ខណៈដែលដណ្តើមបានភាពលេចធ្លោនៅក្នុងសង្គមសិល្បៈ ទាំងផ្នែកសម្តែង ច្រៀង និងពិធីការិនីផងនោះ រូបសម្រស់របស់បេប៊ី ក៏បានអង្រួនដួងចិត្តបុរសចម្រុះឋានៈជាច្រើន ឱ្យឈ្លក់វង្វង់ផងដែរ។ ក្នុងនោះ មានទាំងមន្ត្រីធំ អ្នកជំនួញ និងឧកញ៉ាផង ក៏តាមថ្ពក់ស្នេហ៍នាងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ មុននេះបន្តិច ត្រូវបានប្រុសក្មេងម្នាក់តាមស្នេហ៍នាង ទាំងតាមបណ្តាញសង្គមហ្វេសប៊ុក និងតាមនាងដល់ឆាកតន្ត្រី ក៏មាន ដែលធ្វើឱ្យនាងក្រពុលមុខជាខ្លាំង ព្រោះនាងយល់ថា បុរសម្នាក់នោះ ប្រៀបដូចមនុស្សរោគចិត្ត ត្បិតអីពេលនាងប្រកែកមិនទទួលស្នេហ៍ បែរជាបង្ហោះសារនិយាយអាក្រក់ពីនាងនៅតាមបណ្តាញសង្គម ដែលនាងពិបាកនឹងទទួលយក។
យ៉ាងណា បេប៊ី បញ្ជាក់ថា ក្រោយពេលនាងប្រកាសគំរាមតាមហ្វេសប៊ុក និងបានដាក់ពាក្យប្តឹងទៅខាងសមត្ថកិច្ច បុរសរោគចិត្តរូបនោះ ហាក់បាក់ស្បាតមិនហ៊ានតាមរំខាននាងដូចមុនទៀតទេ។
បេប៊ី បញ្ជាក់ថា នាងសប្បាយចិត្តនៅពេលស្ងប់រឿងនេះ ខណៈដែលនាងកំពុងតែផ្តោតលើការពង្រឹងអាជីពសិល្បៈ។
តារាសម្បូរប្រុសចោមស្នេហ៍រូបនេះ បានឱ្យដឹងដែរថា មួយរយៈចុងក្រោយនេះ នាងមមាញឹកខ្លាំងទាំងអាជីពពិធីការិនី និងច្រៀង ខណៈដែលការងារសម្តែង នាងបានបដិសេធ មិនទទួលថតភាពយន្តក្នុងតំណែងតួឯក រហូតដល់៥រឿងជាបន្តបន្ទាប់។
បេប៊ី បញ្ជាក់ថា “ខ្ញុំមិនបានទទួលថតភាពយន្ត៥រឿង នាពេលចុងក្រោយនេះ តែពុំបានន័យថា ខ្ញុំឈប់សម្តែងទេ គឺគ្រាន់តែផ្អាកមួយរយៈប៉ុណ្ណោះ ដោយសារតែខ្ញុំមមាញឹកខ្លាំងលើអាជីពពិធីការិនី និងចេញច្រៀងតាមបណ្តាកម្មវិធីប្រគំតន្ត្រីនានា ហើយខ្ញុំក៏មានការសោកស្តាយចំពោះឱកាសសម្តែងភាពយន្តផងដែរ។ ពោលគឺ នៅពេលខ្ញុំមានពេលគ្រប់គ្រាន់ ខ្ញុំនឹងទទួលការសម្តែងជាថ្មី”។
បេប៊ី បន្ថែមថា ខណៈដែលការងារសិល្បៈ នាងរវល់ខ្លាំង នាងញ៉ាំអាហារបានច្រើន ចេះតែឆ្ងាញ់ ស្រាប់តែឥឡូវឡើងទម្ងន់១០គីឡូក្រាម គឺបច្ចុប្បន្ននេះ៥៥គីឡូក្រាម ប៉ុន្តែនាងមានគម្រោងសម្រករាងនៅរដូវវស្សា ខាងមុខនេះ នៅពេលរយាលពីការងារសិល្បៈបន្តិច គឺមិនបណ្តោយឱ្យឡើងជាងនេះទេ ព្រោះនាងខ្លាចទស្សនិកជនលែងពេញចិត្ត។
ទន្ទឹមនឹងកេរ្តិ៍ឈ្មោះក្នុងសិល្បៈស្ទុះឡើង ជីវភាពរបស់បេប៊ី ក៏កាន់តែលេចធ្លោគួរឱ្យភ្ញាក់ផ្អើលផងដែរ ដែលក្រៅពីជិះ Range Rover ជាង៤ម៉ឺនដុល្លារ នាងក៏ទើបទិញវីឡាក្នុងតម្លៃជាង២០ម៉ឺនដុល្លារទៀត ដែលនាំឱ្យមានការសង្ស័យថា នាងទទួលបានការជ្រោមជ្រែងពីមនុស្សពិសេសណាម្នាក់។ ក្នុងនោះត្រូវបានគេសង្ស័យថាជាឧកញ៉ាសម្បូរទ្រព្យម្នាក់ ដែលជ្រោមជ្រែងនាង ទាំងការងារបានរឹងមាំនៅ CTN ផង។
យ៉ាងណា បេប៊ី បញ្ជាក់ថា អ្វីដែលនាងមានពេលនេះជាកម្លាំងញើសឈាមរបស់នាងនិងក្រុមគ្រួសារ គឺគ្មានបុរសណាជួយផ្គត់ផ្គង់ឧបត្ថម្ភនាងទេ។ រីឯផ្ទះវីឡានាងទិញក្នុងលក្ខខណ្ឌបង់រំលស់។
បេប៊ី បានទទួលស្គាល់ថា ចាប់តាំងពីទាញបានភាពលេចធ្លោនៅក្នុងសួនសិល្បៈ ពិតជាមានបុរសជាច្រើនតាមចោមស្នេហ៍នាងមែន ភាគច្រើនជាអ្នកជំនួញ មានមុខមាត់នៅក្នុងសង្គម ប៉ុន្តែមកទល់ពេលនេះ នាងមិនទាន់ជ្រើសរើសបុរសណាជាគូគាប់នៅឡើយទេ។
បេប៊ី បញ្ជាក់ថា “ខ្ញុំគិតថា អំឡុងពេលនេះខ្ញុំនៅក្មេងចង់ឱ្យចាស់ចិត្តចាស់គំនិតជាងនេះបន្តិចសិន ចាំគិតរឿងគ្រួសារ។ ម៉្យាងខ្ញុំចង់ពង្រឹងអាជីពសិល្បៈឱ្យកាន់តែល្អប្រសើរជាងនេះសិន”។
ទស្សនិកជនរង់ចាំមើលថា តើបុរសណានឹងក្លាយជាដៃគូជីវិតរបស់ពិធីការិនីរូបស្រស់ បេប៊ី ខណៈដែលអំឡុងពេលនេះ មានបុរសចម្រុះឋានៈជាច្រើនតាមថ្ពក់ស្នេហ៍នាងឱ្យរដឹក ហើយមានទាំងអ្នកខូចចិត្តផង ដែលតាមថ្ពក់ស្នេហ៍នាងមិនបាន។ ជាពិសេសទៀតនោះ នាងបានព្រមានបុរសម្នាក់ បាក់ស្បាត លែងហ៊ានតាម ស្នេហ៍នាង៕