ភ្នំពេញ ៖ ស្រ្តីម្នាក់អត់សូវស្រួលខ្លួន សុំច្បាប់ប្រធានក្រុមមួយល្ងាច ពេលមកដល់ផ្ទះកំពុងតែអង្គុយចាក់រូប ស្រាប់តែបុរសម្នាក់ដែលស្នាក់នៅបន្ទប់ជួលជាប់គ្នា បានសុំបៅដោះម្តង ដោយបីត្រកងចូលទៅក្នុងបន្ទប់ជួល ប៉ុនប៉ងរំលោភមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប់ចោទមានឈ្មោះផន ផេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរស្រ្តីរងគ្រោះ មានប្រពន្ធមានកូន២នាក់ ។ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ សួន ស្រីពៅ អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ មានប្តីនិងកូនម្នាក់។
តាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ នៅថ្ងៃទី០៧ ខែ មិថុនា រូបនាងទើបមកពីធ្វើការវិញ ព្រោះមិនសូវស្រួលខ្លួន បានសុំប្រធានក្រុមអត់ធ្វើការមួយកំណាត់ថ្ងៃពេលល្ងាច ។ ខណៈពេលមកដល់បន្ទប់ជួល គាត់បានអង្គុយចាក់រូបនៅមុខបន្ទប់របស់ជនសង្ស័យដែលនៅជាប់គ្នា ដោយហេតុថានៅមុខបន្ទប់របស់គាត់ងងឹតជាងនៅមុខបន្ទប់របស់ជនសង្ស័យ ។
ប្រភពដដែលបន្តទៀតថា នៅវេលាម៉ោង៣និង៣០រសៀល ថ្ងៃទី៧ ខែមិថុនា ខណៈពេលដែលកំពង់តែអង្គុយចាក់រូប ស្រាប់តែជនសង្ស័យចេញពីធ្វើការរោងចក្រ ហើយបានសួរថា ស្រីពៅ ឯងអត់ទៅធ្វើការទេអី? នាងបានឆ្លើយ អត់ទៅទេពូ ហើយបុរសខាងលើសួរទៀតចុះប្តី ឯងទៅធ្វើការបាត់ហើយអី ចុះម៉េចឯងមិនទៅធ្វើគេបញ្ឈប់ចោលឬ? សួររួចហើយ ជនសង្ស័យបានបើកទ្វារចូលបន្ទប់បាត់បានបន្តិច ជនសង្ស័យបានចេញមកវិញ ហើយបាននិយាយពាក្យសម្តីមិនសមរម្យ ដូចជានិយាយថា កាលពីក្រមុំអញចង់មឹមដោះអូនឯងដែរ តែពុំបានមឹមសោះ ឥឡូវបងចង់រួមរក្សជាមួយអូនម្តង ភ្លាមៗនោះ រូបគាត់បាននិយាយថា ចង់តែឯងទៅ រួចគាត់ក៏ងើបដើរចេញទៅបន្ទប់របស់គាត់វិញ ស្រាប់តែជនសង្ស័យបានស្ទុះ ចាប់បីគាត់ចូលបន្ទប់របស់ជនសង្ស័យ ហើយចាក់សោបន្ទប់មកទៀត ។ ពេលនោះរូបនាងបាននិយាយថា ពូឯងមានប្រពន្ធ ព្រមទាំងមានកូនហើយ ឯខ្ញុំក៏មានប្តីថែមទាំងមានកូនដូចពូដែរ ធ្វើអីចឹងអត់សមទេ ភ្លាមៗនោះ នាងបានរើបម្រះចេញមកខាងក្រៅបន្ទប់វិញ ។
ស្រ្តីរងគ្រោះបានបន្តទៀតថា គាត់ធ្លាប់ស្គាល់ជាមួយជនសង្ស័យ៤ទៅ៥នាក់ ហើយតាំងពីគាត់នៅក្រមុំម្ល៉េះ ប៉ុន្តែមិនសូវជិតស្និទ្ធនឹងគ្នាទេ តែកាលនាងនៅក្រមុំ ធ្លាប់ត្រូវជនសង្ស័យចាប់នាងច្របាច់សុដន់ម្តងរួចមកហើយ ។ បន្ទាប់ពីត្រូវជនសង្ស័យបីយកទៅដាក់ក្នុងបន្ទប់ ប៉ុនប៉ងរំលោភមិនបានសម្រេច ហើយរូបនាងមិនហ៊ានប្រាប់ប្តីភ្លាមៗទេ ខ្លាចទប់កំហឹងមិនបាន ទើបនៅថ្ងៃទី០៨ ខែមិថុនា ទើបប្រាប់ប្តីឲ្យដឹង ហើយពេលដែលឃើញជនសង្ស័យ នាងបានប្តឹងសមត្ថកិច្ចឃាត់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រលប់ថ្ងៃទី៨ ខែមិថុនា ។
ជនសង្ស័យបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តិដូចស្រ្តីខាងលើចោទប្រកាន់ទេ ។ ទោះបីជាយ៉ាងណា ស្រ្តីរងគ្រោះបានទាមទារសំណងជំងឺផ្លូវចិត្តចំនួន3ពាន់ដុល្លារ តែដោយសារជនសង្ស័យមិនមានប្រាក់បង់ឲ្យ ស្រ្តីរងគ្រោះបានប្តឹងអោយសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់៕