កៅស៊ូ៖ មន្ត្រីកសិកម្មម្នាក់បានឲ្យដឹងថាការនាំចេញកៅស៊ូរបស់ព្រះរាជាណាចក្រកម្ពុជាបានកើនឡើង៣២% ខណៈតម្លៃហាងឆេងឡើង ១៣២% ក្នុងអំឡុងត្រីមាសដំបូងនៃឆ្នាំ២០១៧នេះធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅ ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូក្រសួងកសិកម្មលោក Pol Sopha បានថ្លែងថាព្រះរាជាណាចក្រកម្ពុជាបាននាំចេញកៅស៊ូចំនួន៣២.០០០តោនក្នុងអំឡុងត្រីមាសទី១នៃឆ្នាំ២០១៧ ជាមួយនិងតម្លៃហាងឆេងជាមធ្យម២.០៣២ដុល្លារក្នុងមួយតោន ធៀបនឹងបរិមាណ៨៩០ដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។
លោកបន្ថែមថាយើងធ្វើបានហួសពីចំណុចស្មើដើមចំពោះកៅស៊ូ ហើយខ្ញុំគិតថាផលិតករកៅស៊ូនឹងអាចចំណេញបានកាន់តែច្រើននិងការបង្កើនផលប្រយោជន៍របស់ពួកគេសម្រាប់ខួបផលិតកម្មលើកក្រោយទៀតផង ។ ម្យ៉ាងទៀតយើងព្យាករថាតម្លៃកៅស៊ូនឹងបន្តកើនឡើងក្នុងឆ្នាំនេះដោយសារតែការកើនឡើងនៃតម្រូវការពីទីផ្សារអន្តរជាតិ ។
លោក Sopha បន្តថាកម្ពុជាបាននាំចេញកៅស៊ូទៅកាន់ប្រទេសវៀតណាម ចិន ម៉ាឡេស៊ី និងសិង្ហបុរី ។ លោកបានបន្ថែមថាផ្ទៃដីដាំដុះកៅស៊ូសរុបរបស់កម្ពុជាបានកើនឡើងដល់ទៅជាង៤៣០.០០០ហិចតាជាមួយនិងការប៉ាន់ប្រមាណទុកថាវានឹងឈានដល់៤៤០.០០០ហិចតានៅដំណាច់ឆ្នាំនេះ បើទុកជាផ្ទៃដីផលិតកៅស៊ូសកម្មមានត្រឹមតែ១៣០.០០០ហិចតាយ៉ាងណាក្តី ។
មួយវិញទៀតបច្ចុប្បន្នយើងកំពុងស្វែងរកការពង្រីកឧស្សាហកម្មកៅស៊ូនិងព្យាយាមស្វែងរកវិនិយោគិនដែលនឹងផលិតនូវផលិតផលសម្រេចជំនួសវត្ថុធាតុដើមដើម្បីនឹងបង្កើនទំហំទឹកប្រាក់ក្នុងវិស័យនេះ ។
ដោយឡែកលោក Heng Sreng អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនកៅស៊ូក្នុងស្រុក Long Sreng International បានថ្លែងថាឧស្សាហកម្មនេះក៏មានការប្រឈមនឹងការប្រកួតប្រជែងនៃថ្លៃដើមភស្តុភារកម្រិតខ្ពស់សម្រាប់តម្លៃដឹកជញ្ជូននិងអគ្គិសនីសម្រាប់ផលិតកម្ម ។ យើងបានប្រឈមមុខនឹងការចំណាយខ្ពស់នៅក្នុងផលិតកម្ម ហើយគួបផ្សំនឹងការប្រកួតប្រជែងដ៏ធំបំផុតរបស់យើងទៀតផង ។ បើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាង ពួកគេផ្តល់នូវការលើកទឹកចិត្តពន្ធប្រសើរជាង ដែលអនុញ្ញាតឲ្យវិស័យនេះរស់ឡើងវិញ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា