ក្រោយពីលោកសុវណ្ណ មករា បានបង្ហោះសារផ្ញើជូនភរិយា ដែលសរសេរថា “ជូនធារី អតីតឧត្តមភរិយាបង បងទទួលស្គាល់ថាបង មិនមែនជាប្តីល្អ មិនមែនជាឪពុកល្អទេ បងក្រីក្រ ហើយថែមទាំងផឹកស៊ី មានស្រីញីក្រៅផ្ទះទៀត តែអូនមិនដែលខឹងយកទោសអូសដំណើរនឹងបងឡើយ អូនថែមទាំងនៅស្រលាញ់បងដដែល កំហុសបងគរដូចភ្នំខ្សាច់ បងពិតជាខ្មាសអៀនអូនណាស់ គឺខ្មាសរហូតដល់ថ្នាក់បងត្រូវតែចាកចេញឱ្យឆ្ងាយពីជីវិតអូនជាដាច់ខាត ដើម្បីឱ្យអូនមានអនាគតត្រចះត្រចង់លើវិថីជីវិតថ្មីនៃ អូនចុះ។ ចំណែកបងវិញ សូមបន្តជីវិតពាលាដូចសព្វថ្ងៃរបស់បងបន្តទៀត ចំណែកកូនប្រុសស្រីយើងទាំងពីរ បងសូមចូលរួមអាហារកិច្ច ចិញ្ចឹមបីបាច់រហូតដល់កូនធំអាចចិញ្ចឹមជីវិតពួកគេដោយខ្លួនឯងបាន។ និស្ស័យស្នេហ៍យើងដល់វេលាដែលត្រូវតែចប់ហើយអូន គឺចប់ដោយស្នាមញញឹម ចប់ដោយសន្តិភាព យើងអាចរាប់អានគ្នាជាបងប្អូនណា៎អូន…”។ ពេលនោះក៏មានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក រួមជាមួយអ្នកនាងគឹម លីហ្សា បានបញ្ចេញយោបល់ថា “វាជាលេសទៅរក អ្នកថ្មីមែនបងមករា? បើប្រើពាក្យថា អតីត អីចឹងមានន័យថាបងកំពុងមានបច្ចុប្បន្ន? ហ៊ឺ! កូនពីរហើយថាចង់ឱ្យរាប់គ្នាជាបងប្អូន? បើដឹងថាខ្លួនឯងពាលាអាវ៉ាសែអីចឹងដែរ ចុះមកបំផ្លាញអនាគតគេធ្វើអី? ឱ្យខាងស្រីដែលមានកូនពីរ ហើយទៅរកអនាគតថ្មីដែលល្អចឹង? បងនិយាយដូចជាងាយណាស់ និយាយមកចរិតបងមួយរយហ្មង ខ្ញុំសូមសរសើរហើយ! នេះទើបបានគេហៅថាអ្នកសម្តែងអាជីពមែន (ស្រលាញ់ឱ្យស្លាប់ចុះថ្លៃ) ឃើញហើយនៅស្រីៗទាំងអស់គ្នា គាត់ទទួលស្គាល់ហើយថា គាត់ជាមនុស្សបែបណាហើយ អីចឹងតិចច្រឡំលង់ជាមួយគាត់ណា៎ ដឹងតែទឹកភ្នែកជូតជាយសារុងហើយ” រួចមកនោះ។
ស្រាប់តែក្នុងជំនួបតាមទូរស័ព្ទជាមួយ “អង្គរធំ” កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ លោកសុវណ្ណ មករា បានប្រាប់ថា “លោកមិនតបតទៅអ្នកបញ្ចេញយោបល់ជេរលោកនោះទេ ដោយលោកប្រើពាក្យថា “ធម្មតាបើឆ្កែខាំយើងទៅហើយ តើយើងទៅខាំឆ្កែម្តេចនឹងកើត?”។
ចំពោះសំណួរដែលថា ហេតុអ្វីបានជាលោកសុវណ្ណ មករា ព្រមលែងលះភរិយានោះ? សុវណ្ណ មករា បានបញ្ជាក់ថា “ការដែលលោកបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយឈិន សុធារី ដោយសារការរស់នៅមិនចុះសម្រុងគ្នា មិនមែនលោកមានស្រីថ្មី នាំទៅដេកផ្ទះសំណាក់នោះទេ ម្យ៉ាងសុធារី ជាមនុស្សល្អ ឯលោកជាមនុស្សមិនល្អ ទើបមិនអាចបន្តរស់នៅជាមួយគ្នាបាន មានតែសុំបញ្ចប់ត្រឹមនេះតែម្តង”៕