Monday, November 25, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា គ្របលោកសុះ ម៉ាច?

ចន ច័ន្ទលក្ខិណា គ្របលោកសុះ ម៉ាច?

អ្នកនាងចន ច័ន្ទលក្ខិណា ដែលក្លាយទៅជាប្រធានសមាគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គម ក្រោមការជ្រោមជ្រែងពីសង្សារថ្មី​ លោកហេង ឡុង ហៅរ័ត្ន នោះ ក៏បានធ្វើកម្មវិធីជាលើកដំបូងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីរាត្រីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ឈ្មោះ “កតញ្ញូរាត្រី”។ គ្រាន់តែចន ច័ន្ទលក្ខិណា ឡើងរៀបរាប់ពីប្រវត្តិនៃសមាគម និងសកម្មភាពរបស់ខ្លួនមិនបានប៉ុន្មាននាទីផង ស្រាប់តែមានសប្បុរសជនមន្ត្រីធំៗ ឧកញ៉ាៗ ផ្តល់ការឧបត្ថម្ភទឹកប្រាក់សរុបដល់ទៅជាង២៧ម៉ឺនដុល្លារ ក្នុងនោះ មានសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ឧបត្ថម្ភ៥ម៉ឺនដុល្លារ ជារៀងរាល់ឆ្នាំ លោកឧកញ៉ា ហុង ពីវ ឧបត្ថម្ភ៥ម៉ឺនដុល្លារ សម្រាប់៥ឆ្នាំ និងឧកញ៉ាៗមួយចំនួនទៀត។

ក្រុមសិល្បករបានសាទរចំពោះការគាំទ្រ “កតញ្ញូរាត្រី” របស់បណ្តាសប្បុរសជនជាច្រើននោះ ព្រោះកម្មវិធីនោះ អ្នកនាងចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា ផ្តោតសំខាន់ទៅលើការជួយទៅដល់វីរៈសិល្បករជើងចាស់ ក្នុងការលើកស្ទួយដល់ជីវភាព និងផ្គត់ផ្គង់ដល់ពួកគាត់ដែលចាស់ជរា និងមានជំងឺ។ ប៉ុន្តែ អ្នកសិល្បករខ្លះទៀត បាននាំគ្នាខ្សឹបខ្សៀវគ្នាថា ពេលនេះសកម្មភាពរបស់អ្នកនាងចន ច័ន្ទលក្ខិណា កំពុងតែដើរតួនាទីជំនួសលោកសុះ ម៉ាច ដែលជាប្រធានសមាគមសិល្បករខ្មែរ ហើយមិនយូរប៉ុន្មានទេ លោកសុះ ម៉ាច ច្បាស់ជាត្រូវបិទទ្វារសមាគមជាមិនខាន ព្រោះតែចន ច័ន្ទលក្ខិណា មានអ្នកធំៗគាំទ្រច្រើនជាង។

 

ក្នុងជំនួបផ្ទាល់ជាមួយលោកសុះ ម៉ាច កាលពីពេលថ្មីៗនេះ ប្រធានសមាគមសិល្បករខ្មែររូបនេះ បាននិយាយថា លោកសូមស្វាគមន៍ចំពោះសកម្មភាពរបស់អ្នកនាងចន ច័ន្ទលក្ខិណា នៅពេលនេះ ព្រោះទាំងរូបលោក និងចន ច័ន្ទលក្ខិណា គឺសុទ្ធតែមានគោលដៅដូចគ្នា ក្នុងការជួយដល់សង្គម និងសិល្បៈខ្មែរ យើងដែលចាស់ជរានិងមានជីវភាពលំបាក។

 

លោកសុះ ម៉ាច អះអាងថា “យើងស្ថិតនៅគោលដៅតែមួយ សម្រាប់ជួយសិល្បៈ តែយើងបំបែក ហើយសមាគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គមនោះ គាត់បានប្រាប់ហើយថា គាត់គ្រាន់តែជាអង្គការមួយទេ។ រីឯសមាគមសិល្បករខ្មែរ ជាសមាគមមួយដែលមានភាពទូលំទូលាយសម្រាប់សិល្បៈទូទៅទាំងអស់គ្នា។ ចំណែកគាត់ (ចន ច័ន្ទលក្ខិណា) គ្រាន់តែជាក្រុមតូចមួយ ប្រៀបបានជាអង្គការមួយ ដែលដឹកនាំសិល្បៈមួយចំនួនដែលស្មគ្រ័ចិត្តជួយសង្គមជាតិតែប៉ុណ្ណោះ។ គាត់ (ចន ច័ន្ទលក្ខិណា) ក៏ស្ថិតនៅក្នុងក្រុមប្រឹក្សារបស់សមាគមសិល្បករខ្មែរដែរ ហើយគាត់គ្រាន់តែជាអង្គការមួយទេ តែយើងសហការគ្នា ដើម្បីបម្រើសិល្បៈ និងសង្គមជាតិទាំងអស់។ សមាគមសិល្បករខ្មែរ មានសមាជិកជាង៥០០នាក់ឯណោះ ហើយយើងមិនប្រកាន់និន្នាការនយោបាយទេ ហើយយើងនឹងរៀបចំបោះឆ្នោតជ្រើសរើសអ្នកដឹកនាំអាណត្តិថ្មី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះហើយ។ ចំពោះរឿងដែលគេថា អ្នកនាងចន ច័ន្ទលក្ខិណា បង្កើត “កតញ្ញូរាត្រី” ១យប់ ប្រមូលបានលុយច្រើន តែសមាគមសិល្បករខ្មែរ មិនសូវមានគេជួយនោះ ខ្ញុំក៏មិនយល់ដែរ តែប្រហែលជាមកពីសប្បុរសជន ឬថ្នាក់ដឹកនាំគាត់មើលឃើញពីសកម្មភាពរបស់យើង ព្រោះសមាគមសិល្បករខ្មែរយើង គឺអព្យាក្រឹត ​មិនបម្រើនយោបាយអីទេ ដូច្នេះគឺយើងរីករាយតាមសន្តានចិត្តសិល្បករ ដែលគាត់ជួយនិងសប្បុរសជននានា។ ថវិកាដែលយើងបានកន្លងមកពីសប្បុរសជន មន្ត្រីរាជការ អាជីវករ បងប្អូនខ្មែរ ទាំងក្នុងក្រៅប្រទេសជាដើម។ នៅពេលនេះ យើងឃើញថា សមាគមមិត្តសិល្បៈ ដែលជាអង្គការមួយ គាត់ត្រូវបានថ្នាក់ដឹកនាំចាប់អារម្មណ៍ឧបត្ថម្ភថវិកា ១ឆ្នាំ៥ម៉ឺនដុល្លារ យើងអត់មានទោមនស្សអីទេ យើងសប្បាយរីករាយនិងអបអរសាទរចំពោះគាត់ ព្រោះពួកគេធ្វើ ក៏ក្នុងន័យបម្រើសិល្បៈដែរ គឺយើងមិនមានការទោមនស្សអីទេ”។

