Monday, November 25, 2024
Homeតារាខ្មែរគង់ ច័ន្ទស្រីមុំ វេបសាយបរទេសចេញមុខសុំទោស

គង់ ច័ន្ទស្រីមុំ វេបសាយបរទេសចេញមុខសុំទោស

នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ អ្នកនាងគង់ ច័ន្ទស្រីមុំ និងស្វាមី លោកគឹម សីហា បានធ្វើសន្និសីទសារព័ត៌មានមួយ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់វេបសាយបរទេសមួយ ឈ្មោះ United News International ​ដែលបានដាក់រូបភាពផលិតផល MOMO  by Sreymom ភ្ជាប់ជាមួយព័ត៌មានចាប់បានផលិតផលថែរក្សាសម្រស់ក្លែងក្លាយជាច្រើនតោន នៅកម្ពុជា កាលពីប៉ុន្មានថ្ងៃមុន ដែលធ្វើឲ្យអតិថិជន MOMO ជ្រួលច្របល់និងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផលិតផលជាខ្លាំង។ ស្រីមុំ និងស្វាមី ប្រកាសប្ដឹងវេបសាយមួយនោះប្រសិនបើគ្មានការកែតម្រូវ និងសុំទោស ស្របពេលដែលបានត្រៀមមេធាវី ដើម្បីចាត់ការតាមផ្លូវច្បាប់រួចរាល់។

ផេក United News International បានធ្វើការសុំទោសគង់ ច័ន្ទស្រីមុំ ចំពោះព័ត៌មាននៃការយល់ច្រឡំ

លោកគឹម សីហា ស្វាមីស្រីមុំ បានថ្លែងឲ្យដឹងថា លោកនិងភរិយា ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលសារព័ត៌មាន United News International បានដាក់បញ្ចូលរូបភាពផលិតផល MOMO ដែលកំពុងទាញបានភាពល្បីល្បាញ នៅក្នុងអត្ថបទព័ត៌មានពាក់ព័ន្ធនឹងការចាប់បានផលិតផលថែរក្សាសម្រស់ក្លែងក្លាយនៅកម្ពុជា។ លោកនិយាយថា បើទោះបីដំណឹងនោះមិនបានអធិប្បាយចំៗលើផលិតផលMOMO ប៉ុន្តែការភ្ជាប់រូបភាពផលិតផលបានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនមានការយល់ច្រឡំ ខណៈដែលវេបសាយមួយចំនួននៅក្នុងស្រុកដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន បានធ្វើការចុះផ្សាយបន្តធ្វើឲ្យមានការយល់ច្រឡំកាន់តែខ្លាំង។

លោកសីហា អះអាងថា ផលិតផល Momo by Sreymom គឺបាននាំចូលផ្ដាច់មុខពីក្រុមហ៊ុនជប៉ុន និងធ្វើការវេចខ្ចប់យ៉ាងត្រឹមត្រូវនៅប្រទេសថៃ គឺពុំមែនជាផលិតផលក្លែងក្លាយនោះទេ។ ម្យ៉ាងទៀត ផលិតផល Momo by Sreymom មានច្បាប់ និងមានឯកសារនាំចូលត្រឹមត្រូវពីក្រសួងដែលពាក់ព័ន្ធ ហើយប្រសិនបើផលិតផលរបស់លោកក្លែងក្លាយមែននោះ ច្បាស់ជាខាងអាជ្ញាធរចុះមកចាប់ខ្ទេចអស់បាត់ទៅហើយ។

អ្នកនាងគង់ ច័ន្ទស្រីមុំ បញ្ជាក់ថា ការចេញផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់នេះ បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនយល់ច្រឡំ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផលិតផលរបស់នាង ហើយក៏ធ្វើឲ្យប៉ះពាល់ដល់មុខជំនួញរបស់នាងដែលបានចំណាយទុនខ្ទង់រាប់សែនដុល្លារផងដែរ។ នាងនិយាយថា នាងចង់ឲ្យវេបសាយបរទេសមួយនោះធ្វើការកែតម្រូវ និងទទួលខុសលើការភាន់ច្រឡំ ដើម្បីបន្សាបភាពរំជើបរំជួល។ ប៉ុន្តែបើពុំដូច្នោះទេនាងនឹងឲ្យមេធាវីរបស់នាងចាត់ការតាមផ្លូវច្បាប់ ដើម្បីស្ដារមុខមាត់អាជីវកម្មរបស់នាងឡើងវិញ។

យ៉ាងណា តាមដំណឹងចុងក្រោយថា ក្រោយពេលគង់ ច័ន្ទស្រីមុំ និងស្វាមី ប្រកាសគំរាមប្ដឹង វេបសាយបរទេសមួយនោះ ក៏បានចេញមុខប្រកាសសុំទោសលើផេករបស់ខ្លួនជាសាធារណៈផងដែរ ស្របតាមការចង់បានរបស់ស្រីមុំនិងស្វាមី ដែលធ្វើឲ្យគូស្នេហ៍តារាសិល្បៈមួយគូនេះស្ងប់ចិត្តបន្តិច៕

RELATED ARTICLES