Monday, November 25, 2024
Homeតារាខ្មែរតារាល្បីៗជាង៨០រូប ត្រៀមធ្វើឲ្យកក្រើកព្រឹត្តិការណ៍កម្រាលព្រំក្រហមប្រចាំឆ្នាំ២០១៧ នៅស្ដាតអូឡាំពិក

តារាល្បីៗជាង៨០រូប ត្រៀមធ្វើឲ្យកក្រើកព្រឹត្តិការណ៍កម្រាលព្រំក្រហមប្រចាំឆ្នាំ២០១៧ នៅស្ដាតអូឡាំពិក

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំឧសភា ខាងមុខនេះ តារាចម្រៀង តារាកំប្លែង ពិធីករ ពិធីការិនី និងតារាសម្ដែងដែលសុទ្ធតែមានឈ្មោះបោះសំឡេងនៅក្នុងភពសិល្បៈ យ៉ាងហោចជាង៨០រូប បានប្រកាសរួមគ្នាថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំលើកទី២ របស់គ្រួសារតារាកម្ពុជា នៅស្ដាតអូឡាំពិក បន្ទាប់ពីព្រឹត្តិការណ៍នេះធ្លាប់បានជោគជ័យម្ដងហើយកាលពីខែសីហា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យន័រតុន។ នេះជាការរួមកម្លាំងរបស់តារាសិល្បៈទ្រង់ទ្រាយធំ ដើម្បីប្រមូលថវិកាពីគ្រប់សប្បុរសជនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

ស្ថាបនិក «គ្រួសារតារាកម្ពុជា» លោកផាត់ តារារដ្ឋ និងជាអ្នករៀបចំព្រឹត្តិការណ៍ បានអះអាងថា ដោយសារតែមានការចូលរួមពីដៃគូសហការ និងសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដែលគាំទ្រដោយក្រសួងអប់រំ ទើប «គ្រួសារតារាកម្ពុជា» មានលទ្ធភាពរៀបចំព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំនេះឡើង ជាលើកទី២ ដោយព្រឹត្តិការណ៍ឆ្នាំនេះ លោកចាត់ទុកថាជាព្រឹត្តិការណ៍ធំដែលមានសុទ្ធតែតារាល្បីៗនៅក្នុងប្រទេសកម្ពុជាចូលរួម ហើយត្រូវបានធ្វើឡើងនៅក្នុងទីតាំងស្ដាតអូឡាំពិក ដែលនឹងមានមហាជនចូលរួមគាំទ្រ។

លោកសុះ ម៉ាច

 

លោកបន្តថា ព្រឹត្តិការណ៍នេះមិនផ្ដោតការប្រគំតន្ត្រីតែមួយមុខនោះទេ តែផ្ដោតជាសំខាន់លើការបញ្ចេញសមត្ថភាព ការដើរលើកម្រាលព្រំនៅចំកណ្ដាលស្ដាតអូឡាំពិក ដែលមានអ្នកទស្សនាកុះករ និងមានប្រតិភូដែលសុទ្ធតែជាបុគ្គលល្បីៗអង្គុយទស្សនា។ ព្រឹត្តិការណ៍នេះត្រូវបានអញ្ជើញចូលរួមផ្ដល់ប័ណ្ណសរសើរដល់តារាដែលបានសម្ដែងលើឆាក និងតារាដែលបានស្ម័គ្រចិត្តរៃអង្គាសថវិកានៅក្នុងពិធីដោយផលិតករ ម្ចាស់ក្រុមហ៊ុនធំៗ និងតារាល្បីៗ ដែលក្នុងនោះគ្រាន់តែសមសភាពជាសិល្បករផលិតករដែលចូលរួមផ្ដល់ប័ណ្ណសរសើរ រួមមាន លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ, លោកហ្វៃ សំអាង ផលិតករល្បីឈ្មោះ, លោកសុខ ជំនោរ អ្នកនិពន្ធល្បីឈ្មោះ, លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ប្រធានផលិតនៅ CTN, អ្នកនាងសឿ សុធារ៉ា, អ្នកនាងស្វែង សុជាតា, កញ្ញាឌួង ហ្សូរីដា, អ្នកនាងឈួន សុវណ្ណឆៃ, លោកពូឃ្លោក និងម្ចាស់ផលិតកម្មល្បីឈ្មោះជាច្រើនរូបទៀត ដែលសុទ្ធតែមានឥទ្ធិពលនៅក្នុងពិភពសិល្បៈ។ ក្នុងនោះតារាៗជំនាន់ក្រោយផ្សេងទៀត ក៏បើកទូលាយអោយចូលទស្សនាផងដែរ ដើម្បីផ្ដល់ឱកាសអោយតារាទាំងនោះ ដើរកាត់លើកម្រាលព្រំ ដែលអមដោយមហាជននៅក្នុងបរិវេណវេទិកា។ អ្វីដែលពិសេសគឺព្រឹត្តិការណ៍នេះមានការចូលរួមដល់ឥស្សរជនជាមន្ត្រីរាជការថ្នាក់ក្រសួង និងឥស្សរជនជាអ្នកមានមុខមានមាត់យ៉ាងច្រើនកុះករ ដែលត្រូវបានអញ្ជើញអោយចូលរួម។

