កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ផលិតកម្មជា ឈីម Media បានធ្វើពិធីសែនក្រុងពលីរឿង ”មន្ដស្នេហ៍កូនថៅកែត្បូង” ដែលជាប្រភេទរឿងភាគ មនោសញ្ចេតនា និពន្ធដោយកញ្ញាវ៉ា អារុណ ដឹកនាំដោយលោកខុង វិសាល ហើយរឿងនេះនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នាពេលខាងមុខនេះ។
លោកជា ឈីម ដែលជាចាងហ្វាងផលិតកម្ម បានអះអាងថា រឿង ”មន្ដស្នេហ៍កូនថៅកែត្បូង” នេះគ្រោងចំណាយ១០ម៉ឺនដុល្លារ ហើយប្រជុំទៅដោយតារាល្បីៗដែលទីតាំងភាគច្រើន គឺថតនៅខេត្តប៉ៃលិន។
លោកជា ឈីម រៀបរាប់ថា រឿង ”មន្ដស្នេហ៍កូនថៅកែត្បូង” ជារឿងសម័យមាន៣០ភាគ ដែលចាប់ផ្ដើមថតចាប់ពីក្រោយពេលក្រុងពលីនេះទៅហើយការថតមានរយៈពេល៥ខែ។ នេះជាជំហានទី២ ហើយដែលផលិតកម្មយើងសហការជាមួយប៉ុស្ដិ៍លេខ៥ បន្ទាប់ពីរឿង ”អស្ចារ្យណាស់សំណព្វចិត្តខ្ញុំ”។ រឿងនេះគ្រោងចំណាយ១០ម៉ឺនដុល្លារ ព្រោះយើងហៅថតសុទ្ធតែតារាល្បីៗទាំងអស់ ហើយទីតាំងថតទាំងមូល ភាគច្រើនគឺនៅខេត្តប៉ៃលិន រូមទាំងខេត្តព្រះសីហនុ និងកំពត ផងដែរ។ ការដែលផលិតកម្មយើងសម្រេចចិត្តសហការជាមួយខាងប៉ុស្ដិ៍លេខ៥ ព្រោះខាងប៉ុស្ដិ៍លេខ៥ គាត់ស្គាល់ស្នាដៃយើងពីមុនមកដែរ យើងក៍ធ្វើការជាមួយគ្នាទៀតទៅហើយ ខាងប៉ុស្ដិ៍លេខ៥ គាត់ឲ្យយើងធ្វើ៣រឿងឲ្យគាត់ តែយើងធ្វើបានតែ២រឿងទេ ព្រោះយើងថតចង់យកគុណភាពជាងបរិមាណ។ ការដែលខ្ញុំជ្រើសរើសតួឯក លោកអ៊ុន សិទ្ធា ជាតួប្រុស ធ្វើជាអ្នករត់តាក់ស៊ី ហើយកញ្ញាផាន ផាត់ណា ជាតួស្រី ធ្វើប្រុសនោះ ព្រោះអ្នកនិពន្ធសរសេរមកឃើញថា តួសម្ដែងជាតួបែបពណ៌សម្បុរជាខ្មែរតែម្ដង”។
ក្រៅពីលោកអ៊ុន សិទ្ធា ជាតួឯកប្រុស នាងផាន ផាត់ណា ជាតួឯកស្រីនោះរឿង ”មន្ដស្នេហ៍កូនថៅកែត្បូង” ក៍មានតារាល្បីៗមួយចំនួនទៀត ចាប់ដៃគ្នាចូលរួមសម្ដែង ដូចជា លោកទេព រិនដារ៉ូ កញ្ញាសូ ដានីតា កញ្ញាព្រីម មន្ថា និងតារាថ្មីៗជាច្រើនដួងផងដែរ៕