Sunday, December 22, 2024
Homeព័ត៌មានជាតិរដ្ឋសភា ប្រជុំ​ពិភាក្សា​សំណើ​ដក​អភ័យ ឯក​សិទ្ធិ​តំណាង​រាស្ត្រ

រដ្ឋសភា ប្រជុំ​ពិភាក្សា​សំណើ​ដក​អភ័យ ឯក​សិទ្ធិ​តំណាង​រាស្ត្រ

ភ្នំពេញ ៖ ករណីការស្នើសុំលើកអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សប្រឆាំង ចំនួន ២រូប គឺលោកតុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ និងលោកពិន រតនា តំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង ជាប់បណ្តឹងនៅតុលាការ ពីបទសញ្ចារកម្មនោះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ជាសមាជិកអញ្ជើញចូល រួមដែរនោះ បានសម្រេចបញ្ជូនទៅគណៈកម្មការ ទី៦ នៃរដ្ឋសភា បើកកិច្ចប្រជុំពិភាក្សា និងអនុម័ត ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធាន រដ្ឋសភា កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៦ ហើយជាលទ្ធផល គឺគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាទុកការងារនេះឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ធ្វើការសិក្សាស្រាវជ្រាវ ករណីនេះ និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។

អ្នកនាំពាក្យរដ្ឋសភា លោកឡេង ប៉េងឡុង បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នោះថា រដ្ឋសភានឹងដាក់លិខិតបញ្ជូនទៅកាន់  ក្រសួងយុត្តិធម៌វិញ ដើម្បីប្រាប់ក្រសួងយុត្តិធម៌ ថា រដ្ឋសភា មិនទាន់អាចប្រជុំដកអភ័យឯកសិទ្ធិ តំណាងរាស្ត្រទាំង២រូបនោះឡើយ ព្រោះរដ្ឋសភា កំពុងស្ថិតនៅក្នុងពេលឈប់សម្រាក។

ជាការកត់សម្គាល់ ការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកនោះ សមាជិក ២រូប ដែលជាតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ គឺលោកអេង ឆៃអ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកយ៉ែម បុញ្ញប្ញទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ក៏បានចូលរួមដើម្បី ស្តាប់ និងបកស្រាយតស៊ូមតិលើមាត្រា៨០ នៃ រដ្ឋធម្មនុញ្ញ ស្តីពីអភ័យឯកសិទ្ធិតំណាងរាស្ត្រនេះ ដែរ។

លោកយ៉ែម បុញ្ញប្ញទ្ធិ អ្នកនាំពាក្យរដ្ឋសភា នៃគណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់នៅក្នុង សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ទាក់ទងនឹងការលើក អភ័យឯកសិទ្ធិតំណាងរាស្ត្រ២រូប របស់គណបក្សសង្គ្រោះជាតិ នោះថា យោងលើសេចក្តី សម្រេចរបស់សម្តេចប្រធាន ដែលតែងតាំងរូប ខ្ញុំបាទជាអ្នកនាំពាក្យរបស់ក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ មានតួនាទីភារកិច្ចដើម្បី រាយការណ៍ជូនពីការងារពីទស្សនៈគណបក្ស សង្គ្រោះជាតិ នៅក្នុងនាមជាសមាជិកសភា នៅ រដ្ឋសភា។ នេះយោងតាមសេចក្តីសម្រេចរបស់ សម្តេចប្រធាន ដែលលោកបានតែងតាំង ដូច្នេះ តួនាទីភារកិច្ចមួយ រាល់កិច្ចប្រជុំ ក៏ត្រូវរាយការណ៍ជម្រាបជូន និងឆ្លើយបំភ្លឺខ្លះៗពាក់ព័ន្ធ ជាមួយនឹងការងាររបស់សភា។ ព្រឹកនេះយើង មានកិច្ចប្រជុំអចិន្ត្រៃយ៍ ហើយដូចឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍អម្បាញ់ មិញ ជាការពិតចំពោះ របៀបវារៈទី១ យើងបាន សិក្សាជជែកពិភាក្សាគ្នា ហើយផ្តល់មតិយោបល់ ដល់គ្នាទៅវិញទៅមក ហើយគណៈកម្មាធិការ អចិន្ត្រៃយ៍ យល់ឃើញនីតិវិធីដែលត្រូវបន្ត គឺ ប្រគល់កិច្ចការនេះ ជូនទៅគណៈកម្មការទី៦ ដែលនឹងសិក្សា ពិនិត្យបន្ថែម ហើយក្រោយ មករាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ នៅពេលក្រោយ។ គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងធ្វើសេចក្តីសម្រេចយ៉ាងណា នាពេលខាង មុខ នឹងដាក់ចូលទៅរបៀបវារៈ ចូលទៅប្រជុំ ពេញអង្គនោះ ជាការងារបន្ត ហើយចំពោះ របៀបវារៈទី១នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ ទាំង១៣រូប គេបានឯកភាពគ្នាយ៉ាងដូច្នេះ

ដោយឡែក ពាក់ព័ន្ធនឹងរបៀបវារៈទី២ ការពិនិត្យលើសំណើសុំរដ្ឋសភា បំភ្លឺអំពីករណី លោកសម រង្ស៊ី ដែលត្រូវបានរដ្ឋសភាប្រកាស សុពលភាពនៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៥ ហើយដកសុពលភាពវិញនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មិនទាន់បានឯកភាពគ្នាទេ គឺនៅតែមានការបកស្រាយខុសគ្នា ពីខាងរដ្ឋសភា និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

អ្នកនាំពាក្យរដ្ឋសភា លោកឡេង ប៉េងឡុង បានមានប្រសាសន៍ទាក់ទងនឹងករណីនេះថាតាមស្មារតីគណៈកម្មាធិការអចិន្ត្រៃយ៍ គឺថា បានបែងចែកអំណាចគ្នានៅក្នុងរដ្ឋសភា កាលពី មុន មានការសម្រេចនៅរដ្ឋសភា គឺថា ចេញមុន តុលាការ ហើយសភា អាចជាប់ពាក់ព័ន្ធនឹង បញ្ហា គឺថា បន្ទាប់ពីទទួលលិខិតរបស់ក្រសួង យុត្តិធម៌។ លិខិតក្រសួងយុត្តិធម៌ គេស្នើមក ឱ្យអនុវត្តសាលក្រមហ្នឹង នៅថ្ងៃទី១៣ ខែ១១ ឆ្នាំ២០១៥។ អ៊ីចឹងមុនហ្នឹង សភា អត់ពាក់ព័ន្ធ បានទេ អត់មានអី ព្រោះអត់មានលិខិតផង ហើយដល់មានលិខិតមក គឺថា ត្រូវតែពាក់ព័ន្ធ។ អាហ្នឹង គឺមានតែប៉ុណ្ណឹងទេ បើមុនហ្នឹង វាអត់ មានអីពាក់ព័ន្ធផង មិនមែនថាមិនដឹងទេ ដឹង ហើយគ្មានអ្នកណាលើកផង។ អ្នកទាំងអស់គ្នា ក៏ដឹង ប៉ុន្តែអត់មានអ្នកណាលើកអ្នកអីទេ នៅ ពេលដែលឯកឧត្តមសម រង្ស៊ី ស្បថអីហ្នឹង អត់ មានអ្នកណាលើកទេ។ អានេះខ្ញុំបន្ថែមទេ ប៉ុន្តែ មែនទែនទៅ គណៈអចិន្ត្រៃយ៍យល់ត្រង់កន្លែង ហ្នឹង ត្រង់ថា លោកចូលពាក់ព័ន្ធ គឺនៅពេល ដែលរដ្ឋសភា បានធ្វើលិខិតទៅក្រសួងយុត្តិធម៌  ឱ្យអនុវត្ត។ អ៊ីចឹង ពីពេលសម្រេចមកដល់អនុវត្ត ហ្នឹង វា២ឆ្នាំ ព្រោះ២ឆ្នាំ បានលិខិតមកដល់ រដ្ឋសភាៗចាប់ផ្តើមពាក់ព័ន្ធ

