Monday, November 25, 2024
Homeតារាខ្មែរស្រីស្អាត ណា សាឌី ផ្អាកសម្តែង

ស្រីស្អាត ណា សាឌី ផ្អាកសម្តែង

ពិធីការិនីប៉ុស្តិ៍បាយ័ន វ័យខ្ចីល្ហក់ នាងណា សាឌី ធ្លាប់លេចមុខតាមភាពយន្តមួយចំនួន ដូចជារឿង “សុបិនយុវវ័យ”, “ព្យុះជីវិតចិត្តអ្នកលេង”, “មន្តស្នេហ៍លេខា”, “ផ្លូវមរណៈ”។ ដែលទស្សនិកជនបានសរសើរថា តារាវ័យក្មេងរូបនេះ មានរូបសម្រស់ស្អាត និងទេពកោសល្យគួរឱ្យចាប់អារម្មណ៍ និងមានត្រេមុខដូចកូនកាត់ថៃជាដើម។ ប៉ុន្តែនៅពេលដែលបណ្តាផលិតករជាច្រើនកំពុងតែពេញចិត្តនូវរូបឆោម និងការសម្តែងរបស់ណា សាឌី នេះ ស្រាប់តែពិធីការិនីតូចច្រឡឹងរូបនេះបានប្រកាសថា នាងសូមផ្អាកថតភាពយន្តមួយរយៈសិនហើយ។ ជុំវិញការល្បីបានបន្តិចក៏ចង់បាយៗពីអាជីពមុខកាមេរ៉ានេះ នាំឱ្យការសង្ស័យថា សាឌី អាចរងគំនាបពីគូស្នេហ៍ជាមិនខាន បានជាមិនទាន់ល្បីដល់ចំណុចកំពូលផង ស្រាប់តែលែងទទួលថតរឿងថ្មីទៀតបែបនេះ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ ស្រីក្មេងណា សាឌី ប្រាប់ថា នាងពិតជាបានទាត់ចោលការថតរឿងថ្មីៗអស់មួយចំនួនមែន តែគ្មានអ្នកណាហួងហែងឡើយ គ្រាន់តែជាការសម្រេចចិត្តរបស់នាងតែប៉ុណ្ណោះ។

ណា សាឌី វាចាថា “តាំងតែពីខ្ញុំថតរឿងឱ្យផលិតកម្មមហាហង្ស និងប៉ុស្តិ៍បាយ័ន មួយចំនួនមក មានគេទាក់ទងហៅឱ្យថតរឿងថ្មីដែរ តែខ្ញុំមិនទទួលទេ គឺសូមផ្អាកមួយរយៈសិន មិនមែនបោះបង់រហូតឯណា? ចំពោះមូលហេតុវិញ គឺខ្ញុំចង់ពង្រឹងអាជីពពិធីការិនីច្រើនជាងអាជីពសម្តែង ដោយខ្ញុំគិតថា ធ្វើជាពិធីការិនីអាជីពម្នាក់ បើយើងមានសមត្ថភាពខ្ពស់ គឺមានតម្លៃជាងតារាសម្តែង ព្រោះអាចធ្វើដល់ចាស់បាន តែបើតួសម្តែងវិញ ពេលយើងអាយុច្រើនទៅ គឺគេឱ្យធ្វើជាតួម្តាយ (សើច)។ ខ្ញុំមិនមែនឈប់សម្តែង រហូតទេ គឺខ្ញុំនឹងអាចវិលមកវិញ នៅចុងឆ្នាំនេះ ព្រោះឥឡូវរវល់ច្រើន ហើយខាងប៉ុស្តិ៍បាយ័ន កំពុងតែចង់ឱ្យខ្ញុំធ្វើកម្មវិធីថ្មីថែមទៀតដែរ។ ការផ្អាកសម្តែងនេះ គ្មានអ្នកណាម្នាក់គាបសង្កត់ខ្ញុំទេ ខាងប៉ុស្តិ៍បាយ័ន ក៏គេមិនថាអីដែរ ឱ្យយើងថតតើ! តែខ្ញុំស្រលាញ់ខាងពិធីការិនីច្រើនជាងសម្តែង។ រាល់ថ្ងៃខ្ញុំគ្មានសង្សារអីទេ តែបើមានអ្នកតាមស្រលាញ់ គឺធម្មតាទេ ចេះតែមានហើយ គ្រាន់តែមិនទាន់ត្រូវចិត្ត”។

ឆ្លើយតបសំណួរថា បើប្រុសៗដែលតាមស្រលាញ់សាឌី ចង់ឱ្យនាងចាកចេញពីសិល្បៈ ហើយគេជាអ្នក ឧបត្ថម្ភចិញ្ចឹមនាងនោះ តើហ៊ានលោតឆត្រឬអត់នោះ?

សាឌី បានអះអាងថា “ខ្ញុំមិនមែនចូលសិល្បៈដើម្បីអ្វីមួយទេ។ ខ្ញុំគិតថា រឿងហ្នឹងសំខាន់នៅលើខ្លួនយើងទេ បើយើងចង់ធ្វើអីចឹង ទើបទៅរួច តែបើយើងមិនចង់ គ្មានអ្នកណាមកបង្ខំទេ។ ខ្ញុំមិនប្រថុយធ្វើអីចឹងទេ និយាយទៅមនុស្សប្រុសដែលខ្ញុំស្រលាញ់ គឺទាល់តែគេផ្តល់កិត្តិយសឱ្យខ្ញុំដែរ បើថាឱ្យលុយធ្វើជាកំណាន់ចិត្តគេអី ខ្ញុំមិនជ្រើសផ្លូវហ្នឹងទេ”។

ណា សាឌី ជាអតីតអ្នកអានព័ត៌មានរបស់ប៉ុស្តិ៍បាយ័ន ដែលបានវិវឌ្ឍខ្លួនមកជាពិធីការិនី “តន្ត្រីខារ៉ាបាវ”, “ពិភពរីករាយ” ហើយនាងក៏ជាតារាស្ពតពាណិជ្ជកម្មម្នាក់ ដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។

តាមប្រភពថា មុនប្រកាសដកថយចេញពីអាជីពសម្តែងនេះ សាឌី ដែលជាកូនកាត់ថៃ ព្រោះឪពុកនាងជាជនជាតិថៃ រូបនេះ ក៏មានបណ្តាផលិតកម្មមួយចំនួនចង់អូសទាញនាងឱ្យថតរឿង ដោយមិនបាច់ពាក់អាវ ដូចឌុច លីដា ហើយគេប្រាប់នាងថា មិនចាំបាច់ទៅថតរឿងច្រើនអី ថតតែមួយរឿងហ្នឹងហើយ នឹងល្បីភ្លាម ចំណែកតម្លៃខ្លួនក៏ខ្ពស់ទៀតផង។

ពិធីការិនីប៉ុស្តិ៍បាយ័ន រូបនេះបន្ថែមថា “និយាយពីការថតរឿងសិចស៊ីខ្លាំងហ្នឹង ធ្លាប់មានគេទាក់ទងមែនតើបង! តែជាគោលការណ៍ ខ្ញុំមិនចង់ថតរឿងបែបសាហាវទេបង អត់ហ៊ានតែម្តង។ ម៉្យាងទៀតខ្ញុំធ្វើការនៅប៉ុស្តិ៍បាយ័ន ជាប់កុងត្រាអីចឹង ខាងប៉ុស្តិ៍គេមិនឱ្យថតរឿងណាដែលមិនសមរម្យទេ ហើយមិនមែនតែខ្ញុំម្នាក់ទេ គឺទាំងអស់គ្នាហ្នឹង។ សម្រាប់ខ្ញុំពេលនេះចង់ពង្រឹងសមត្ថភាពធ្វើពិធីការិនីឱ្យបានល្អជាងនេះ ហើយកន្លងមក ខ្ញុំពេញចិត្តជាងគេ សម្រាប់ពិធីការិនីរៀមច្បង គឺអ្នកបងគង់ សុជាតិ ខ្ញុំគិតថា គាត់ធ្វើបានល្អមែនទែន ទាំងការស្លៀកពាក់និងនិយាយស្តី គួរឱ្យគោរពខ្លាំងណាស់ ខ្ញុំចង់ដើរតាមផ្លូវគាត់ តែមិនសង្ឃឹមថា ធ្វើបានដូចគាត់ទេ”។

ណា សាឌី ហៅក្រៅ “ក្វាន់” ជាអតីត Freshie Girl ឆ្នាំ២០១៥ មានអាយុ២០ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ ទម្ងន់៥០គ.ក្រ បានព្យួរការសិក្សាត្រឹមឆ្នាំទី២ នៅមហាវិទ្យាល័យ ISIS ផ្នែកធនាគារ។ សាឌី ជាកូនទោល ដែលមានឪពុកជាជនជាតិថៃ ម្តាយជាអាជីវកររស់នៅក្រុងភ្នំពេញ។ ក្រៅពីអាជីពសិល្បៈ ស្រីក្មេងសាឌី រូបនេះ មានគម្រោងបើករបររកស៊ីនារយៈពេល៣ឆ្នាំ ខាងមុខនេះ ព្រោះតែនាងយល់ថា អាជីពសិល្បៈមិនឋិតថេរឡើយ។

មហាជននិយាយថា កន្លងមកមានតារាស្រីស្អាតៗជាច្រើន ដែលមានការតាំងចិត្តស្រដៀងសាឌី ថា មិនលោតឆត្រឡើយ តែពេលបានល្បីខ្លាំង តារាទាំងនោះចាប់ផ្តើមបាត់ខ្លួន ហើយកម្រមានតារាណាអាចគេចផុតពីអន្ទាក់កណ្តាប់ដៃប្រុសៗមានលុយណាស់។ ដូចនេះ គេចាំមើលថា ការតាំងចិត្តរបស់ស្រីក្មេងសាឌី ហៅក្វាន់ នឹងរក្សាជំហរបានយូរប៉ុនណា ព្រោះមានព័ត៌មានថា ពេលនេះមានប្រុសៗសម្បូរទ្រព្យមិនតិចនាក់ឡើយ ដែលតាមប្រជែងស្នេហ៍តារាកូនកាត់ខ្មែរ-ថៃរូបនេះ…៕

RELATED ARTICLES