ភ្នំពេញ៖ ឃ្លាំងស្តុកស្ករកៅស៊ូដាប់បលមីន (Doublemint) របស់ក្រុមហ៊ុមខេមបូ វិកថឹរៀ អ៊ីមផិច ខូអិលធីឌី បណ្តាលឲ្យរងការខូចខាតសម្ភារមួយចំនួនធំ។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើកាលពីម៉ោង១១និង១៥នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅផ្ទះលេខ៥០៧ ផ្លូវ១៩៧៤ ភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ផ្អើលមត្ថកិច្ចក្រុមរថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍។
អ្នកគ្រប់គ្រងឃ្លាំងមានឈ្មោះគង់ គន្ធារិទ្ធ ភេទប្រុស អាយុ ៤៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅទីតាំងឃ្លាំង ស្ថិតនៅក្រុមទី២ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពញ។
តាមប្រភពពីអ្នកបម្រើការងារនៅទីនោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈបុគ្គលិកកំពុងធ្វើការ ស្រាប់តែមានក្លិនឈ្ងៀមនៅផ្នែកខាងក្រោយ មួយសន្ទុះក្រោយមក ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងបង្កភាពភ្ញាក់ផ្អើលតែម្តង ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសទេ ចំពោះការខូចខាតនៅមិនទាន់ដឹងច្បាស់ថាអស់ទំហំប៉ុន្មាននៅឡើយ ខណៈម្ចាស់ឃ្លាំងកំពុងសរុប។
តាមប្រជាពលរដ្ឋនៅក្បែរនោះ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ស្រាប់តែឃើញផ្សែងហុយខ្មួលខ្មាញ់ចេញពីឃ្លាំងស្តុកខាងលើ បង្កឲ្យភ្ញាក់ផ្អើល ភ្លាមៗរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងត្រូវបានបញ្ជូនដល់ទីតាំងកើតហេតុ បាញ់ទឹកពន្លត់ភ្លើង ។
ប្រភពមិនទាន់ច្បាស់ការបានឲ្យដឹងថា អគ្គីភ័យខាងលើ ផ្តើមចេញពីទុស្សេចរន្តភ្លើង ទើបឆាបឆេះរាលដាលបែបនេះ តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ហ៊ានធ្វើការសន្និដ្ឋានច្បាស់ការនៅឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង មកជួយអត្តរាគមន៍បាញ់ពន្លត់ តែប្រើទឹកអស់តែ០៩គ្រឿង៕