Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកការ​លក់​​រថយន្ត​​ក្នុង​​ទីផ្សារ​ចិន​ស្ទុះ​យឺត​ក្នុង​​ឆ្នាំ២០១៧

ការ​លក់​​រថយន្ត​​ក្នុង​​ទីផ្សារ​ចិន​ស្ទុះ​យឺត​ក្នុង​​ឆ្នាំ២០១៧

ទីផ្សាររថយន្ត៖ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹងកាល​ពីថ្ងៃព្រ​ហស្ប​ត្តិ៍ថា​ការលក់រថយន្ត​ក្នុង​​ប្រទេស​អាច​នឹង​សម្រេចបានកំណើន​ស្ទុះយឺតជាង​មុន​ក្នុង​ឆ្នាំនេះ​បើទុក​ជា​វា​មាន​កម្រិត​ប្រសើរជាង​តួលេខ​ដែលគេបាន​រំពឹងទុក​យ៉ាង​ណាក្តី ក្នុង​អំឡុងត្រីមាសទី១នេះ ។

យោងតាមទិន្នន័យ​ពី​សមាគម​​ផលិតករ​រថយន្ត​ចិន​​បង្ហាញថា​ការលក់​រថយន្ត​បាន​កើនឡើង​៧%​ក្នុង​ត្រីមាសដំបូងនៃ​ឆ្នាំនេះ​ដែល​ខ្ពស់​ជាង​ការព្យាករទុក​៥%​សម្រាប់​កំណើន​ពេញ​មួយឆ្នាំទៅ​ទៀត ។

មន្ត្រីអ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិនលោក Sun Jiwen បាន​ថ្លែងនៅក្នុង​សន្និសិទ​កាសែតមួយ​ថា​ហេតុផលដែលសំខាន់បំផុត​នៅពីក្រោយ​កំណើន​ខ្លាំង​ក្លា​គឺ​​តម្រូវការខ្ពស់ជាងមុន​ ជាពិសេស​តម្រូវការ​ចំពោះ​រថយន្តពាណិជ្ជកម្ម​​ ស្របតាម​តម្រូវការ​នៃការ​ដឹកជញ្ជូនទំនិញ​និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធកាន់​តែច្រើន​កំពុង​សាងសង់ ។

ក្នុងអំឡុងពេល៣ខែ​ដំបូងនេះ ការលក់​រថយន្តពាណិជ្ជកម្ម​បានកើនឡើង​២២,៩%​ ។ ទោះជាយ៉ាងណា​ការលក់​រថយន្តដឹកអ្នកដំណើរ​ឬប្រភេទ​ទេសចរណ៍​ដែល​ស្មើនឹង​៨៥%​នៃការលក់សរុប​បានកើនឡើង​ត្រឹមតែ​៤,៦%​ប៉ុណ្ណោះ​ពីមួយ​ឆ្នាំទៅមួយឆ្នាំ​ក្នុងអំឡុងពេល​៣ខែដំបូងនៃឆ្នាំ២០១៧នេះ ដែល​មាន​អត្រាទាប​ជាងការ​រំពឹងទុករបស់ទីផ្សារទៅទៀត​ ។

លោក Sun បានព្យាករថា​ការលក់រថយន្ត​ប្រចាំឆ្នាំ​នឹង​នៅតែមាន​ភាព​រឹងមាំដដែល​ក្នុងឆ្នាំនេះ​ ប៉ុន្តែកំណើន​នឹង​មានសន្ទុះ​យឺតជាង​ឆ្នាំ​២០១៦ ដោយសារ​តែមូលដ្ឋានគ្រឹះនៃការ​ប្រៀបធៀប​គ្នា​ខ្ពស់​ហើយមានការ​កាត់បន្ថយ​គោលនយោបាយ​លើកទឹកចិត្តសម្រាប់​អ្នក​ទិញ​រថយន្ត​បញ្ចេញឧស្ម័នកម្រិត​ទាប​ ។ កាលពីដើមខែនេះ​ក្រសួងពាណិជ្ជកម្ម​បានចេញវិធានការណ៍​មួយចំនួន​ដែល​អនុញ្ញាត​ឲ្យ​បណ្តាក្រុមហ៊ុននានា​ដែល​មានឬគ្មាន​អាជ្ញាប័ណ្ណ​ពី​ម្ចាស់​យីហោ​​អាច​លក់​​រថយន្តនោះបានចាប់ពី​ថ្ងៃទី​១ខែកក្កដា​ឆ្នាំ២០១៧តទៅ ។ ការ​ផ្លាស់ប្តូរ​ថ្មីនេះ​នឹង​ផ្សព្វផ្សាយ​នូវការ​ប្រកួតប្រជែងទីផ្សារ​ បង្កើនប្រសិទ្ធភាព​ដឹកជញ្ជូន​និង​ភាព​សុទិដ្ឋិនិយម​នៃការផ្គត់ផ្គង់ទីផ្សារ ។

គួរកត់សម្គាល់ថា​ចិន​នៅតែជា​ផលិតករ​និង​ទីផ្សាររថយន្ត​ធំជាងគេបំផុត​លើពិភព​លោកដដែល​សម្រាប់​រយៈ​ពេល​៨ឆ្នាំ​ជាប់គ្នា​នេះគិតត្រឹមឆ្នាំ​២០១៦​ ជាមួយនិង​ការ​លក់​រថយន្តកើនឡើង​១៣,៧%​លក់ដាច់បាន​ជាង​២៨លានគ្រឿង​កាលពីឆ្នាំទៅ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES