Sunday, November 24, 2024
Homeនយោបាយសម្តេចហ៊ុន សែន ថ្លែងព្រមានជាថ្មី កម្ចាត់ជនណាចង់បំផ្លាញសន្តិភាព រួមទាំងលោកសម រង្ស៊ី

សម្តេចហ៊ុន សែន ថ្លែងព្រមានជាថ្មី កម្ចាត់ជនណាចង់បំផ្លាញសន្តិភាព រួមទាំងលោកសម រង្ស៊ី

ខេត្តត្បូងឃ្មុំ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងព្រមានជាថ្មី ដល់ជនណាដែលចង់បំផ្លាញសន្តិភាព រួមទាំងលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងផងដែរ បើហ៊ានធ្វើបដិវត្តន៍ ពណ៌  ដណ្តើមអំណាច ជាពិសេសអ្នកដែលមានបំណងចង់កម្ទេចគ្រួសារត្រកូល “ហ៊ុន” ឱ្យរលាយ ដោយសម្តេចបានបញ្ជាក់ថា គ្រួសារត្រកូល “ហ៊ុន” មិនមែនយកប្រទេសមកដឹកនាំតែម្នាក់ឯងទេ ប៉ុន្តែត្រកូល “ហ៊ុន” នឹងធានារក្សាសន្តិភាព សម្រាប់ប្រទេសកម្ពុជាទាំងមូល ទោះត្រូវធ្វើសង្គ្រាមក៏ដោយ។

សម្តេចហ៊ុន សែន បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីប្រារឰខួបលើកទី៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះ ធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាកោះថ្ម នៅឃុំទន្លូង ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ។

នៅក្នុងកម្មវិធីប្រារឰខួបលើកទី៤០នោះ សម្តេចហ៊ុន សែន បានថ្លែងរៀបរាប់អំពីព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់របស់    សម្តេច នាគ្រានោះ ប្រាប់ដល់មហាជន ក៏ដូចជាអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជាថា គ្រាដ៏គ្រោះថ្នាក់របស់   សម្តេច នាពេលនោះ គឺដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងពីបរិបទនយោបាយពេលបច្ចុប្បន្នផងដែរ។

សម្តេចហ៊ុន សែន ក្នុងទិវាខួប៤០ឆ្នាំនៃដំណើរឆ្ពោះផ្តួលរំលំរបបប៉ុល ពត

ពាក់ព័ន្ធនឹងទិវាចងចាំនោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងដឹងគុណជាថ្មីទៀត ដល់វៀតណាម ដោយបញ្ជាក់ថា បើគ្មានកងកម្លាំងវៀតណាម ចូលមកជួយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិទេនោះ គឺមិនអាចរំដោះប្រទេសពីរបបខ្មែរក្រហមបានឡើយ។ ដូច្នេះ ការអនុញ្ញាតឱ្យវៀតណាមចូលក្នុងទឹកដីកម្ពុជានៅពេលនោះ គឺជារឿងត្រឹមត្រូវដែលចាំបាច់ត្រូវធ្វើ។

សម្តេចហ៊ុន សែន ក៏បានថ្លែងទម្លាក់ការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ ទៅលើព្រឹត្តិការណ៍នៃរដ្ឋប្រហាររបស់សេនាប្រមុខលន់ នល់ ដែលទម្លាក់សម្តេចព្រះនរោត្តម សីហនុ បង្កឱ្យមានរបបប៉ុល ពត នាំឱ្យមានសង្គ្រាម ស្លាប់ពលរដ្ឋ ខ្មែរ ព្រមទាំងការពិការភ្នែករបស់សម្តេចទៀតនោះ។

សម្តេចហ៊ុន សែន បានរំលឹកថា នៅពេលនោះ (កាលពី៤០ឆ្នាំមុន) កងទ័ពវៀតណាម បានដាំបាយឆ្នាំងលេខ១០ និងស្ងោរជើងជ្រូកជាមួយឆៃថាវឱ្យសម្តេច និងយុទ្ធមិត្ត៤រូបទទួលបាន ដែលនោះគឹជាអាហារដ៏ឆ្ងាញ់បំផុតរបស់  សម្តេច ព្រោះថា សម្តេច និងយុទ្ធមិត្ត៤រូប ទទួលទានតែបបររាប់ឆ្នាំមកហើយ។ ក្នុងន័យនេះហើយ សម្តេចបានថ្លែងអំណរគុណចំពោះកងទ័ពវៀតណាម ដែលថែមទាំងមិនបានចាប់ចង ធ្វើបាបនោះទេ បែរជាជួយដល់សម្តេច និងយុទ្ធមិត្ត ៤រូបទៀត ក្នុងនាមជាជនភៀសខ្លួន និងជួយគាំទ្ររហូតឈានទៅដល់ការវាយផ្តួលរំលំរបប ប្រល័យពូជសាសន៍ប៉ុល ពត។ ពោលគឺវៀតណាម ជាប្រទេសកុម្មុយនីស្ត ប៉ុន្តែមិនដូចប្រទេសសេរី មួយចំនួន ដែលបានវាយធ្វើបាបចំពោះជាតិសាសន៍ដទៃ ក្នុងនាមជនភៀសខ្លួន។

ថ្លែងចេញពីកន្លែងលាក់អាវុធរបស់សម្តេច និងយុទ្ធមិត្ត៤រូប ក្នុងដំណើការតស៊ូរំដោះប្រទេសជាតិ នៅព្រំដែនកម្ពុជា-វៀតណាម សម្តេចហ៊ុន សែន បញ្ជាក់ទៀតថា ការតស៊ូរបស់សម្តេច ដោយរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រកម្លាំងយោធាមករំដោះប្រទេសកម្ពុជា នោះគឺសម្តេចធ្វើឡើងដូចវីរបុរសរបស់ប្រទេសបារាំង លោកហ្សាល ដឺហ្គោល។ គឺដូចត្រង់ថា សម្តេចបានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ចំណែកលោកហ្សាល ដឺហ្គោល រត់ភៀសខ្លួនពីបារាំងទៅកាន់ប្រទេសអង់គ្លេស ដើម្បីស្វែងរកការគាំទ្ររំដោះប្រទេសបារាំង ចេញពីអាណានិគមហ្វាស៊ីសហ៊ីត្លែរ ហើយលោកហ្សាលដឺហ្គោល ត្រូវបានប្រជាជនបារាំងចាត់ទុកជាវីរបុរសរបស់ពួកគេ។ ប្រសិនបើចង់បន្ទោសសម្តេចថា ហេតុអ្វីទៅពឹងប្រទេសវៀតណាម ដើម្បីជួយរំដោះប្រទេស? អ៊ីចឹងគួរបន្ទោសលោកហ្សាល ដឺហ្គោល ផងដែរ។

ដោយឡែក ជាការផ្ញើសារនយោបាយ ក្នុងឯកសណ្ឋានជានាយឧត្តមសេនីយ៍ផុតលេខ  ផ្កាយមាស៥ សម្តេចហ៊ុន សែន បានបញ្ជាក់ថា សង្គ្រាមនៅកម្ពុជា នឹងអាចកើតឡើងបាន បើទោះណាជាគណបក្សប្រឆាំង មិនមានអាវុធ ក្នុងដៃក៏ដោយ។

ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នាពេលថ្មីៗនេះ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “មុននឹងវិលត្រឡប់មកប្រទេសកម្ពុជា វិញ ខ្ញុំត្រូវការឱ្យលោកហ៊ុន សែន បញ្ជាក់ថា គាត់យល់ព្រមបោះបង់គម្រោងរបស់គាត់ ដែលចង់ “កម្ចាត់មនុស្សពី១០០ទៅ២០០នាក់” ដើម្បីរក្សាអំណាចរបស់គាត់។ គម្រោងនេះ ត្រូវបានគាត់ប្រកាសជាសាធារណៈថ្មីៗនេះ។ ខ្ញុំដឹងថា តាំងតែពីឆ្នាំ១៩៩៧ ខ្ញុំជាមនុស្សទី១ នៅលើបញ្ជីខ្មៅរបស់គាត់ ហើយខ្ញុំក៏ដឹងដែរថា គាត់បានរក្សាផ្នត់គំនិត និងទម្លាប់ខ្មែរក្រហម តាំងតែពីគាត់ធ្វើជាមេទ័ពខ្មែរក្រហម ក្រោមរបប ប៉ុល ពត”។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅមុខអ្នកសារព័ត៌មាន និងមន្ត្រីជាន់ខ្ពស់កំពូលៗ ព្រមទាំងមេទ័ពធំៗរបស់កម្ពុជាថា ក្នុងតម្លៃណាក៏ដោយ កម្លាំងប្រដាប់អាវុធ ត្រូវក្តាប់ឱ្យជាប់ និងកម្ចាត់ចោលជនណាក៏ដោយ ទាំង១០០-២០០នាក់ រួមទាំងអ្នកចោទសួរក៏ដោយ (សម រង្ស៊ី) ផងដែរ ប្រសិនមានបំណងចង់បំផ្លាញសន្តិភាពដែលខំកសាងដោយលំបាកជាទីបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ សម្តេចហ៊ុន សែន បានមានប្រសាសន៍ ថា “នាយទាហានបែបខ្ញុំ មិនមែនជានាយទាហានលម្អទីក្រុងទេ តែជានាយទាហានដែលបានកសាងទាហានតែម្តង”។

សម្តេចហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់អ្នកដែលចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ អ្នកដែលចង់កម្ទេចគ្រួសារត្រកូល “ហ៊ុន” ព្រោះគ្រួសារត្រកូល “ហ៊ុន” មិនមែនយកប្រទេសមកដឹកនាំតែម្នាក់ឯងទេ ប៉ុន្តែត្រកូល “ហ៊ុន” នឹងធានារក្សាសន្តិភាព សម្រាប់ប្រទេសកម្ពុជាទាំងមូល ទោះត្រូវធ្វើសង្គ្រាមក៏ដោយ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសុំព្រមានឱ្យច្បាស់ ពិបាកណាស់ ស្លាប់អស់ច្រើនណាស់ ដោយសារសង្គ្រាម រឿងអីបានខ្ញុំត្រូវពិការភ្នែក? ដោយរដ្ឋប្រហារ ១៨ មីនា ៧៥។ បើកុំមាន១៨ មីនា ៧៥ វាក៏គ្មាន ប៉ុល ពត ដែរ។ អ៊ីចឹងអ្នកកសាងកំហុសទាំងឡាយ ត្រូវទទួលស្គាល់ឱ្យច្បាស់នូវប្រវត្តិសាស្ត្រនេះ មិនចាំតែមានកាំភ្លើងទេ អណ្តាតអ្នកឯងក៏អាចបង្កើតនូវសង្គ្រាមបានដែរ ដរាបណាអណ្តាតអ្នកឯង ការសរសេររបស់អ្នកឯងនៅតែប្រមាថមាក់ងាយ ខ្ញុំនៅតែនិយាយថា កម្ពុជានៅសល់សង្គ្រាមនៅឡើយ កុំធ្វេសប្រហែសឱ្យសោះ! កងទ័ពត្រូវត្រៀមបម្រុងជានិច្ច ដើម្បីបង្ក្រាបរាល់ចលនានៃការផ្តួលរំលំ និងការធ្វើឱ្យខូចខាតប្រទេសជាតិ។ បទពិសោធន៍មួយនេះ សង្គ្រាមកើតឆ្នាំ១៩៧០ ធ្វើឱ្យយើងបាត់បង់ឱកាស បើទុកឱ្យសម្តេចនរោត្តម សីហនុ ដឹកនាំមកដល់ពេលនេះ កម្ពុជាយើងក៏មិនជួបជាមួយរបបប្រល័យពូជសាសន៍ទេ ដោយសារតែមានរបបប្រល័យពូជសាសន៍ បានយើងត្រូវតស៊ូ ប្រដាប់អាវុធ ដើម្បីសង្គ្រោះជាតិ។ ខ្ញុំមិនមែនស៊ីកេរនៃរបស់ដែលហៅថា ទិវានៃការចងចាំទេ ក៏ប៉ុន្តែរឿងនេះគឺជារឿងប្រវត្តិពិត ហើយខ្ញុំសុំបញ្ជាក់ថា មានតែអ្នកឈ្នះប៉ុណ្ណោះ គឺជាអ្នកសរសេរប្រវត្តិសាស្ត្រ។ បើអ្នកឯងនៅតែព្រហើន អ្នកឯងក៏ត្រូវតែរង់ចាំនូវអ្វីដែលអ្នកឯងគួរទទួល ការប៉ុនប៉ុងកម្ទេចត្រកូលហ៊ុន។ ត្រកូល ហ៊ុន មិនមែនជាត្រកូលសម្រាប់ឱ្យអ្នកឯងមាក់ងាយទេ ឥឡូវត្រកូលហ៊ុនមិនមែនជាត្រកូលសម្រាប់ឱ្យអ្នកឯងវាយលេងទេ ឥឡូវត្រកូល ហ៊ុន កូនប្រុសទាំង៣ ចេញមកដើម្បីឱ្យប្រជាពលរដ្ឋបានឃើញ។ នេះជាកូន (ហ៊ុន ម៉ាណែត) ដែលអ្នកតានៅទីនេះបានផ្តល់ឱ្យ។ បន្ទាប់គឺកូន ទី៣ (ហ៊ុន ម៉ានិត) តែជាប្រុសដែរ ក៏ជាទាហានដែរ។ ឯកូនទី៤ (ហ៊ុន ម៉ានី) នេះ ក៏ជាទាហានដែរ ក៏ប៉ុន្តែគេជាតំណាងរាស្ត្រ។ សុំមើលឱ្យច្បាស់ ត្រកូលហ៊ុន មិនមែនជាត្រកូលសម្រាប់អ្នកឯងវ៉ៃលេងទេ ហើយត្រកូល ហ៊ុន គឺជាត្រកូលដែលរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ត្រកូលហ៊ុន មិនមែនយកប្រទេសនេះ ធ្វើជាប្រទេសផ្តាច់មុខរបស់ខ្លួនទេ តែត្រកូល ហ៊ុន សុំធានាការពារនូវសន្តិភាពសម្រាប់ប្រទេសនេះ ការពារនូវរាជបល្ល័ង្ក ការពាររបបរាជានិយម អាស្រ័យធម្មនុញ្ញ ការពារនូវព្រះមហាក្សត្រ ការពារនូវរដ្ឋធម្មនុញ្ញ ការពារអ្វីៗដែលជាសមិទ្ធផលសង្គមជាតិ សុំអ្នកទាំងឡាយកុំញុះញង់បង្កើតចលាចល”។

ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានដល់អ្នកវិភាគមួយចំនួនផងដែរ។

សម្តេចហ៊ុន សែន បានថ្លែងថា “អ្នកវិភាគខ្លះថា លោកហ៊ុន សែន និយាយពីសង្គ្រាម ប្រហែលជាក្នុងយោធាបែកបាក់។ ខ្ញុំអាចជម្រាបជូនអស់លោកថា បើអស់លោកស្ទើរភ្លើង មិនយល់ការ អស់លោកកុំវិភាគអី…។ កម្លាំងប្រដាប់អាវុធបច្ចុប្បន្ន គឺជាកម្លាំងប្រដាប់អាវុធដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ បើអស់លោកអ្នកវិភាគមិនយល់ការទេ បិទមាត់ឱ្យជិតទៅ! សេរីភាព របស់អស់លោកពិតប្រាកដហើយ ក៏ប៉ុន្តែអស់លោកនឹងធ្លាក់ទៅជាមនុស្សអវិជ្ជា…” ៕

កុលបុត្រ

RELATED ARTICLES