Saturday, November 30, 2024
Homeព័ត៌មានជាតិ៨យ៉ាងបញ្ឈប់ការទទួលទានអាហារឥតប្រយោជន៍

៨យ៉ាងបញ្ឈប់ការទទួលទានអាហារឥតប្រយោជន៍

អាហារឥតប្រយោជន៍ សម្បូរខ្លាញ់ឆ្អែត និងសារធាតុអាហារគ្មានប្រយោជន៍ចំពោះរាងកាយ ប៉ុន្តែមនុស្សជាច្រើន មិនអាចហាមចិត្តគ្រប់ពេលដែលឃើញអាហារទាំងនោះ។ ប្រសិនបើមិនចង់ ខូចសុខភាពទេ អាចសាកល្បងប្តូរទម្លាប់ដោយ ៖

-បន្ថែមបន្លែក្នុងអាហារ ៖

ប្រសិនអ្នកមិនចូលចិត្តបន្លែ ប៉ុន្តែចង់យកឈ្នះចំណង់អាហារទាំងនោះ សាកល្បងថែមបន្លែចូលក្នុងអាហាររបស់អ្នក។ ការទទួលទានបន្លែជាប្រចាំ អាចជួយឱ្យអ្នកបន្ថយចំណង់អាហារឥតប្រយោជន៍បាន ថែមទាំងផ្តល់នូវកាកសរសៃអាហារខ្ពស់ ធ្វើឱ្យឆាប់ឆ្អែត បន្ថយការទទួលទានអាហារច្រើនពេក ឬអាហារគ្មានប្រយោជន៍។

-ប្តូរពីនំស្រួយជាផ្លែឈើ ៖

អាចទទួលទានផ្លែឈើតែម៉្យាង ឬជាមួយយ៉ាអួ ឬផ្លែឈើក្រឡុកតាមតម្រូវការ ប៉ុន្តែត្រូវគិតពីបរិមាណស្ករផងដែរ។ ត្រឹមប៉ុណ្ណេះ អ្នកក៏អាចឆ្អែតបាន ដោយមិនគិតដល់ អាហារគ្មានប្រយោជន៍ ព្រោះមានវីតាមីន និងសារធាតុរ៉ែ ក្នុងផ្លែឈើដែលល្អចំពោះសុខភាព។

-ហាត់ប្រាណ ៖

នៅពេលមានអារម្មណ៍ធុញ មានភាពតានតឹង ឬមានអារម្មណ៍ក្រៀមក្រំ តែងកែបញ្ហាដោយការទទួលទាន ដែលភាគច្រើនជាអាហារឥតប្រយោជន៍។ ប៉ុន្តែ ប្រសិនប្តូរពីការទទួលទានអាហារ ឥតប្រយោជន៍ជាការហាត់ប្រាណ អាចជួយបន្ថយភាពតានតឹង អាការធុញថប់ ឬអារម្មណ៍ក្រៀមក្រំបាន ថែមទាំងធ្វើឱ្យសុខភាពរឹងមាំនិងមានរាងស្អាត។

-ទទួលទានអាហារមានពណ៌បៃតងឱ្យច្រើន ៖

ចំណង់អាហារជាយន្តកម្មដែលរាងកាយប្រាប់ឱ្យដឹងថា កំពុងខ្វះសារធាតុអាហារមួយចំនួន។ វិធីជួយបន្ថយចំណង់ អាហារទាំងនេះបាន គឺទទួលទានអាហារ ដែលមានប្រយោជន៍ឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ។ ប៉ុន្តែ ការទទួលទានអាហារឥតប្រយោជន៍ ខណៈឃ្លានមិនមែន ជាវិធីល្អក្នុងការបន្ថយចំណង់អាហារឡើយ ព្រោះអាហារឥតប្រយោជន៍ទាំងនោះ មិនមានសារធាតុអាហារគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយទេ។ ដូចនោះ គួរទទួលទានអាហារពណ៌បៃតងឱ្យបានច្រើន។

-ផឹកទឹកមុនទទួលទានអាហារ ៖

ការក្រេបទឹកមួយកែវមុនទទួលទានអាហារ អាចជួយឱ្យអ្នកធ្ងន់ពោះ និងទទួលទានអាហារបានតិច ជួយកាត់បន្ថយអាការឃ្លានខ្លាំង ដែលនាំឱ្យទទួលទានច្រើនហួសកម្រិត។

-បន្ថែមប្រូតេអ៊ីនក្នុងអាហារពេលព្រឹក ៖

គ្រាន់តែទទួលទានអាហារ ដែលមានប្រូតេអ៊ីន ច្រើនក្នុងពេលព្រឹក ក៏អាចជួយកាត់បន្ថយអារម្មណ៍ឃ្លានក្នុងអំឡុងពេញមួយថ្ងៃបាន ថែមទាំងជួយឱ្យជាតិស្ករក្នុងខ្លួន ស្ថិតក្នុងកម្រិតទាប បន្ថយចំណង់អាហារឥតប្រយោជន៍បាន។ ប្រូតេអ៊ីន ក្រៅពីធ្វើឱ្យឆ្អែតបានយូរ ហើយវាថែមទាំងបន្ថែមកម្លាំងដល់រាងកាយ ការពារ មិនឱ្យល្ហិតល្ហៃ។

-ទទួលទានសណ្តែក ៖

គ្រាន់តែសណ្តែកត្រឹមមួយក្តាប់ដៃ ជាការគ្រប់គ្រាន់ ព្រោះក្នុងពពួកសណ្តែកសំបករឹងច្រើនប្រភេទ សុទ្ធតែមាន ខ្លាញ់ល្អចំពោះសុខភាព ថែមទាំងសណ្តែកមួយចំនួន ក៏មានប្រូតេអ៊ីនទៀតផង ដូចជា សណ្តែកអាល់ម៉នដ៍ សណ្តែកវ៉លណាត់ និងគ្រាប់ស្វាយចន្ទី។

-ជ្រើសទឹកផ្លែឈើ ជំនួសភេសជ្ជៈមានជាតិហ្គាស ៖

ទឹកផ្លែឈើអាចជួយបន្ថយចំណង់អាហារបានយ៉ាងល្អ ថែមទាំងជួយឱ្យអ្នកបញ្ឈប់ភេសជ្ជៈ មានជាតិហ្គាសបាន ព្រោះរសជាតិនិងក្លិនប្រហើរ ធ្វើឱ្យអ្នកមានអារម្មណ៍ ស្រស់ស្រាយជាងការទទួលទានភេសជ្ជៈមានជាតិហ្គាស ដែលជាមូលហេតុធ្វើឱ្យកម្រិតជាតិស្ករឡើង និងកើតអាការឃ្លាន រហូតត្រូវទៅរកអាហារឥតប្រយោជន៍មកទទួលទាន។ វិធីគ្រាន់តែយកផ្លែឈើដែលអ្នកចូលចិត្តមកក្លាស្សេ និងប្រើសមញីឱ្យទឹកក្នុងផ្លែឈើចេញមក រួចថែមទឹកត្រជាក់ចូលក្លាស្សេទុកចោល ឃ្លានពេលណាអាចយកមកទទួលទាន ធានានឹងជាប់ចិត្តរហូតភ្លេចភេសជ្ជៈមានជាតិហ្គាសមិនខាន ៕

RELATED ARTICLES