ទោះយ៉ាងណា លោកយ៉ែម បុញ្ញប្ញទ្ធិ បញ្ជាក់ថា ក្នុងការមិនឯកភាពគ្នានេះ គណបក្ស សង្គ្រោះជាតិ នៅតែយកមាត្រា និងតឹកតាង មួយចំនួន ដើម្បីឱ្យមានការតស៊ូមតិ ឱ្យយល់ គ្នាពិតប្រាកដច្បាស់លាស់។

លោកយ៉ែម បុញ្ញប្ញទ្ធិ មានប្រសាសន៍បន្ត ថា ចំពោះរបៀបវាទី២ និងទី៣ យើងសុំឱ្យ មានការបំភ្លឺបញ្ជាក់បន្ថែម ហើយយើងសូម បញ្ជាក់ម្តងទៀត ដូចឯកឧត្តមអគ្គបានរាយការណ៍ជូនហើយ គឺយើងមិនបានឯកភាពគ្នាទេ ពីព្រោះពាក់ព័ន្ធជាមួយការលើកអភ័យឯកសិទ្ធិ របស់ឯកឧត្តមសម រង្ស៊ី ដែលករណីនោះ វាមុន ពេលដែលគាត់ទទួលបានសុពលភាពក្នុងនាម ជាអ្នកតំណាងរាស្ត្រនោះ យើងយល់ឃើញថា អាណត្តិបញ្ជាទាំងឡាយត្រូវចាត់ទុកជាមោឃៈ  ហ្នឹង មិនបានអនុវត្ត នេះជាការយល់ឃើញរបស់ គណបក្សសង្គ្រោះជាតិ។ ដូច្នេះយើងសុំឱ្យមាន ការបំភ្លឺបន្ថែមពាក់ព័ន្ធជាមួយនេះ កុំឱ្យមានការ លើកអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រណា មួយ ដោយមិនមានការអនុវត្តបានពេញលេញ ទៅតាមនីតិវិធី ហើយចំណុចមួយទៀតដែល យើងសង្កេតឃើញ បានលើកយកទៅធ្វើការ តស៊ូមតិពាក់ព័ន្ធមាត្រា៨០ ជំពូកទី៧ នៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីលក្ខន្តិៈអ្នកតំណាងរាស្ត្រ ជំពូក ទី២ ហើយនិងបទបញ្ជាផ្ទៃ ក្នុងនៃរដ្ឋសភា ជំពូកទី៣ ដែលយើងយកមាត្រា តឹកតាងមួយ ចំនួន ដើម្បីមានការតស៊ូមតិឱ្យយល់គ្នាពិតប្រាកដច្បាស់លាស់។ ប៉ុន្តែរបៀបវារៈទី២ ទី៣ យើងពន្យល់គ្នាទៅវិញទៅមក ហើយនៅតែ ពុំទាន់បានទទួលនូវការឯកភាពគ្នា ហើយយល់ ពីគ្នានៅឡើយ ព្រោះយើងនៅតែមើលឃើញ ថា ការលើកអភ័យឯកសិទ្ធិ ត្រូវការសំឡេង ២ភាគ៣ នោះជាចំណុចទី១។ ចំណុចទី២ អចិន្ត្រៃយ៍ ពេលចន្លោះសម័យប្រជុំរដ្ឋសភា លោក មានសិទ្ធិប្រជុំ ដើម្បីធ្វើការសម្រេច។ ប៉ុន្តែ ប្រការ៨០ នៃរដ្ឋធម្មនុញ្ញ នៅក្នុងកថា ខណ្ឌទី ៤ បានចែងយ៉ាងច្បាស់ រាល់ការសម្រេចរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវដាក់ជូនទៅ សម័យប្រជុំសភាពេញអង្គ ដើម្បីធ្វើការអនុម័ត សំឡេង២ភាគ៣។ ចំណុចទាំងអស់នេះហើយ ដែលយើងមិនមានការឯកភាពគ្នា។ ចំពោះ របៀបវារៈទី២ ទី៣ គណៈកម្មាធិការអចិន្ត្រៃយ៍ បានអនុម័តតាមមតិភាគច្រើន ដូច្នេះសំឡេង ១១ លើ១៣។ ដូច្នេះការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏លោកបាន សម្រេច ក៏ប៉ុន្តែការតស៊ូមតិរបស់យើងក្នុងនាម ជាសមាជិកសភា យើងតស៊ូពន្យល់ឱ្យមានការ យល់គ្នា