លោកណុប បាយ៉ារិទ្ធ

លោកប្រាប់បន្ថែមថា ហេតុផលដែលនាំអោយកម្មវិធីនេះបានក្លាយជាទ្រង់ទ្រាយធំសម្រាប់ឆ្នាំទី២នេះ គឺដោយសារតែសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានបើកព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងប្រចាំឆ្នាំ២០១៧ ទ្រង់ទ្រាយធំនៅស្ដាតអូឡាំពិក ដោយមានការតាំងពិព័រណ៍ និងប្រគំតន្ត្រីរយៈពេល៥ថ្ងៃ តាំងពីថ្ងៃទី១៨ ខែឧសភា ហើយបានប្រគល់វេទិកានៅថ្ងៃចុងក្រោយ (ថ្ងៃទី២២ ខែឧសភា) អោយគ្រួសារតារាកម្ពុជា រៀបចំព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ ដើម្បីរួមគ្នារៃអង្គាសថវិកាជួយដល់គន្ធបុប្ផា ក្នុងនាមសហការគ្នា។ តារាសិល្បៈសុទ្ធតែបានបង្ហាញឆន្ទៈចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយតារាម្នាក់ៗសុទ្ធតែមានការបំផុសអោយមហាជនដែលចូលរួមទស្សនាដោយសេរីបរិច្ចាគថវិកាដើម្បីជួយដល់គន្ធបុប្ផានោះផង។ ព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំលើកទី២នេះ គ្រួសារតារាកម្ពុជានឹងផ្ដល់ឱកាសអោយតារាសិល្បៈបានបង្ហាញឆន្ទៈនៅលើឆាកធំ និងកម្រាលព្រំវែងនៅកណ្ដាលមហាជន ដោយលោកចាត់ទុកថាតារាដែលត្រូវបានអញ្ជើញអោយសម្ដែង និងទទួលប័ណ្ណសរសើរពីសំណាក់អ្នកល្បីៗជារៀមច្បង គឺជាតារាដែលមានកិត្តិយស។ ព្រឹត្តិការណ៍នេះលោកមានបំណងរៀបចំមួយឆ្នាំម្ដង ឬ២ឆ្នាំម្ដង ដើម្បីលើកមុខលើកមាត់តារាសិល្បៈ ដើម្បីអោយមហាជនមើលឃើញពីតម្លៃឆន្ទៈជួយសង្គមរបស់តារាសិល្បៈ ដើម្បីកុំអោយអ្នកមិនគាំទ្រសិល្បៈមួយចំនួនតួចយល់ថា អ្នកសិល្បៈមិនសូវសហការគ្នាធ្វើកិច្ចសង្គម ដោយមិនទទួលកម្រៃ។

កញ្ញា សុខ ពិសី

តារាចម្រៀងល្បីៗ រួមមាន អ្នកនាងពេជ្រ សោភា, លោកណុប បាយ៉ារិទ្ធិ, កញ្ញាសុខ ពិសី, កញ្ញាទេព បូព្រឹក្ស, លោកនីកូ, អ្នកនាងយក់ ថិតរដ្ឋា, កញ្ញាផន ស្រីខួច, កញ្ញាវី ឌីណែត, លោកនៅ ស៊ីនឿន, នាយចឺម, ក្រុមកំប្លែងលោកពែកមី, ក្រុមកំប្លែងយ៉េយ៉េ, កញ្ញានី មុនីនាថ, អ្នកនាងលី ម៉ារីណា, អ្នកនាងប៉េងប៉ោង, កញ្ញាប៉ុបពី, អ្នកនាងស៊ុន ណារីម៉ូនីកា, លោកអ៊ុន សុធា, កញ្ញាទឹម រដ្ឋា និងតារាល្បីៗយ៉ាងច្រើនកុះករនឹងបើកព្រឹត្តិការណ៍កម្រាលព្រំនេះ ចាប់ពីម៉ោង២រសៀលតទៅ។ លោកបានបន្តថា នេះក៏ជំនួបធំមួយ ដែលអ្នកគាំទ្រតារាសិល្បៈមានឱកាសប៉ះដៃផ្ទាល់ និងថតរូបជាមួយតារាដែលខ្លួនស្រឡាញ់ដោយគ្មានការរំខានផងដែរ៕

នាយពាក់មី
RELATED ARTICLES