Saturday, October 19, 2024
Homeតារាខ្មែររិន សាវ៉េត មិនអន់ចិត្តហង្សមាស

រិន សាវ៉េត មិនអន់ចិត្តហង្សមាស

ស្របពេលដែលតារាចម្រៀងរិន សាវ៉េត ហៅ ”កម្សត់” កំពុងតែកាន់ទុក្ខធំ ព្រោះភរិយាជាទីស្រលាញ់អ្នកនាងគង់ សាវី អាយុ៣៧ឆ្នាំ បានទទួលមរណៈភាព កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយជំងឺមហារីកនោះ ស្រាប់តែនៅលើបណ្ដាញសង្គម Facebook មានការរិះគន់ថា រិន សាវ៉េត ពេលមានទុក្ខមានតារាសិល្បៈមួយចំនួនបានចេញមុខឈឺឆ្អាលគ្រប់គ្នា ព្រោះតែមានការអាណិតអាសូរតារារូបនេះ ដោយថែមទាំងបានរៃអង្គាសប្រាក់កាសចូលបុណ្យជាហូរហែ តែបែរជាមិនឃើញតារាល្បីៗរបស់ហង្សមាស រួមទាំងថៅកែផលិតកម្មលោកអ៊ឹង ឆៃងួន ផង ហាក់ដូចជាមិនឈឺឆ្អាលសាវ៉េត ដោយចុះទៅផ្ទាល់ក្នុងកម្មវិធីបុណ្យសពទាល់តែសោះ ខណៈដែលតារាល្បីៗជួរមុខរបស់ហង្សមាស ទាំងនោះ សុទ្ធតែរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារ ក្នុង១រដូវក្ដៅ ព្រោះច្រៀងក្នុង Concert ១កម្មវិធី ស៊ីថ្លៃ៣០០០ដុល្លារឯណោះ តែពេលតារាក្រោមដំបូលមានទុក្ខ បែរជាមិនឃើញទៅអើតមុខទៅវិញ។

ឯកឧត្តមឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា ប្រគល់ថវិកាឲ្យលោករិន សាវ៉េត

ប្រភពបានឲ្យដឹងថា សាវ៉េត អន់ចិត្តនឹងតារារួមអាជីពដែរ តែលោកមិនហ៊ានវាចាចេញឡើយ ព្រោះពេលនេះអារម្មណ៍តែមួយគត់ គឺកាន់ទុក្ខសពភរិយាជាទីស្រលាញ់ និងត្រៀមធ្វើបុណ្យគម្រប់៧ថ្ងៃ ដែលរៀបចំនៅសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧ នៅភូមិក្វាវ ស្រុករំរោង ខេត្តតាកែវ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ ខែមេសា តារាចម្រៀងមានប្រវត្តិកម្សត់រូបនេះ បានឲ្យដឹងថា ”ខ្ញុំមិនមានការអាក់អន់ចិត្តជាមួយមិត្តរួមអាជីពណានៅហង្សមាស ដូចការលេចឭទេ ព្រោះពួកគាត់បានមកសួរសុខទុក្ខខ្ញុំហើយតើ! ចំណែកលោកថៅកែខ្ញុំ (អុឹង ឆៃងួន) ក៍គាត់បានមកចូលរួមដែរ ហើយពេលខ្លះគាត់បញ្ជួនអ្នកតំណាងមក គ្រាន់តែខ្ញុំមិនបានថត Post បានជាអត់ឃើញ ហើយតារាខ្លះគាត់ជាប់រវល់ ក៍បានផ្ញើលុយមកចូលបុណ្យដែរ។ ខ្ញុំសូមអរគុណមិត្តរួមអាជីពទាំងអស់ ដែលតែងតែជួយខ្ញុំ ពេលខ្ញុំមានទុក្ខនេះ រួមទាំងសមាគមមិត្តសិល្បៈជួយសង្គមផងដែរ”។

មរណៈភាពរបស់អ្នកស្រីគង់ សាវី បានបន្សល់ទុក តារាចម្រៀងរិន សាវ៉េត ឲ្យរស់នៅកណ្ដោចកណ្ដែង ២នាក់កូនប្រុស សាវ៉េត អវតារ អាយុជាង៦ឆ្នាំ ខណៈដែលមានសប្បុរសជនទាំងក្នុង និងក្រៅប្រទេសជាច្រើន បានចូលថវិការំលែកទុក្ខតារាចម្រៀងកម្សត់រូបនេះតាមរយៈលោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា ដែលសរុបថវិកានៅថ្ងៃទី២៧ ខែមេសា មានទឹកប្រាក់៦.៧៨៥ដុល្លារ និងលុយខ្មែរ ១.២៤០.០០០រៀលផងដែរ។

ប្រភពបានឲ្យដឹងថា លោកឃ្លាំង ហួត ធានាចិញ្ចឹមបីបាច់ និងផ្ដល់ការសិក្សាគ្រប់បែបយ៉ាងដល់កូនប្រុសរិន សាវ៉េត ហើយលោកអភិបាលខណ្ឌថែមទាំងបានស្នើសុំលោកឧកញ៉ាពង់ ឃាវសែ ប្រធានក្រុមហ៊ុនបុរីរុងរឿង (OCIC) នូវផ្ទះល្វែងស្នាក់នៅរយៈពេល២ឆ្នាំ ដោយមិនគិតប្រាក់ជួលឡើយ។

រិន សាវ៉េត ថ្លែងទាំងលើកម្រាមដៃដប់ថា ”ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយខ្ញុំនៅពេលនេះ រួមទាំងសិល្បករទាំងអស់គ្នាផង ជាពិសេស គឺលោកអភិបាលខណ្ឌឃ្លាំង ហួត ដែលគាត់តែងតែជួយខ្ញុំជាច្រើនលើកមកហើយ ថែមទាំងពេលនេះបានផ្ដល់ទាំងទ្រនំ និងអនាគតដល់កូនខ្ញុំទៀតផង សូមឲ្យទេវតាឆ្នាំថ្មី ជួយថែរក្សាលោកឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច”៕

លោករិន សាវ៉េត ពេលឱបថើបសពភរិយា ជាលើកចុងក្រោយ

ឈ្មោះសប្បុរសជនដែលបានផ្តល់ថវិកាជួយលោករិន សាវ៉េត
RELATED ARTICLES