នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានសរសេរនៅលើ Facebook ថា ”ដំណឹងទាន់ហេតុការណ៍! សម្ដេចតេជោហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះដែលខ្ញុំបានខ្ចីឲ្យរស់នៅជូនជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់រិន សាវ៉េត តែម្ដង។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះចិត្តមេត្តាធម៌របស់សម្ដេចទាំងទ្វេ សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាសម្ដេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារ ជួបតែពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។
អ្នកសិល្បៈនិងមហាជនជាច្រើនបានសម្ដែងការអបអរសាទរចំពោះតាចម្រៀងរិន សាវ៉េត ហៅកម្សត់ នេះ ថាថ្វីត្បិតតែពេលនេះ សាវ៉េត កំពុងតែកាន់ទុក្ខភរិយាអ្នកស្រីគង់ សាវី ទទួលមរណភាពមែន តែតារាហ្សមាសរូបនេះបានទ្រនំដ៍សែនកក់ក្ដៅហើយ ព្រោះតែប្រមុខរាជរដ្ឋាភិបាលបានចំណាយថវិកាផ្ទាល់ខ្លួនទិញផ្ទះឲ្យរិន សាវ៉េត ដែលកំពុងតែមានទុក្ខសោកនេះ។
ក្នុងជំនួបជាមួយរិន សាវ៉េត តាមទូរស័ព្ទមុននេះបន្ដិច តារាចម្រៀងរូបនេះនិយាយដោយរំភើបចិត្តក្រៃលែងថា ”ខ្ញុំរំភើបខ្លាំងណាស់ ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះកូនចៅសម្ដេចទូទៅ។ ពេលនេះខ្ញុំមានភាពកក់ក្ដៅខ្លាំង តែអ្វីដែលខ្ញុំស្ដាយបំផុតនោះ គឺខ្ញុំមិនបានឃើញប្រពន្ធរបស់ខ្ញុំមករស់នៅជុំគ្នា ជាមួយខ្ញុំនិងកូន ពេលដែលយើងមានផ្ទះនេះ។ ក្នុងនាមជាសិល្បករម្នាក់ ខ្ញុំសូមថ្លែងអំណរគុណនិងគោរពជូនពរសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឲ្យលោកទាំង២ និងក្រុមគ្រួសារមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចដឹកនាំកសាងប្រទេសជាតិ ដើម្បីជាម្លប់ដល់កូនចៅទាំងអស់”។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ លោកឃ្លាំង ហួត បានធ្វើការស្នើសុំលោកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមហ៊ុនបុរីរុងរឿង (OCIC) នូវផ្ទះល្វែងស្នាក់នៅ១ជុង រយៈពេល២ឆ្នាំ ដោយមិនបាច់ឲ្យតារាចម្រៀងរិន សាវ៉េត បង់ថ្លៃឡើយ ដើម្បីសម្រាលបន្ទុកដល់អ្នកចម្រៀងរូបនេះ ដែលមានជីវភាពលំបាក។ ប៉ុន្តែបន្ទាប់ពីសម្ដេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលដំណឹងនេះសម្តេចទាំងទ្វេក៍បានចំណាយថវិកាទិញផ្ទះនោះដាច់ ជូនជាកម្មសិទ្ធិដល់រិន សាវ៉េត តែម្ដង នាំឲ្យមហាជននិងសិល្បករជាច្រើនបានសម្ដែងការអបអរសាទរចំពោះសាវ៉េត ហៅកម្សត់ ជាខ្លាំង។
តាមប្រភពពីអ្នកលក់ផ្ទះល្វែងបុរីរុងរឿង នៅទីក្រុងរណបជ្រោយចង្វា បានឲ្យដឹងថា ប្រភេទផ្ទះល្វែង១ជាន់ ដែលសម្តេចហ៊ុន សែន ទិញជូនរិន សាវ៉េត នោះមានតម្លៃជាង៣ម៉ឺនដុល្លារអាមេរិក ហើយផ្ទះនោះមានចម្ងាយ១១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