Sunday, November 24, 2024
Homeនយោបាយលទ្ធផលបោះឆ្នោតផ្លូវការ គ.ជ.ប ប្រកាសថ្ងៃ២៥ មិថុនា

លទ្ធផលបោះឆ្នោតផ្លូវការ គ.ជ.ប ប្រកាសថ្ងៃ២៥ មិថុនា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ បណ្តឹងរបស់គណបក្សនយោបាយ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គ.ជ.ប បានធ្វើការដោះស្រាយបញ្ចប់ រួចរាល់អស់ហើយ។ ចំណែកការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៧។

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប លេខ ១៥៩ គ.ជ./អគ្គ/ប្រ.ភ.ព ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នោះមានខ្លឹមសារទាំងស្រុងថា “នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៩ៈ០០ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំ នៅទីស្តីការ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងចំនួន១៥ ដែលគណបក្សនយោបាយបានប្តឹងបន្តមកពីបណ្តាខេត្ត។

ជាលទ្ធផលនៃកិច្ចប្រជុំ គ.ជ.ប បានសម្រេចធ្វើលិខិតជូនដំណឹងទៅកាន់គណបក្សនយោបាយទាំង១៥បណ្តឹងនោះ។

គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយនៃការដាក់ និងទទួលពាក្យបណ្តឹងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ដំណាក់កាលមួយថ្ងៃមុនថ្ងៃបោះឆ្នោត ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត រួមទាំងដំណាក់កាល បិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត គ.ជ.ប បានទទួល និងដោះស្រាយលើបណ្តឹងចំនួន៦៤ ក្នុងនោះ មាន៤៦បណ្តឹង ដោយសុំរាប់សន្លឹកឆ្នោតឡើងវិញ និង១៨បណ្តឹងជាបណ្តឹងព្រហ្មទណ្ឌ។

បណ្តឹងសុំរាប់សន្លឹកឆ្នោតឡើងវិញទាំង ៤៦ បណ្តឹងរួមមាន ៖

  • បណ្តឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ មានចំនួន ៤៣បណ្តឹង ធ្វើលិខិតជូនដំណឹង
  • បណ្តឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ មានចំនួន ៣បណ្តឹង នៅក្នុងឃុំដូង ខេត្តស្វាយរៀង ឃុំបឹងប្រាំ ខេត្តបាត់ដំបង និងឃុំក្លែង ខេត្តកំពង់ធំ ត្រូវបានដោះស្រាយ។

បណ្តឹងព្រហ្មទណ្ឌទាំង១៨បណ្តឹងរួមមាន ៖

  • បណ្តឹងព្រហ្មទណ្ឌ មានចំនួន១៦ បណ្តឹង ធ្វើលិខិតជូនដំណឹង
  • បណ្តឹងព្រហ្មទណ្ឌ មានចំនួន ២បណ្តឹង កំពុងស៊ើបអង្កេត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមិថុនា នេះ គ.ជ.ប បានដោះស្រាយបណ្តឹងរួចរាល់អស់ហើយ រីឯការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧”។

ទោះជាយ៉ាងណា យោងតាមសេចក្តីព្រាងរបស់ គ.ជ.ប ស្តីពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានបង្ហាញថា ក្នុងការបោះឆ្នោត ឃុំ-សង្កាត់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នេះ មានគណបក្សនយោបាយចំនួន៧ ទទួលបានអាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជា (CPP) ឈ្នះនាំមុខគេ ដោយទទួលបានអាសនៈ សរុប ៦៥០២  បន្ទាប់មក គឺគណបក្សសង្គ្រោះជាតិ (CNRP) ទទួលបាន ៥០០៥អាសនៈ ក្នុងចំណោមអាសនៈឃុំ-សង្កាត់ សរុប១១៥៧២នាក់ ក្នុងចំណោម ១៦៤៦ឃុំ-សង្កាត់ ទូទាំងប្រទេស។

សេចក្តីព្រាងលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលត្រូវបានផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ បង្ហាញលទ្ធផលដូចខាងក្រោម ៖

  • គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៥០២អាសនៈ  ក្នុងនោះតំណែងមេឃុំ មានចំនួន ១១៥៦នាក់ ជំទប់ទី១ ចំនួន ១១៤០នាក់ និងជំទប់ទី២ ចំនួន ៥០៨នាក់។
  • គណបក្សសង្គ្រោះជាតិ ទទួលបាន ៥០០៥ អាសនៈ ក្នុងនោះ តំណែងមេឃុំ ៤៨៩ នាក់ ជំទប់ទី១ ចំនួន ៥០២នាក់ និងជំទប់ទី២ ចំនួន ១០៨៦នាក់។
  • គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២៨ អាសនៈ ក្នុងនោះ តំណែងជំទប់ទី១ ចំនួន១នាក់ និងជំទប់ទី២ ចំនួន ២៦នាក់។
  • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន ៥អាសនៈ តំណែងជំទប់ទី២ ទាំង៥នាក់។
  • គណបក្សខ្មែររួបរួមជាតិ ទទួលបាន ២៥អាសនៈ ក្នុងនោះ តំណែងមេឃុំ ១នាក់ ជំទប់ទី១ចំនួន២នាក់ និងជំទប់ទី២ ចំនួន១៧នាក់។
  • គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ២អាសនៈ តំណែងជំទប់ទី២។
  • គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៥អាសនៈ ក្នុងនោះ តំណែងជំទប់ ទី១ ចំនួន ១នាក់ និងជំទប់ទី២ ចំនួន២នាក់។

សរុបសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មកពីគណបក្សជាប់ឆ្នោតទាំង៧ ខាងលើ មានចំនួន១១ ៥៧២នាក់ ក្នុងនោះ មានស្ត្រី ចំនួន ១ ៩៣៦នាក់ ៕

RELATED ARTICLES