យោធា៖ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI )ឲ្យដឹងថាការចំណាយផ្នែកយោធាលើពិភពលោកសរុបទាំងអស់បានកើនឡើង១,៦៨៦ទ្រីលានដុល្លារក្នុងឆ្នាំ២០១៦ កើនឡើង០,៤%ធៀបនឹងឆ្នាំ២០១៥ ។
តាមទិន្នន័យសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានខ្ទង់ចំណាយយោធាប្រចាំឆ្នាំខ្ពស់ជាងគេបំផុតនៅលើពិភពលោក ។ ការចំណាយផ្នែកយោធារបស់សហរដ្ឋអាមេរិកបានកើនឡើង១,៧%នៅចន្លោះឆ្នាំ២០១៥និង២០១៦ឬស្មើនឹង៦១១ប៊ីលានដុល្លារ ។
ទីភ្នាក់ងារស្រាវជ្រាវ Think Tank បានថ្លែងថាកំណើននៅក្នុងការចំណាយយោធាសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៦អាចជាសញ្ញាណនៅក្នុងការបញ្ចប់និន្នាការថយចុះ ក្នុងខ្ទង់ចាយវាយដោយសារតែវិបត្តិសេដ្ឋកិច្ចនិងការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់។ តែយ៉ាងណាការចំណាយរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦នៅតែស្ថិតក្នុងកម្រិត២០%ទាបជាងកម្រិតកំពូលរបស់ខ្លួនក្នុងឆ្នាំ២០១០ ។
អគ្គនាយកគ្រប់គ្រងកម្មវិធីចំណាយផ្នែកយោធានិងអាវុធរបស់ទីភ្នាក់ងារ (SIPRI ) លោក Aude Fleurant បានថ្លែងថាថ្វីបើការបន្តទប់ឬបន្ថយតាមផ្លូវច្បាប់លើកញ្ចប់ថវិកាសរុបរបស់សហរដ្ឋអាមេរិកយ៉ាងណាក្តី ក៏ការបង្កើនការចំណាយផ្នែកយោធាត្រូវបានគេអនុម័តយល់ព្រមពីសភា ។ មួយវិញទៀតការចំណាយថ្ងៃអនាគតនៅតែមិនមានភាពច្បាស់លាស់ដដែលដោយសារតែការផ្លាស់ប្តូរនៃស្ថានការណ៍នយោបាយក្នុងសហរដ្ឋអាមេរិក ។
ទន្ទឹមនិងនេះការចំណាយផ្នែកយោធានៅអឺរ៉ុបខាងលិចបានកើនឡើងក្នុងអំឡុងពេលពីរឆ្នាំជាប់គ្នានិងបានកើនឡើង២,៦%ក្នុងឆ្នាំ២០១៦ ។ មានការបង្កើនខ្ទង់ចំណាយនៅក្នុងប្រទេសទាំងអស់ប៉ុន្តែ៣ប្រទេសក្នុងតំបន់អឺរ៉ុបខាងលិចហើយអ៊ីតាលីត្រូវបានគេរាយការណ៍ថាជាប្រជាជាតិមានការបង្កើនការចាយវាយផ្នែកយោធាគួរឲ្យកត់សម្គាល់ ជាមួយនិងការបង្កើនប្រមាណជា១១%នៅចន្លោះឆ្នាំ២០១៥និង២០១៦ ។
ចំណែកការចំណាយសរុបក្នុងតំបន់ភាគកណ្តាលអឺរ៉ុបបានកើនឡើង២,៤%ក្នុងឆ្នាំ២០១៦ ។ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវរបស់ទីភ្នាក់ងារ SIPRI លោក Siemon Wezeman បានថ្លែងថាកំណើននៅក្នុងការចំណាយតាមបណ្តាប្រទេសជាច្រើន នៅតំបន់អឺរ៉ុបកណ្តាលអាចជាផ្នែកមួយដែលមកពីការទារពន្ធរបស់រុស្ស៊ីដែលគំរាមកំហែងកាន់ធំឡើង។
ទោះជាយ៉ាងណានិន្នាការនៅក្នុងការចំណាយផ្នែកយោធាមានការប្រែប្រួលទៅតាមតំបន់ ។ តួយ៉ាងការចំណាយបានបន្តកើនឡើងក្នុងតំបន់អាស៊ីនិងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក អឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើតនិងអាហ្វ្រិកខាងជើង ។ ផ្ទុយទៅវិញការចំណាយយោធាបានថយចុះក្នុងតំបន់អាមេរិកកណ្តាលនិងការីប៊ីន មជ្ឈិមបូព៌ា អាមេរិកខាងត្បូងនិងសាហារ៉ាអាហ្វ្រិក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា