Sunday, November 24, 2024
Homeនយោបាយលោកអានន្ទដា យ៉ាត ថាលោកកឹម សុខា ជាព្រាននារី នយោបាយលោកសម រង្ស៊ី ស្លាប់ដូចពស់ រស់ដូកកង្កែប

លោកអានន្ទដា យ៉ាត ថាលោកកឹម សុខា ជាព្រាននារី នយោបាយលោកសម រង្ស៊ី ស្លាប់ដូចពស់ រស់ដូកកង្កែប

ភ្នំពេញ ៖ ទីប្រឹក្សារាជរដ្ឋាភិបាល លោកអានន្ទដា យ៉ាត បានលើកឡើងរិះគន់មេបក្សប្រឆាំងថា លោកកឹម សុខា បច្ចុប្បន្នប្រធានគណបក្សសង្គ្រោះជាតិ ជាព្រាននារី រីឯនយោបាយរបស់លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ គឺ “ស្លាប់ដូចពស់ រស់ដូចកង្កែប” ពោលគឺដំណើរនយោបាយរបស់លោកសម រង្ស៊ី ប្រាកដជាចាញ់បោកលោកកឹម សុខា ជាមិនខាន។

លោកអានន្ទដា យ៉ាត បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ថា “ខ្ញុំបានសង្កេតឃើញថា អ្នកគាំទ្រនយោបាយលោកសម រង្ស៊ី ពីឆ្នាំ១៩៩៥មក គ្មានសល់អ្វីទេ អស់រលីងពីខ្លួន។

លោកសម រង្ស៊ី បានក្លាយជា “ទណ្ឌិត” បានបាត់បង់សិទ្ធិធ្វើនយោបាយ ដោយសារអំណាច សាលដីកាស្ថាពរ បាន និរទេសខ្លួនគេចពីសំណាញ់ច្បាប់ ហើយបានបាត់បង់ទាំងស្រុងនូវឱកាសរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលខ្លួននិងសមាជិក-សមាជិកានៃ “គណបក្សសម រង្ស៊ី” បានតស៊ូប្រឹងប្រែងកសាងកម្លាំងនយោបាយនោះ។

អស់រយៈកាល២៧ឆ្នាំក្រោយមក “គណបក្សសម រង្ស៊ី” ត្រូវបានរួមរឹតលេបទាំងរស់ដោយ “គណបក្សសិទ្ធិមនុស្ស” នៃព្រាននារីកឹម សុខា។ អ៊ីចឹងនយោបាយសម រង្ស៊ី “ស្លាប់ដូចពស់ រស់ដូចកង្កែប”។

អ៊ីចឹងសួរថា សមាជិក-សមាជិកានៃ “គណបក្សសម រង្ស៊ី” ខំដើម្បីអ្វី ខណៈដែលលោកសម រង្ស៊ី គ្មានសិទ្ធិធ្វើនយោបាយ និងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីផងនោះ?

ដំណើរនយោបាយបែបនេះ ពិតណាស់ វាជាការចាញ់បោកព្រាននារីកឹម សុខា ជាក់ជាមិនខាន។

តើព្រាននារី កឹម សុខា ប្រធាន គ.ស.ជ ឯករាជ្យម្ចាស់ការផ្នែកនយោបាយដែរទេ ឬគ្រាន់តែជាអាយ៉ង?”។

បន្ថែមលើសំណេរខាងលើនេះ លោក អានន្ទដា យ៉ាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ថា ការដែលលោកហៅលោកកឹម សុខា ជាព្រាននារី គឺផ្អែកតាមទិដ្ឋនយោបាយទាក់ទងនឹងជីវិតអាស្រូវរបស់លោកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយកន្លងមក។ រីឯនយោបាយរបស់លោកសម រង្ស៊ី តាមការសង្កេតឃើញ គឺសមនឹងដូចនឹងពាក្យថា “ស្លាប់ដូចពស់ រស់ដូចកង្កែប” នោះហើយ ។

លោកអានន្ទដា យ៉ាត

លោកអានន្ទដា យ៉ាត បានមានប្រសាសន៍ថា “បាទ ! កន្លងមក យើងឃើញការផ្សព្វផ្សាយ នៅតាមប្រព័ន្ធហ្វេសប៊ុកឃើញថា ការដែលលោក កឹម សុខា គាត់ទៅឃោសនាបោកប្រាស់ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក នៅបារាំងនៅប្រទេស មួយចំនួនទៀត គាត់តែងតែឃោសនាឈរលើមូលដ្ឋាន ប្រជាភិថុតិ វាយប្រហារមកលើរាជរដ្ឋាភិបាល ដែលកំពុងតែដុតដៃដុតជើងកសាងអភិវឌ្ឍប្រទេសជាតិ គាត់បានលុយអស់ទាំងនោះ មក គាត់មកបំប៉នស្រីស្នេហ៍គាត់ តាមរយៈខ្សែអាត់ដែលយើងស្តាប់ហ្នឹង ឃើញថា លុយរាប់ពាន់មួយកន្លែងៗ។ អ៊ីចឹងឆ្លុះបញ្ចាំងសម្រាប់ទស្សនៈខ្ញុំផ្ទាល់ឃើញថា គាត់ជាព្រាននារី មិនថាទៅខេត្តណាទេ ដល់ខេត្តណា គាត់មានស្រីនៅខេត្តនោះ ដល់ខេត្តណា គាត់ហៅស្រីម៉ាស្សាទៅខេត្តនោះ។ ដូច្នេះហើយ នេះជាទស្សនៈព្រាននារីរបស់ខ្ញុំ។ រីឯគណបក្សសម រង្ស៊ី ដែលខ្ញុំយល់ឃើញថា មកដល់ពេលនេះ ជាគណបក្សនយោបាយដែលស្លាប់ដូចពស់ រស់ដូចកង្កែបហ្នឹង គឺដូចកង្កែបនៅក្នុងអណ្តូងអ៊ីចឹង។ ពេលភ្លៀងម្តងៗមក កង្កែបស្រែកហើយ ពេលរដូវឃោសនា កង្កែបស្រែកហើយៗនៅពេលវាស្រែកហ្នឹង វាមិនងាប់តែឯង វាងាប់ទាំងគីង្គក់ វាងាប់ដោយសត្វអីផ្សេងៗទៀត។ ស្លាប់ដូចពស់ហ្នឹង គឺថាពស់ គឺជាសត្វអាសិរពិស នៅពេលដែលមនុស្សលោកឃើញសត្វអាសិរពិស គឺទី១ មិនចូលចិត្ត ទី២ បើឃើញមានតែវ៉ៃវាឱ្យងាប់ ពីព្រោះអីមិនដឹងថាវាពិស ឬក៏វាអត់ពិស។ អ៊ីចឹងនយោបាយ សម រង្ស៊ី នេះ មិនខុសពីអ្វីដែលខ្ញុំថា ចាញ់បោក លោកកឹម សុខា រហូតដល់កឹម សុខា យកគណបក្សសង្គ្រោះជាតិនេះ មកក្តោបក្តាប់អំណាច ពេញនៅក្នុងដៃ។ អ៊ីចឹងសំណួរសួរថា គាត់មកអាចមកធ្វើបេក្ខជននាយករដ្ឋមន្ត្រីម៉េចកើត បើគាត់ស្លាប់ដូចពស់ រស់ដូចកង្កែប គាត់អាចមកនាយករដ្ឋមន្ត្រីម៉េចកើត បើគាត់អត់ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ ផង គាត់ធ្វើនាយករដ្ឋមន្ត្រីម៉េចកើត បើគាត់ជាទណ្ឌិត គាត់អាចកាន់គណបក្ស ឬក៏ធ្វើជាប្រធានគណបក្សណាមួយកើត បើគាត់ជាទណ្ឌិត វាខុសនឹងច្បាប់ គណបក្សនយោបាយ។ អ៊ីចឹងទិដ្ឋភាពទូទៅ ខ្ញុំឃើញថា លោកសម រង្ស៊ី គ្មានសង្ឃឹមថា នឹង បានឈេរឈ្មោះប្រកួតប្រជែងនឹងគេ ធ្វើជាបេក្ខភាព ឬក៏បេក្ខជននាយករដ្ឋមន្ត្រីទេ។ រីឯលោក កឹម សុខា វិញ ដោយសារគាត់មានរឿងអាស្រូវ ស្រីញី ពុករលួយ ស្រីញីនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់ទៅៗក្នុងការបោះឆ្នោតគាំទ្រថា តើយើងឱ្យមនុស្សប្រភេទព្រាននារី ហ្នឹងមកដឹកនាំប្រទេស មកកសាងប្រទេសមួយម៉េចកើត? វាត្រឡប់ទៅដូចបីបួនរយឆ្នាំមុន អ៊ីចឹង យើងម៉េចអាចទៅរួច។ ហ្នឹងខ្ញុំនិយាយសំដៅទៅលើបញ្ញវន្ត ដែលគំនិត មានបញ្ញាចេះគិតចេះថ្លឹងថា តើបេក្ខភាពនាយករដ្ឋមន្ត្រី មានទស្សនវិស័យ មានចរិតលក្ខណៈបែបណា ក្នុងការដឹកនាំប្រទេសមួយ ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍនេះ? សរុបទៅលោកសម រង្ស៊ី គ្មានពេលមកប្រកួតប្រជែងជាមួយលោក កឹម សុខា ទេ ពីព្រោះអី?”។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក អានន្ទដា យ៉ាត ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលលោកសម រង្ស៊ី បានប្រកាសពីក្រៅប្រទេសមកថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតថ្នាក់ ជាតិ ឆ្នាំ២០១៨ នាពេលខាងមុខ គឺជារូបលោក ដែលត្រូវប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រីជាមួយសម្តេចហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ចំណែកលោកកឹម សុខា ដែលកំពុងដឹកនាំគណបក្សប្រឆាំង នៅក្នុងស្រុកបានអះអាងថា បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ នឹងសម្រេចជាថ្មី នៅក្នុងសមាជបក្សប្រឆាំង នៅមុនខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ មុនការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦។ បានន័យថា ក្នុងសមាជកាលពីអាណត្តិមុន គណបក្សប្រឆាំងបានសម្រេចដាក់ លោកសម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្ត្រី ប៉ុន្តែបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិក្រោយ ឆ្នាំ២០១៨នេះ នៅមិនទាន់ដឹងយ៉ាងណាទេ។

