ទីផ្សាររថយន្ត៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងកាលពីថ្ងៃព្រហស្បត្តិ៍ថាការលក់រថយន្តក្នុងប្រទេសអាចនឹងសម្រេចបានកំណើនស្ទុះយឺតជាងមុនក្នុងឆ្នាំនេះបើទុកជាវាមានកម្រិតប្រសើរជាងតួលេខដែលគេបានរំពឹងទុកយ៉ាងណាក្តី ក្នុងអំឡុងត្រីមាសទី១នេះ ។
យោងតាមទិន្នន័យពីសមាគមផលិតកររថយន្តចិនបង្ហាញថាការលក់រថយន្តបានកើនឡើង៧%ក្នុងត្រីមាសដំបូងនៃឆ្នាំនេះដែលខ្ពស់ជាងការព្យាករទុក៥%សម្រាប់កំណើនពេញមួយឆ្នាំទៅទៀត ។
មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Sun Jiwen បានថ្លែងនៅក្នុងសន្និសិទកាសែតមួយថាហេតុផលដែលសំខាន់បំផុតនៅពីក្រោយកំណើនខ្លាំងក្លាគឺតម្រូវការខ្ពស់ជាងមុន ជាពិសេសតម្រូវការចំពោះរថយន្តពាណិជ្ជកម្ម ស្របតាមតម្រូវការនៃការដឹកជញ្ជូនទំនិញនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនកំពុងសាងសង់ ។
ក្នុងអំឡុងពេល៣ខែដំបូងនេះ ការលក់រថយន្តពាណិជ្ជកម្មបានកើនឡើង២២,៩% ។ ទោះជាយ៉ាងណាការលក់រថយន្តដឹកអ្នកដំណើរឬប្រភេទទេសចរណ៍ដែលស្មើនឹង៨៥%នៃការលក់សរុបបានកើនឡើងត្រឹមតែ៤,៦%ប៉ុណ្ណោះពីមួយឆ្នាំទៅមួយឆ្នាំក្នុងអំឡុងពេល៣ខែដំបូងនៃឆ្នាំ២០១៧នេះ ដែលមានអត្រាទាបជាងការរំពឹងទុករបស់ទីផ្សារទៅទៀត ។
លោក Sun បានព្យាករថាការលក់រថយន្តប្រចាំឆ្នាំនឹងនៅតែមានភាពរឹងមាំដដែលក្នុងឆ្នាំនេះ ប៉ុន្តែកំណើននឹងមានសន្ទុះយឺតជាងឆ្នាំ២០១៦ ដោយសារតែមូលដ្ឋានគ្រឹះនៃការប្រៀបធៀបគ្នាខ្ពស់ហើយមានការកាត់បន្ថយគោលនយោបាយលើកទឹកចិត្តសម្រាប់អ្នកទិញរថយន្តបញ្ចេញឧស្ម័នកម្រិតទាប ។ កាលពីដើមខែនេះក្រសួងពាណិជ្ជកម្មបានចេញវិធានការណ៍មួយចំនួនដែលអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុននានាដែលមានឬគ្មានអាជ្ញាប័ណ្ណពីម្ចាស់យីហោអាចលក់រថយន្តនោះបានចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០១៧តទៅ ។ ការផ្លាស់ប្តូរថ្មីនេះនឹងផ្សព្វផ្សាយនូវការប្រកួតប្រជែងទីផ្សារ បង្កើនប្រសិទ្ធភាពដឹកជញ្ជូននិងភាពសុទិដ្ឋិនិយមនៃការផ្គត់ផ្គង់ទីផ្សារ ។
គួរកត់សម្គាល់ថាចិននៅតែជាផលិតករនិងទីផ្សាររថយន្តធំជាងគេបំផុតលើពិភពលោកដដែលសម្រាប់រយៈពេល៨ឆ្នាំជាប់គ្នានេះគិតត្រឹមឆ្នាំ២០១៦ ជាមួយនិងការលក់រថយន្តកើនឡើង១៣,៧%លក់ដាច់បានជាង២៨លានគ្រឿងកាលពីឆ្នាំទៅ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា