មាស សុខសោភា ត្រូវបានចាត់ទុកជាតារាស្រីល្បីឈានមុខនៅផលិតកម្មថោន ដែលសម្រស់របស់នាងក៏មិនចាញ់តារាស្រីក្មេងៗរួមទ្រនំប៉ុន្មាននោះទេ។ កាលពីពេលថ្មីៗនេះ មាស សុខសោភា បានដើរកម្សាន្តលក្ខណៈគ្រួសារដើម្បីសម្រាកលំហែកាយពីការងារ ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅឆ្នេរដ៏ស្រស់ស្អាត នាក្រុងកំពង់សោម នាងបានស្លៀកឈុតប៊ីគីនី ថតរូបបង្ហាញរាងនៅលើខ្សាច់ដ៏សក្បុស ហើយនាងក៏បានជិះអូប័របណ្តែតខ្លួនលើទឹកសមុទ្រខៀវស្រងាត់ ដែលរូបភាពទាំងអស់នេះ បានធ្វើឲ្យបុរសដែលតាមចែចង់នាង ជញ្ជក់មាត់សរសើរមិនដាច់ពីមាត់ថា សោភា ពិតជាស្រស់ស្អាត ហើយសិចស៊ីមិនចាញ់ពួកបរទេស ដែលមកលេងកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជានោះទេ។
ក្រោយពីមានបុរសជាច្រើនសរសេើរមិនដាច់ពីមាត់ពីរូបភាពសិចស៊ីរបស់មាស សុខសោភា ប្រាកដណាស់ថា លោកអុិត រ៉ាដា ដែលជាស្វាមីមិនទាន់រៀបការតាមប្រពៃណីខ្មែរនោះ ដេកមិនលក់បក់មិនល្ហើយ ខ្វល់ខ្វាយខ្លាចបុរសទាំងនោះតាមឆក់សោភា ចេញពីប្រអប់ដើមទ្រូង ប៉ុន្តែយ៉ាងណា ទស្សនិកជនជឿជាក់ថា គ្មានអ្នកណាអាចឆក់មាស សុខសោភា ពីលោករ៉ាដា បាននោះទេ ព្រោះកាលពីពេលថ្មីៗ គេឃើញមាស សុខសោភា និងស្វាមី បណ្តើរគ្នាយ៉ាងត្រសងទៅចូលរួមកម្មវិធីឡើងផ្ទះលោកកែវ វាសនា ដែលជាតារាចម្រៀងប្រុសរួមទ្រនំថោន៕