ក្រុមហ៊ុនធានារ៉ាប់រងអេច អាយ ម៉ាយក្រូ អិនសួរេន ដែលបង្កើតឡើងដោយក្រុមអ្នកវិនិយោគមកពីកម្ពុជា ថៃ និង អូស្ត្រាលី បានបើកសម្ភោធជាផ្លូវការហើយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះខណៈដែលមាន តារាល្បីៗចំនួន៩រូប បានសម្រេចចិត្តទិញកញ្ចប់ធានារ៉ាប់រងលើគ្រោះថ្នាក់ចរាចរណ៍មុនគេ។
លោក សារិន រ៉ាត់ណាត់ដាណៃ នាយកក្រុមហ៊ុន H.I Micro Insurance បានថ្លែងក្នុងពិធីសម្ពោធនោះថា ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិនិយោគមកពីប្រទេសកម្ពុជា ថៃ និង អូស្រ្តាលី ដែលយកចិត្តទុកដាក់ពីសុវត្ថិភាពលើកដងផ្លូវធ្វើដំណើរនៅកម្ពុជា ខណៈដែលបញ្ហាសុវត្ថិភាពលើកដងផ្លូវធ្វើដំណើរនេះនៅតែជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការពិត បណ្តាប្រទេសភាគច្រើននៅលើពិភពលោកមានសេវាធានារ៉ាប់រងគ្រោះថ្នាក់ ចរាចរណ៍គ្របដណ្តប់ជនរងគ្រោះ យូរមកហើយប្រជាពលរដ្ឋទាំងនោះ ត្រូវជាប់កាតព្វកិច្ចបង់ធានារាប់រងនេះ។
នាយកនៃក្រុមហ៊ុន H.I Micro Insurance រូបនេះបានបញ្ជាក់ថា RVI ជាសេវាធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍គ្របដណ្តប់លើជនរងគ្រោះនៅទូទាំងកម្ពុជា។ អ្នកបើកបរយានយន្តគ្រប់ប្រភេទ និង អ្នកដំណើរទាំងអស់នឹងទទួលបានការព្យាបាលភ្លាមៗនិងសេវាហិរញ្ញវត្ថុក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍។ ការសម្រេចចិត្តបង្កើត RVI គឺដោយសារអាត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅមានកម្រិតខ្ពស់ ដែលជាមូលហេតុសំខាន់ធ្វើឱ្យមានអាត្រាមនុស្សស្លាប់ និងពិការភាពច្រើន ព្រមទាំងក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារ។ សូមបញ្ជាក់ តម្លៃសេវាធានារ៉ាប់រងមានដូចជា៖ ១៧ដុល្លារអាមេរិក/ឆ្នាំ សម្រាប់ម៉ូតូ។ ២០ដុល្លារសម្រាប់រឺម៉ក់កង់បីឬម៉ូតូ បូកបន្ថែមផ្នែកផ្សេងទៀត។ ៧០ដុល្លារ/ឆ្នាំសម្រាប់រថយន្តកង់បួន (អ្នកដំណើរមិនលើស៥នាក់)។ ៨០ដុល្លារ/ឆ្នាំសម្រាប់រថយន្តកង់បួន (អ្នកដំណើរលើស៥នាក់)។ ៩០ដុល្លារ/ឆ្នាំសម្រាប់រថយន្តផ្សេងៗដែលមានកង់ច្រើនជាង៤។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះតារាល្បីៗចំនួន៩រូបដែលបានចូលរួមនៅក្នុងពិធីសម្ភោធនោះ បានសម្រេចចិត្តទិញកញ្ចប់ធានារ៉ាប់រងមុនគេមានដូចជា លោក អូន ឧស្សាហ៍ លោក អេឡិច ច័ន្ទត្រា កញ្ញា ឌី សូនីតា កញ្ញា ដួង ម៉ានិច កញ្ញា សុខ សោម៉ាវត្តី និងខណៈតារាៗផ្សេងទៀតក៏ចូលរួមប្រើប្រាស់សេវាកម្ម ក្រុមហ៊ុន H.I Micro Insurance។
អ្នកនាងសុខ សោម៉ាវត្តី ដែលទិញកញ្ចប់ធានារ៉ាប់រងបានថ្លែងឲ្យដឹងថានេះជារឿងល្អមួយ សម្រាប់កម្ពុជា ដែលមានក្រុមហ៊ុនថ្មីមួយ បំរើសេវាកម្មដល់ប្រជាពលរដ្ឋ ក្នុងការពារអាយុជីវិត ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលមិនដឹងមុន ឬ នៅពេលណាមួយកើតឡើង។ អ្វីដែលអ្នកនាងចាប់អារម្មណ៍នោះ គឺសេវាកម្មក្រុមហ៊ុននេះ មានលក្ខណៈពិសេស គឺជនរងគ្រោះទាំងសងខាង រួមទាំងអ្នកថ្មើរជើង ឬភាគី ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ នឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗ ដោយមិនបាច់ឈ្លោះប្រកែកគ្នារកត្រូវខុស នៅកន្លែងកើតហេតុ។
អ្នកនាងសុខ សោម៉ាវត្តី ដែលក្លាយជាសមាជិកក្រុមហ៊ុនធានារ៉ាប់រង H.I រូបនេះបានអំពាវនាវថា សូមប្រជាពលរដ្ឋខ្មែរ គិតបញ្ហាអាយុជីវិត និង ក្រុមគ្រួសាររបស់ខ្លួនឯងនិងបងប្អូន ដែលគួរតែប្រការជាមុនបើទោះបីមានកញ្ចប់សេវាកម្មធានារ៉ាប់ក្ដី។ សូមអ្នកបើកបរលើដងផ្លូវទាំង អស់មេត្តាគោរពច្បាប់ចរាចរណ៍ ក៏ដូចជាគោរពអាយុខ្លួនឯង និងអ្នកដទៃផងដែរ៕