ភ្នំពេញ ៖ តារាចម្រៀងត្រកូលអោក សុម៉ាលីតា ចេញពីច្រៀងនៅហាងយីហោ ពិភពរាត្រី ពេលប្អូនប្រុសជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញ ត្រូវជនសង្ស័យឆក់កាបូបស្ពាយយកទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅជិតស្តុបស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនរងគ្រោះដោយសារជនសង្ស័យឆក់កាបូប មានឈ្មោះ អោក សុម៉ាលីតា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរអ្នកចំរៀងនៅពិភពរាត្រី ស្នាក់នៅភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ចំណែកកាបូបស្ពាយដែលជនសង្ស័យឆក់យកទៅបាត់ មានទូរស័ព្ទម៉ាក iPhone 7 មួយគ្រឿង លុយជិត៤០០ដុល្លារ អត្តសញ្ញាណមួយសន្លឹក ព្រមទាំងឯកសារមួយចំនួនទៀត។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នាបីនាក់ប្អូនប្រុសរបស់គាត់ បានជិះម៉ូតូមួយគ្រឿងវីវ៉ា ពណ៌ខ្មៅ ចេញពីច្រៀងនៅហាងយីហោ ពិភពរាត្រី ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន គោលបំណងជូនមិត្តភក្តិស្រីម្នាក់ ត្រឡប់ទៅផ្ទះនៅម្តុំទឹកល្អក់ ខណ្ឌទួលគោក រួចហើយទើបត្រលប់ទៅផ្ទះវិញ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយបានជិះម៉ូតូគីវីវ៉ា តាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមមួយគ្រឿង ជិះគ្នា២នាក់ និងមួយគ្រឿងទៀត ជាប្រភេទម៉ូតូធំ ជិះម្នាក់ឯង បាននាំគ្នាជិះមកអែបជិត ហើយម៉ូតូដែលជិះគ្នា២នាក់ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីរូបគាត់បានសម្រេច រួចបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ ៕