ដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺសរសៃឈាមបេះដូង សហព័ន្ធជំងឺបេះដូងពិភពលោក បានបង្ហាញនូវវិធីសាស្ត្រ ៥ចំណុច ដើម្បីរក្សាបេះដូងឱ្យមានសុខភាពល្អ។ វិធីសាស្ត្រទាំងនោះមានដូចជា ៖
១-ពិសាកាហ្វេនិងតែ
ការសិក្សាមួយ ធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Harvard ចេញផ្សាយក្នុងព្រឹត្តិបត្រ Circulation ឆ្នាំ២០១៥ បង្ហាញថា បុគ្គលដែលនិយមពិសាកាហ្វេ ៣-៥ ពែងក្នុងមួយថ្ងៃ ប្រឈមនឹងការស្លាប់ពីជំងឺបេះដូងតិចតួចបំផុត ធៀបទៅនឹងបុគ្គលដែលពិសាក្រោម ២ពែងក្នុងថ្ងៃ ឬគ្មានសោះ។ ចំពោះតែវិញ ការសិក្សាមួយរបស់អាមេរិក ចេញផ្សាយកាលពីដើមឆ្នាំនេះបានរកឃើញថា បុគ្គលចូលចិត្តពិសាទឹកតែ ៣ពែង ក្នុងមួយថ្ងៃ កាត់បន្ថយបញ្ហាសុខភាពបេះដូងបានជាង ៣៥%។
២-ទទួលទានគ្រាប់ធញ្ញជាតិទាំងមូល
លទ្ធផលនៃការសិក្សារបស់សាកលវិទ្យាល័យ Harvard ចេញផ្សាយកាលពីដើមឆ្នាំនេះបង្ហាញថា ការទទួលទាន បណ្តាគ្រាប់ធញ្ញជាតិតួយ៉ាងដូចជា ស្រូវសាលី អង្ករសំរូប ១៦ក្រាមក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យ ស្លាប់ពីជំងឺបេះដូងបាន ៩%។ ពិសេសបើបង្កើនការទទួលទានឱ្យដល់ ៣ដងក្នុងមួយថ្ងៃ (៤៨ក្រាម) ហានិភ័យ នឹងត្រូវធ្លាក់ចុះ ២៥%បន្ថែមទៀត។
៣-ទទួលទានខ្លាញ់ល្អ
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Stanford អះអាងថា ហានិភ័យជំងឺគាំងបេះដូង នឹងត្រូវកាត់បន្ថយ ដល់១០% ប្រសិនទទួលទានអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា-៣។ អាស៊ីដខ្លាញ់ប្រភេទនេះសម្បូរក្នុងត្រីសូម៉ុង ត្រីសាឌីន និងត្រីពុកមាត់ឆ្មា។ រីឯការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិករកឃើញថា អាស៊ីដខ្លាញ់អូមេហ្គា-៦ ឬអាស៊ីដ Linoleic មានផលល្អចំពោះសុខភាពបេះដូង។
៤-ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់
ការសិក្សាមួយរបស់សហរដ្ឋអាមេរិក ចេញផ្សាយក្នុងព្រឹត្តិប័ត្រ Behavioral Medicine បង្ហាញថា បុគ្គលដែលចូលដេកពីព្រលប់ និងក្រោកពីព្រលឹម មានសុខភាពបេះដូងមាំទាំជាង អ្នកចូលដេកខកពេលយប់ជ្រៅ។ ក្រុមអ្នកស្រាវជ្រាវអះអាងថា ដេកគ្រប់គ្រាន់ពី ៧-៨ម៉ោង និងទៀងពេល អាចកាត់បន្ថយទម្លាប់រស់នៅមិនល្អ ដូចជា ការជក់បារី ជាដើម។
៥-ធ្វើសកម្មភាពរាងកាយជាប្រចាំ
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញដូចៗគ្នាថា ហាត់ប្រាណ អាចជួយបង្ការជំងឺសរសៃឈាមបេះដូង។ អ្នកស្រាវជ្រាវមួយក្រុមនៅសាកលវិទ្យាល័យ Florida Atlantic សហរដ្ឋអាមេរិក បានរកឃើញថា សូម្បីតែការដើរញាប់ៗ ត្រឹម២០នាទីក្នុងមួយថ្ងៃ មិនត្រឹមតែអាចដុតបំផ្លាញកាឡូរីបាន ៧០០កាឡូរីក្នុងមួយសប្តាហ៍នោះទេ ប៉ុន្តែវាក៏អាចកាត់បន្ថយហានិភ័យជំងឺបេះដូងបានពី ៣០%-៤០%ផងដែរ ៕