ថ្វីត្បិតតែលោកសុះ ម៉ាច ថា អបអរសាទរដែលអ្នកនាងចន ច័ន្ទលក្ខិណា ពេលនេះកំពុងតែទទួលបានអំណោយច្រើនពីសប្បុរសជន ព្រោះសមាគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គម ដែលជាអង្គការមួយ ពេលនេះ មានប្រជាប្រិយភាពខ្លាំងជាងសមាគមសិល្បករខ្មែរក្តី តែនៅរាត្រីកតញ្ញូរាត្រី នោះ លោកសុះ ម៉ាច បែរជាដើរចេញពីកម្មវិធីនោះទាំងតក់ក្រហល់ទៅវិញ ហើយអ្នកសិល្បៈដែលស្និទ្ធលោកបាននិយាយថា លោកម៉ាច អាក់អន់ស្រពន់ចិត្ត ដែលសមាគមសិល្បៈខ្មែរពិតប្រាកដ សុំតារាៗបង់១ខែៗ ត្រឹម១ដុល្លារ សឹងតែគ្មានគេអើពើ តែអ្នកនាងចន ច័ន្ទលក្ខិណា ដែលជាអង្គការមួយរៀបចំកម្មវិធីមួយយប់ បានលុយដល់ជិត៣០ម៉ឺនដុល្លារឯណោះ។ ប្រភពបានឱ្យដឹងថា លោកសុះ ម៉ាច រួមទាំងសមាគមសិល្បករខ្មែរ នឹងចុះខ្សោយឥទ្ធិពលរបស់ខ្លួននៅពេលដែលចន ច័ន្ទលក្ខិណា ធ្វើសកម្មភាពរបស់ខ្លួនតាមរយៈសមាគមមិត្តសិល្បៈ ស្មគ្រ័ចិត្តជួយសង្គមនេះ ព្រោះមហាជនកាន់តែច្រើនបានយល់ច្រឡំថា អ្នកនាងចន ច័ន្ទលក្ខិណា គឺជាប្រធានសមាគមសិល្បករខ្មែរ មិនមែនជាលោកសុះ ម៉ាច ទៀតឡើយ ។

លោកសុះ ម៉ាច និយាយសង្កត់ធ្ងន់ថា “យើងមិនចង់ឱ្យមានការយល់ច្រឡំតទៅទៀតរវាងសមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គមនោះទៀតទេ ព្រោះម្ចាស់គាត់ (ចន ច័ន្ទលក្ខិណា) ប្រាប់ថា គាត់គ្រាន់តែជាអង្គការមួយទេ មិនមែនទូលំទូលាយដូចសមាគមសិល្បករខ្មែរទេ។ ចំពោះរឿងថា តាំងពីអ្នកនាងចន ច័ន្ទលក្ខិណា គាត់បើកសមាគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គមមក បានធ្វើឱ្យប៉ះពាល់ ឬចុះខ្សោយ ដល់សមាគមសិល្បករខ្មែរពិតប្រាកដនោះ គឺតាមពិតវាអាចអីចឹងមែន ព្រោះគេមើលឃើញអីចឹង។ តែធម្មតាកន្លែងណាខ្លាំងមានលុយ គឺគេមានឥទ្ធិពលជាងហើយ គាត់ប្រាប់ខ្ញុំហើយថា គាត់គ្រាន់តែជាអង្គការមួយទេ គាត់នៅតែធ្វើការគាត់តាមគោលដៅរបស់គាត់ មិនអាចទៅរំលាយវិញបានទេ។ ខ្ញុំគ្រាន់តែចង់ប្រាប់ថា សមាគមខ្មែរ គឺជាសមាគមដែលទូលំទូលាយជាង៕

RELATED ARTICLES