Monday, November 25, 2024
Homeតារាខ្មែរក្រោយបែកបាក់ស្នេហ៍ មាស សម្ផស្ស អស់ប្រាក់ជិត១០មុឺនដុល្លារ ពេលនេះមិនមានលុយឡើងតុលាការ

ក្រោយបែកបាក់ស្នេហ៍ មាស សម្ផស្ស អស់ប្រាក់ជិត១០មុឺនដុល្លារ ពេលនេះមិនមានលុយឡើងតុលាការ

ក្រោយពេលភប់ប្រសព្វស្នេហ៍ឆ្លងទ្វីបជាមួយលោកឌី មាស សម្ផស្ស បានសម្រេចចិត្តសាងស្នេហ៍ ដោយបើកចំហ រហូតឈានដល់ចុះអេតាស៊ីវិលរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ដោយពុំបានឆ្លងកាត់នឹមអាពាហ៍ពិពាហ៍ ហើយការដែលចំណងស្នេហ៍កំពុងតែផ្អែមល្ហែមនោះ មាស សម្ផស្ស និងលោកឌី ធ្លាប់បោះទុនជាច្រើនម៉ឺនដុល្លារ បើកភោជនីយដ្ឋាននៅម្តុំស្តុបបូកគោ ហើយមិនយូរប៉ុន្មាន មុខជំនួញនោះក៏ត្រូវបរាជ័យ។ រីឯជីវិតស្នេហារបស់ពួកគេក៏ចាប់ផ្តើមរកាំរកូស រហូតឈានដល់ការលែងលះ ដោយសារតែលោកឌី ប្រែចិត្តទៅមានស្រីថ្មី។

ក្នុងជំនួបជាមួយ “អង្គរធំ” ថ្មីៗនេះ មាស សម្ផស្ស បានថ្លែងឱ្យដឹងថា នាងនិងលោកឌី កំពុងតែលែងលះតាមប្រព័ន្ធតុលាការ ប៉ុន្តែក្នុងដំណាក់កាលចុងក្រោយនេះ នាងគ្មានថវិកាដើម្បីឡើងតុលាការជម្រះក្តីលែងលះឱ្យបានដាច់ស្រេចទេ។ ត្បិតអីក្រោយបែកស្នេហ៍ពីលោកឌី នាងសល់តែសំបកខ្លួន។

សម្ផស្ស បញ្ជាក់ថា “មកដល់ដំណាក់កាលនេះ ទើបខ្ញុំដឹងថា ស្នេហារបស់ខ្ញុំជាស្នេហាបោកប្រាស់ គឺពុំមែនជាសេចក្តីស្រលាញ់ដ៏ពិតប្រាកដទេ ដោយសារតែខ្ញុំមើលមនុស្សខុស”។

សម្ផស្ស បន្តថា “កន្លងមក ដោយសារតែខ្ញុំស្រលាញ់ ខ្ញុំគិតថា គាត់ជាមនុស្សមានចំណេះដឹងជ្រៅជ្រះ គួរឱ្យទុកចិត្តអាចកសាងសុភមង្គលជាមួយគ្នាបាន ខ្ញុំតែងតែលើកមុខលើកមាត់ជានិច្ច។ ជាក់ស្តែង ការបោះទុនបើកភោជនីយដ្ឋានកន្លងមក ខ្ញុំតែងតែអួតប្រាប់គេឯងថា ជាដើមទុនរបស់គាត់ តែការពិតជាលុយកាក់របស់ខ្ញុំទាំងស្រុង ពោលគឺការរកស៊ីបើកភោជនីយដ្ឋាននោះ ខ្ញុំខាតអស់ជាង៤ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំក៏អស់ចិញ្ចៀនពេជ្រមួយវង់ទៀត ពោលគឺអំឡុងពេលខ្ញុំរស់នៅជាមួយគាត់ ខ្ញុំអស់ជាង៧ម៉ឺនដុល្លារ ហើយមកទល់ពេលនេះទើបខ្ញុំដឹងថា គាត់បោកប្រាស់ខ្ញុំ គឺពុំមានចិត្តស្មោះត្រង់ជាមួយខ្ញុំទេ”។

តារាធ្លាប់បរាជ័យរឿងស្នេហ៍ជាច្រើនលើករូបនេះ បញ្ជាក់ថា ការប្តឹងលែងលះលោកឌី នេះ នាងក៏បានទាមទារឱ្យអតីតប្តីសងនូវជំងឺចិត្តខ្លះដែរ តែពុំបានទាមទារខ្ទង់ម៉ឺនដុល្លារ ដែលនាងបាត់បង់នោះទេ គឺនាងគ្រាន់តែសុំឱ្យលោកឌី ផ្តល់ឱ្យនាងក្នុងមួយខែ ពី៣០០ទៅ៥០០ដុល្លារប៉ុណ្ណោះ ហើយនាងក៏មិនខ្វល់ថា លោកឌី ទៅមានស្រី ឬប្រពន្ធថ្មីដែរ។

សម្ផស្ស បន្ថែមថា “ការទាមទាររបស់ខ្ញុំ ទំនងជាគ្មានសង្ឃឹមទេ ដោយសារតែពេលនេះ ខ្ញុំគ្មានលុយ សម្រាប់ឡើងតុលារជម្រះក្តី រីឯគាត់ (លោកឌី) ក៏មិនអើពើផ្តល់ប្រាក់ប្រចាំខែឱ្យខ្ញុំដែរ”។

លោកឌី និងមាស សម្ផស្ស

មាស សម្ផស្ស ដែលកំពុងធ្លាក់ខ្លួនស្គម ធ្លាក់ចុះសម្រស់ ដោយសារបរាជ័យរឿងស្នេហ៍ បានថ្លែងឱ្យដឹងថា អំឡុងពេលនេះ នាងមានតែយកវិថីសិល្បៈ ដើម្បីរំសាយទុក្ខកង្វល់ និងការឈឺចាប់ ចំពោះរឿងស្នេហ៍បោកប្រាស់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា មាស សម្ផស្ស ធ្លាប់បរាជ័យស្នេហ៍ជាច្រើនលើកមកហើយ ហើយនៅមុនពេលភ្ជាប់ស្នេហ៍ជាមួយលោកឌី នាងធ្លាប់ផ្តាច់ស្នេហ៍ដ៏ចម្រូងចម្រាសជាមួយថៅកែជាជនជាតិកូរ៉េម្នាក់ ដែលមានដំណឹងថា ថៅកែកូរ៉េនោះ ក៏ធ្លាប់បោកប្រាស់លុយរបស់នាងអស់ខ្ទង់ម៉ឺនដុល្លារផងដែរ។

សម្ផស្ស បានបង្ហើបឱ្យដឹងថា ក្រោយពេលនាងប្រកាសលែងលះជាមួយលោកឌី ក៏មានបុរសមួយចំនួនទាំងក្នុងនិងក្រៅស្រុកតាមថ្ពក់ស្នេហ៍ចង់ស្អំបេះដូងនាងដែរ ប៉ុន្តែក្នុងដំណាក់កាលនេះ នាងមិនអាចទៅគិតគូរពីរឿងស្នេហាថ្មីបានទេ។ ម៉្យាងនាងហាក់រាងចាលចំពោះរឿងស្នេហា ដែលជួបតែស្នេហាបោកប្រាស់ជាបន្តបន្ទាប់ ពោលគឺនាងសុំបិទបេះដូងមួយរយៈសិន។

ខណៈដែលអ្នកសិល្បៈមួយចំនួនគិតថា សម្ផស្ស មិនទាន់ដាច់អាល័យពីលោកឌី ដែលធ្លាប់រួមរស់ជាមួយគ្នាបន្សល់អនុស្សាវរីយ៍ផ្អែមល្ហែម រាប់មិនអស់នោះ សម្ផស្ស អះអាងថា សម្ព័ន្ធស្នេហ៍រវាងនាង ជាមួយលោកឌី មិនអាចដូចដើមវិញបានទេ បើទោះបីមានការសម្របសម្រួលយ៉ាងណាក៏ដោយ ព្រោះនាងបានស្គាល់សន្តានលោកឌី ច្បាស់ជាមនុស្សបោកប្រាស់ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពេលចែកផ្លូវពីនាង ហើយថែមទាំងដើរនិយាយអាក្រក់បង្កាច់បង្ខូចនាងទៀតផង គឺនាងមិនចង់ជួបប្រសព្វជាមួយបុគ្គលបែបនេះទៀតទេ។

យ៉ាងណា ចំពោះការលើកឡើងរបស់សម្ផស្ស ខាងលើនេះ មិនទាន់ទទួលបានការបកស្រាយពីលោកឌី នៅឡើយទេ ហើយយើងរង់ចាំទទួលការបំភ្លឺពី លោកឌី ជានិច្ច៕

RELATED ARTICLES