Saturday, November 30, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រី រំលឹកជាថ្មីពីការលះបង់ដើម្បីសន្តិភាព

នាយករដ្ឋមន្ត្រី រំលឹកជាថ្មីពីការលះបង់ដើម្បីសន្តិភាព

រូបភាពក្នុងទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន បង្ហាញពីសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកជា ថ្មីពីការលះបង់របស់សម្តេច ក្នុងការស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ដោយសម្តេចបញ្ជាក់ថា កសាងសន្តិភាព លំបាក ខ្លាំងណាស់ ប៉ុន្តែបំផ្លាញសន្តិភាព គឺងាយតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ថា “កសាងសន្តិភាព គឺលំបាកខ្លាំងណាស់ ប៉ុន្តែបំផ្លាញសន្តិភាព គឺងាយតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ!

កម្ពុជា មានសុខសន្តិភាព និងការរីកចម្រើនមកទល់សព្វថ្ងៃ ព្រោះយើងមានសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំសន្តិភាព អង្គុយគិត អង្គុយធ្វើ ដើម្បីប្រជាពលរដ្ឋរស់នៅសុខស្រួល។

សម្តេចតេជោ បានឆ្លងកាត់សង្គ្រាម និងគ្រោះថ្នាក់ជាច្រើនដង រហូតពិការភ្នែក ហើយស្ទើរបាត់បង់ជីវិត គឺដើម្បីរកសន្តិភាពជូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន និងចៅៗជាទីស្រឡាញ់ទាំងអស់ ! សម្តេចតេជោ សុខចិត្តលះបង់អាយុជីវិតផ្ទាល់ខ្លួន ដើម្បីបានផែនដីសន្តិភាពត្រឡប់មកវិញសម្រាប់ពលរដ្ឋ ដោយមិនស្តាយឡើយ។

អ្វីដែលយើងទាំងអស់គ្នាឃើញច្បាស់នឹងភ្នែក គឺកម្ពុជាសន្តិភាព កំពុងរីកចម្រើន បោះជំហានទៅមុខ ដែលប្រជាពលរដ្ឋទូទាំងប្រទេស មានមោទនភាពចំពោះគំរូវីរភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងបានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា!”។

ដូចគ្នានេះដែរ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកដដែលបានសរសេរថា “នៅពេលនេះនិងម៉ោងនេះ ប្រជាពលរដ្ឋបានដឹង និងឃើញច្បាស់ថា មានប្រទេសក្នុងពិភពលោក ជាច្រើន កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បញ្ហាជនភៀសខ្លួន អសន្តិសុខសង្គម អំពើភេរវកម្ម និងសង្គ្រាមកាប់សម្លាប់ ដែលធ្វើឱ្យក្រុមគ្រួសារ បាត់បង់មនុស្សជាទីស្រឡាញ់ និងបែកបាក់ ព្រាត់ប្រាសឪពុកម្តាយ យាយតា ពូ មីង បង ប្អូន ប្តីប្រពន្ធ និងកូនចៅ យ៉ាងរន្ឋត់ខ្លោចផ្សាបំផុត។

នៅពេលនេះ និងម៉ោងនេះ នៅកម្ពុជា គឺយើងកំពុងមានសុខសន្តិភាព ជាមួយនិងសំឡេងសប្បាយក្អាកក្អាយរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅជួបជុំក្រុមគ្រួសារដោយសុខដុមរមនា។

សម្តេចហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយសិស្សានុសិស្ស និងយុវជន

សូមអរគុណបងប្អូនប្រជាពលរដ្ឋ ជាពិសេស យុវជន យុវតី ដែលបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិយើង។ មានសន្តិភាព គឺយើងមានឱកាសគ្រប់ៗគ្នា ជាពិសេស ឱកាសកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង”។

ដោយឡែក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន ក៏បានសរសេរពាក់ព័ន្ធនឹងសន្តិភាពនេះថា “សន្តិភាព គឺបានមកពីខិតខំប្រឹងប្រែង ដែលមានការតស៊ូជាច្រើនឆ្នាំ និងលះបង់គ្រប់យ៉ាង រួមទាំងអាយុជីវិតមនុស្ស ទម្រាំយើងទទួលបាននូវសន្តិភាពពេញលេញមកទល់សព្វថ្ងៃនេះ។ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលបានស្ម័គ្រចិត្តចូលតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបន្ទាប់មក ទៀត គឺដើម្បីរំលត់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងផ្ទៃប្រទេស សម្តេចតេជោ បានស្ម័គ្រចិត្តលះបង់ជីវិតចុងក្រោយ ដើម្បីសេចក្តីសុខរបស់ខ្មែរគ្រប់និន្នាការនយោបាយ។ ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន គឺប្រសិនបើ បរាជ័យ គឺគ្រាន់តែជាការបាត់បង់អាយុជីវិត សម្តេចតេជោ តែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែបើជោគជ័យ គឺបានផែនដីសន្តិភាពទាំងមូលត្រឡប់មកវិញ សម្រាប់ពលរដ្ឋរស់នៅសុខសាន្តទាំងអស់គ្នា។

ដោយសារការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើឱ្យកម្ពុជា មានសុខសន្តិភាព និងរីកចម្រើន ឥតឈប់ឈរ មកទល់សព្វថ្ងៃនេះ។ ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍ និងសុខសន្តិភាព គង់វង្សយូរអង្វែង សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន យុវតី ពួតដៃគ្នាចូលរួម ថែរក្សា ការពារសន្តិភាព ជាមួយសម្តេចតេជោ ឱ្យនៅគង់វង្សឋិតថេរ” ៕

កុលបុត្រ

RELATED ARTICLES