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាស ព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃចន្ទ ទី១៨ ខែ កក្កដា ឆ្នាំ២០១៦ ចេញផ្សាយដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩និង០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត តាមរបៀបវារៈដោយមានលទ្ធផលដូចខាងក្រោម 

អង្គប្រជុំបានពិនិត្យ និងពិភាក្សា លើ សំណើសុំរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំលើកអភ័យឯកសិទ្ធិសភា របស់តំណាងរាស្ត្រចំនួនពីររូប គឺ ឯកឧត្តមតុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងឯកឧត្តមពិន រតនា តំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង ដោយសម្រេចប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើលិខិតឆ្លើយតប ទៅក្រសួងយុត្តិធម៌អំពីពេលវេលាវិស្សមកាល របស់រដ្ឋសភា និងបានប្រគល់ភារកិច្ចជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ធ្វើការ សិក្សាស្រាវជ្រាវករណីនេះ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា  វិញ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សា លើសំណើស្នើសុំរដ្ឋសភាបំភ្លឺបញ្ជាក់អំពីករណីឯកឧត្តមសម រង្ស៊ី ដែលត្រូវបានរដ្ឋសភា ប្រកាស សុពលភាព នៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៥ ហើយដកសុពលភាពវិញ ដោយ ប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើលិខិតចម្លើយឆ្លើយតបសមាជិករដ្ឋសភា ម្ចាស់សំណួរវិញ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សា លើ សំណើស្នើរដ្ឋសភា បញ្ជាក់អំពីនីតិវិធី ឬច្បាប់ ឬមាត្រាណាមួយ ដែលរដ្ឋសភា អនុញ្ញាតឱ្យ តុលាការ បន្តនីតិវិធីចំពោះតំណាងរាស្ត្រ ដែល មានអភ័យឯកសិទ្ធិសភាដោយបានប្រគល់ភារ កិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើលិខិត ចម្លើយឆ្លើយតបសមាជិករដ្ឋសភា ម្ចាស់សំណួរ វិញ។

អង្គប្រជុំបានអនុម័តប្រគល់សេចក្តី ព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ   វិស័យសុខាភិបាល ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យនិងសិក្សា ដោយ សហការជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហើយ ធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា វិញ។

អង្គប្រជុំបានអនុម័តប្រគល់សេចក្តី ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធី សារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការ ដឹកជញ្ជូនឆ្លងកាត់ទំនិញ ជូនគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃ រដ្ឋសភា ពិនិត្យ និងសិក្សាដោយសហការ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា វិញ។

អង្គប្រជុំបានអនុម័តប្រគល់សេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ 

.កិច្ចព្រមព្រៀងស្តីពីការបង្កើត និង ការអនុវត្តបញ្ជាតែមួយអាស៊ាន

.ពិធីសារស្តីពីការបង្កើត និងការ អនុវត្តបញ្ជាតែមួយអាស៊ាន

.ពិធីសារស្តីពីក្របខណ្ឌច្បាប់ សម្រាប់ អនុវត្តបញ្ជាតែមួយអាស៊ាន

ជូនគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង សវនកម្ម នៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយ សហការជាមួយគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង ព័ត៌មាន ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។

អង្គប្រជុំបានអនុម័តយល់ព្រមប្រគល់ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦នៃការប្តេជ្ញា បើកចំហសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវា ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃ រដ្ឋសភា ពិនិត្យ និងសិក្សា ដោយសហការ ជាមួយគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។

អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងស្តីពីការបង្កើតអង្គភាពស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ជូនគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES