ថៃ៖ ទីភ្នាក់ងារសន្តិសុខថៃបានណែនាំក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងធ្វើការហ្វឹកហាត់ពិនិត្យពិច័យដោយយកចិត្តទុកដាក់ ផ្អែកតាមរបាយការណ៍មួយដែលជូនដំណឹងមកថាមានជនជាតិម៉ាឡេស៊ីម្នាក់ជាប់ពាក់ព័ន្ធនឹងក្រុមភេរវករអាយស៊ីសបានចូលមកតំបន់ភាគខាងត្បូងប្រទេសថៃហើយ ។
អ្នកនាំពាក្យក្រសួងការពារជាតិថៃលោកឧត្តមសេនីយ៍ទោ Kongcheep Tantravanich បានបង្ហើបនៅក្នុងសេចក្តីថ្លែងការណ៍មួយថាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកឧត្តមសេនីយ៍ ប្រាវីត វង្សស៊ូវ៉ាន់ បានស្នើបណ្តាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ថៃធ្វើការផ្លាស់ប្តូរព័ត៌មាននិងពិនិត្យមើលរបាយការណ៍ឲ្យបានត្រឹមត្រូវ ។
លោកប្រាវីតបានបញ្ជាក់ថាកងកម្លាំងយោធាក្នុងតំបន់ភូមិភាគ៤និងប៉ូលិសជាតិថៃនឹងត្រូវក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នខ្ពស់ហើយធ្វើការពិនិត្យពិច័យស្ថានការណ៍ដោយការយកចិត្តទុកដាក់ ។ លោកបន្ថែមថាថៃនៅមិនទាន់ត្រូវបានផ្តល់ព័ត៌មានដោយម៉ាឡេស៊ីស្តីពីរបាយការណ៍បុគ្គលដែលមានជាប់ពាក់ព័ន្ធនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឬអាយស៊ីសដែលបានឆ្លងកាត់ចូលតំបន់ភាគខាងត្បូងថៃនៅឡើយទេ ។
លោក Kongcheep បានស្នើឲ្យប្រជាជនជឿជាក់លោករដ្ឋាភិបាលនិងទីភ្នាក់ងារសន្តិសុខរបស់ខ្លួនក្នុងការរក្សាសុវត្ថិភាពរបស់ប្រទេសថៃពីការគំរាមកំហែងណាមួយ ។ កាលពីម្សិលមិញនេះមេប៉ូលិសម៉ាឡេស៊ីលោក Tan Sri Khalid Abu Bakar បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រកាសចាប់ខ្លួនបុរស៤នាក់និងស្ត្រី២នាក់ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមអាយស៊ីស ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា