Saturday, November 30, 2024
Homeព័ត៌មានជាតិបម្រាមអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ

បម្រាមអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ

អាហារជាកត្តាសំខាន់មួយ ដែលផ្តល់ផលល្អ ចំពោះការលូតលាស់របស់គភ៌ក្នុងផ្ទៃ ទើបការជ្រើសអាហារមាន ប្រយោជន៍ ស្ត្រីកំពុងពពោះត្រូវសម្រិតសម្រាំង ព្រោះអាហារមួយចំនួន អាចផ្តល់ផលអាក្រក់ដល់ការវិវត្តន៍ និងកើតភាពខុសប្រក្រតីអំឡុងការលូតលាស់បាន។ ដូច្នេះ បើអាចគួរចៀសវាង ៖

-អាហារជ្រក់ ត្រាំ ជាមួយសារធាតុគីមីលាយឡំ ៖

អ្នកខ្លះយកសារធាតុគីមីមក ប្រើក្នុងបរិមាណច្រើន បើស្ត្រីមានគភ៌ទទួលទានចូលទៅ ក្រៅពីមានហានិភ័យ ក្នុងការទទួលសារធាតុពុលចូលចរន្តឈាម ព្រមទាំងជះឥទ្ធិលមិនល្អដល់ការវិវត្តន៍របស់គភ៌ និងមានចំណែករារាំងដំណើរការរបស់ប្រព័ន្ធផ្សេងៗ។ ភាពប្រៃរបស់អាហារជ្រក់ ត្រាំ និងមេរោគដែលជួបប្រទះញឹកញាប់ អាចធ្វើឱ្យទារកបានទទួលសូដ្យូមលើសតម្រូវការ ខណៈដែលវាក៏ជះឥទ្ធិពលអាក្រក់ដល់រាងកាយរបស់ស្ត្រីជាម្តាយ ឱ្យទន់ខ្សោយផងដែរ។

-ភេសជ្ជៈគ្រឿងស្រវឹង ៖

គ្រឿងស្រវឹងជាភេសជ្ជៈ ដែលត្រូវហាមឃាត់ បើមិនចង់ឱ្យកូនលូតលាស់ខុសប្រក្រតី។ ដោយសារជាតិស្រវឹងមានផលដោយផ្ទាល់ចំពោះការលូតលាស់របស់ក្មេងជាខ្លាំង បង្កឱ្យទម្ងន់ខ្លួនតិច អវយវៈធ្វើការខុសប្រក្រតី ការលូតលាស់របស់ខួរក្បាលមិនគ្រប់លក្ខណៈ អាចនាំឱ្យពិការបាន។

-កាហ្វេអ៊ីន ៖

មានផលមិនល្អចំពោះចង្វាក់បេះដូងទាំងម្តាយនិងទារក ដោយសារទារកក្នុងផ្ទៃនៅមានបេះដូង ដែលលូតលាស់មិនពេញលក្ខណៈ ទើបងាយប្រឈមចំពោះគ្រោះថ្នាក់។ កាហ្វេអ៊ីន ដែលមានក្នុងភេសជ្ជៈមិនត្រូវទទួលទានឡើយ ព្រោះមិនត្រឹមតែជំរុញបេះដូងឱ្យធ្វើការធ្ងន់ទេ ព្រមទាំងធ្វើឱ្យម្តាយគេងមិនងាយលក់ និងផ្តល់ផលមិនល្អចំពោះដំណើរការរបស់ខួរក្បាល អំឡុងពេលដែលគភ៌កំពុងមានការលូតលាស់ទៀតផង។

-អាហារក្លាស្សេកកនិងអាហារកំប៉ុង ៖

អាហារឆ្អិនស្រាប់ ទាំងឡាយ (Fast Food) ទាំងប្រភេទក្លាស្សេកកឬកំប៉ុង មានសារធាតុការពារខូចក្នុងបរិមាណ ខ្ពស់ ខណៈអាហារទាំងនេះ ស្ទើរតែគ្មានគុណប្រយោជន៍ពីវីតាមីន និងសារធាតុរ៉ែ ខនិជ។ បើទទួលទានចូលទៅក្រៅពីធ្វើឱ្យឆ្អែតតែម៉្យាង អាចនាំឱ្យស្ត្រីជាម្តាយ ទទួលសារធាតុពុល និងសូដ្យូមក្នុងបរិមាណខ្ពស់ ដែលវាជះឥទ្ធិពលមិនល្អដល់ការអភិវឌ្ឍន៍របស់ទារក ៕

RELATED ARTICLES