មវិធីនេះនឹងប្រព្រឹត្តនៅថ្ងៃទី03 ដល់ថ្ងៃទី04 ខែឧសភា ឆ្នាំ2017។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រៅពីអ្នកនាងម៉េង កែវពេជ្ជតា និងលោកព្រាប សុវត្ថិ នោះ ក៏មានតារា3ដួងទៀត ចូលរួមផងដែរ គឺតារាចម្រៀងលោកអ៊ាម វន្នី, លោកសែន ស្រណោះ ម្ចាស់សាលាតូរ្យតន្ត្រីឯកជន និងតារាសម្តែងរហស្សនាមរាជិនីក្រមា កញ្ញាមាន សូនីតា ផងដែរ ដែលអ្នកទាំង5 នឹងចេញដំណើរពីកម្ពុជា នៅថ្ងៃទី30 ខែមេសា ឆ្នាំ2017។
ម៉េង កែវពេជ្ជតា បានផ្អាកចេញទៅច្រៀងសម្តែងនៅក្រៅប្រទេស នៅរដូវក្តៅនេះ ព្រោះតែជាប់រវល់ក្នុងស្រុក តាមមង្គលការ និងជប់លៀងធំៗជាច្រើនកម្មវិធី ដែលធ្វើឱ្យបណ្តា Sponsors នៅក្រៅប្រទេសជាច្រើនបានខកចិត្ត ព្រោះតែមិនអាចនាំអ្នកនាងពេជ្ជតា ទៅច្រៀងបានដូចឆ្នាំមុនៗ។ ប៉ុន្តែស្ងាត់ៗបែរជាអ្នកនាងម៉េង កែវពេជ្ជតា ត្រៀមណ្តើរលោកព្រាប សុវត្ថិ ចេញទៅច្រៀងសម្តែងនៅប្រទេសជប៉ុន ទៅវិញ។
មហាជនបានលើកឡើងថា ថ្វីត្បិតតែអ្នកនាងម៉េង កែវពេជ្ជតា និងព្រាប សុវត្ថិ ខកខានឱកាសច្រៀងជាដៃគូជាមួយគ្នាបទចម្រៀងថ្មីៗ នៅហង្សមាស ជាច្រើនឆ្នាំក្តី តែតារាប្រុសស្រីទាំង2ដួងនេះ នៅតែស្ថិតក្នុងដួងចិត្តរបស់មហាជនជានិច្ច ហើយសម្រាប់ការចេញទៅក្រៅប្រទេស គឺជាលក្ខណៈតំណាងប្រទេសនោះ គឺរឹតតែស័ក្តិសមថែមទៀត ព្រោះថា អ្នកនាងពេជ្ជតា និងលោកសុវត្ថិ គឺជាកំពូលតារាចម្រៀងដែលអាចប្រើប្រាស់សំឡេងបានគ្រប់ប្រភេទបទដូចគ្នា ហេតុនេះហើយ តាមវេទិកាសិល្បៈថ្នាក់ជាតិធំៗ តែងតែមានអ្នកនាងម៉េង កែវពេជ្ជតា និងលោកព្រាប សុវត្ថិ ច្រើនជាងតារាផ្សេងៗទៀត។
គួរបញ្ជាក់ថា អ្នកនាងម៉េង កែវពេជ្ជតា មិនមានបទចម្រៀងថ្មីៗចេញនៅហង្សមាស ទៀងទាត់ដូចមុនឡើយ រយៈពេលចុងក្រោយនេះ ទើបកាលពីឆ្នាំ2016 មានព័ត៌មានថា អ្នកនាងមានបញ្ហាអន់ចិត្តជាមួយផលិតកម្មរស្មីហង្សមាស។ តែភ្លាមៗនោះ អ្នកនាងពេជ្ជតា បានប្រាប់ថា អ្នកនាងគ្មានបញ្ហាវិវាទជាមួយហង្សមាស ទេ គឺមួយរយៈនេះ តារាហង្សមាស មានកាន់តែច្រើន ទើបពិបាកបែងចែកបទចម្រៀង ហើយលោកថៅកែផលិតកម្មហង្សមាស លោកអ៊ឹង ឆៃងួន នៅតែស្វាគមន៍អ្នកនាងអីចឹង ប្រសិនបើអ្នកនាងចង់ចេញបទថ្មីនៅហង្សមាស។ តែពេលនេះ អ្នកនាងបានងាកមកធ្វើបទចម្រៀង Original Songs ដោយខ្លួនឯងវិញម្តង ទើបមិនឃើញមានបទថ្មីៗនៅហង្សមាស ដូចមុនទៀត។
គេជឿថា អ្នកនាងម៉េង កែវពេជ្ជតា និងលោកព្រាប សុវត្ថិ នឹងទទួលបានការស្វាគមន៍ពីបងប្អូនខ្មែរជាច្រើននៅជប៉ុន ជាមិនខាន នៅពេលដែលតារាជួរមុខទាំង2 លើកយកបទល្បីៗទៅច្រៀងរួមគ្នារយៈពេល2ថ្ងៃ ដែលអ្នកទាំង2ផ្ញើខ្លួនលើទឹកដីដែលកំពុងតែធ្លាក់ព្រិលខ្លាំងនោះ ខណៈដែលកាលពីឆ្នាំមុន ព្រាប សុវត្ថិ បានលេចធ្លោ ខ្លាំងនៅកម្មវេទិកាអាស៊ាន នៅជប៉ុន ម្តងហើយ តាមរយៗបទ “Cambodia, Kingdom Of Wonder”៕