នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នេះ មានការភ្ញាក់ផ្អើលមួយ នៅក្នុងខុនដូមួយកន្លែងស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគេប្រទះឃើញភរិយាទី២ របស់តារាកំប្លែងល្បីឈ្មោះ នាយហុង ដា ស្លាប់យ៉ាងអណោចអាធម ចោលកូនទើបមានអាយុ៦ខែ ហើយគេកំពុងសង្ស័យថា ជាករណីឃាតកម្ម។
ស្ត្រីដែលប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងខុនដូជាន់ទី៥ នៅខាងក្រោយផ្សារសារឿន យ៉ានី ម្ដុំចម្ការដូង នោះ មានឈ្មោះស៊ឹម ចាន់ធី ហៅស្រីមុំ អាយុ១៩ឆ្នាំ គឺជាភរិយាទី២ របស់នាយហុង ដា ដែលគេកំពុងសង្ស័យថា ជាករណីឃាតកម្ម ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងតែចុះទៅតាមដានពិនិត្យលើសពជនរងគ្រោះ។
តាមការអះអាងរបស់ម្ដាយបង្កើតជនរងគ្រោះដែលត្រូវជាម្ដាយក្មេករបស់នាយហុង ដា បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា មុនពេលកូនរបស់អ្នកស្រីស្លាប់ កូនរបស់អ្នកស្រីបានឈ្លោះប្រកែកជាមួយកូនប្រុសដើមរបស់នាយហុង ដា ហើយកូនរបស់អ្នកស្រីក៏បានទូរស័ព្ទមកអ្នកស្រីផងដែរ។ លុះក្រោយពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះក៏បានបាត់ ហើយកូនប្រុសរបស់នាយហុង ដា និងសង្សារ ក៏បានបាត់ខ្លួនផងដែរ។ ពោលគឺអ្នកស្រីសង្ស័យករណីឃាតកម្មនេះ ទៅលើកូនប្រុសដើមរបស់នាយហុង ដា។
យ៉ាងណាក៏ដោយ ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ហើយមានការរំពឹងថា នឹងវែកមុខរកឃើញជនដៃដល់ក្នុងពេលឆាប់ៗ ខណៈនៅក្នុងខុនដូមានកាមេរ៉ាសុវត្ថិភាពជាច្រើន។
ចំណែកឯនាយ ហុងដា វិញ បានឆ្លើយទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា លោកទើបទទួលបានដំណឹងតាមរយៈប្អូនស្រីទូរស័ព្ទប្រាប់មុននេះដែរ ដោយមិនទាន់ដឹងច្បាស់ថា យ៉ាងណានោះទេ ហើយឥឡូវកំពុងឲ្យឪពុកម្ដាយក្មេកទៅមើលនៅកន្លែងកើតហេតុ។ ឯលោកកំពុងនៅលើផ្លូវធ្វើដំណើរមកពីប៉ោយប៉ែត។
គួរបញ្ជាក់ថា តារាកំប្លែង នាយ ហុងដា បានរៀបការជាមួយនាងស៊ឹម ចាន់ធី អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីលែងលះជាមួយអ្នកនាងខ្មឹប ដែលជាប្រពន្ធដើមនិងជាតារាកំប្លែងដូចគ្នា។ តាំងរៀបការរួចមក ពួកគេទាំងពីរទទួលបាននូវចំណងដៃកូនស្រីមួយផងដែរ ដោយសព្វថ្ងៃមានអាយុ៦ខែ និងរស់នៅជាមួយជីតា ក្នុងខេត្តកំពង់ស្ពឺ ខណៈដែលនាយហុងដា និងប្រពន្ធទី២នេះ រស់នៅជាមួយគ្នា ក្នុងខុនដូខាងលើ៕