ជុំវិញការលើកឡើងរបស់លោក អានន្ទដា យ៉ាត ខាងលើនេះ “នគរធំ” មិនអាចទាក់ទង សុំមតិយោបល់ឆ្លើយតបពីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានទេ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដោយសារ លោកជាប់រវល់ ចុះទៅធ្វើវេទិកា “ថ្លែងអំណរគុណម្ចាស់ឆ្នោត” នៅស្រុកស្រែអំបិល ខេត្តកោះកុង។

លោកកឹម សុខា បានថ្លែងក្នុងវេទិកានោះថា “ខ្ញុំយល់ថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាដំណោះស្រាយបញ្ហារបស់ប្រទេសជាតិបានយ៉ាងល្អ និងដោយសន្តិវិធី ដែលនឹងនាំមកនូវភាពវិជ្ជមានភាពប្រសើរ ឡើង សម្រាប់សង្គមជាតិ ព្រោះ “ការបោះឆ្នោត” គឺជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ជាអ្នកសម្រេចថា អ្នកដឹកនាំណាមានគុណសម្បត្តិ ឬមានគុណវិបត្តិ និងគោលនយោបាយរបស់គណបក្សណាល្អ ឬមិនល្អ។ គ្រប់បញ្ហាសង្គម មិនមែនដោះស្រាយដោយ “ការគំរាមកំហែង បំភិតបំភ័យនោះទេ”។

ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបន្ត និងពង្រីកការចូលរួមសកម្មភាពនយោបាយ និងចូលរួមការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ដែលជាប់ពាក់ព័ន្ធនឹងជោគវាសនា អនាគតរបស់ប្រទេសជាតិយើង ខ្លួនយើង និងកូនចៅយើង”។

ទោះបីយ៉ាងណា លោកមុត ចន្ថា ជំនួយការផ្ទាល់ និងជានាយកខុទ្ទកាល័យលោកកឹម សុខា បានបញ្ជាក់ថា លោកនឹងស្រាវជ្រាវពីបញ្ហានេះ តើការលើកឡើងរបស់លោកអានន្ទដា យ៉ាត ដែលថា លោកកឹម សុខា ជាព្រាននារី នោះ មានខ្លឹមសារពិតប្រាកដយ៉ាងម៉េច?

លោកមុត ចន្ថា បានមានប្រសាសន៍ថា  “ខ្ញុំដូចជាអត់អីត្រូវឆ្លើយតបយ៉ាងម៉េចទេ ព្រោះទី១ ខ្ញុំអត់ដឹងថា គាត់និយាយពិតប្រាកដយ៉ាងម៉េច? ខ្លឹមសារពីដើមយ៉ាងម៉េច? ពាក់កណ្តាលយ៉ាងម៉េច? ចុងបញ្ចប់យ៉ាងម៉េច? អ៊ីចឹងទេ ទាល់តែខ្ញុំសិក្សាមើលអ្វីដែលគាត់និយាយហ្នឹងសិន បានខ្ញុំអាចនិយាយបាន”។

ដោយឡែក អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ និងលោកយ៉ែម បុញ្ញឫទ្ធិ មិនអាចទាក់ទងសុំមតិយោបល់ ការបញ្ជាក់ឆ្លើយតបជុំវិញការលើកឡើងរបស់លោក អានន្ទដា យ៉ាត ដែលថានយោបាយរបស់លោក សម រង្ស៊ី “ស្លាប់ដូចពស់ រស់ដូចកង្កែប” នោះបានទេ កាលពីម្សិលមិញ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ មួយចំនួន ដែលធ្លាប់ជាសហការីរបស់លោកសម រង្ស៊ី បានបញ្ជាក់ថា នយោបាយ និងការលះបង់របស់លោកសម រង្ស៊ី ធ្វើយ៉ាងណាឱ្យគណបក្សសង្គ្រោះជាតិ នៅមានឈ្មោះប្រកួតប្រជែងនយោបាយជាមួយគណបក្សកាន់អំណាច ដើម្បីនាំមកនូវការផ្លាស់ប្តូរ ជាវិជ្ជមាន នាពេលខាងមុខ។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បានបញ្ជាក់ថា ទោះបីជាពេលនេះ លោកសម រង្ស៊ី មិនមែនជាប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែឧត្តមគតិ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែចាត់ទុកលោកជាប្រធាន។ ដូច្នេះអ្វីៗគ្រប់យ៉ាងវាផ្អែកទៅលើបរិបទនយោបាយ ហើយអាចនឹងមានពេលមួយនោះ លោកសម រង្ស៊ី នឹងអញ្ជើញមកធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ជាថ្មីវិញ ហើយលោកនឹងក្លាយជានាយករដ្ឋមន្ត្រី នៅពេលនោះ។

លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា  “ពាក្យញុះញង់របស់គេនោះ យើងដឹងហើយ យើងអត់ទៅតាមការញុះញង់របស់គេទេ។ ឯកឧត្តមសម រង្ស៊ី មានរបស់ដែលយើងទាំងអស់គ្នា និងអ្នកខ្លះអត់មាន។ ឯកឧត្តមសម រង្ស៊ី ជាផ្លូវការ លោកមិនមែនជាប្រធានគណបក្សសង្គ្រោះជាតិទេ ជាផ្លូវការឧត្តមគតិរបស់យើងទាំងអស់គ្នាមនសិការរបស់យើងទាំងអស់គ្នា ក្នុងនាមយើងជាអនុប្រធាន ជាសមាជិកនៃគណបក្សសង្គ្រោះជាតិ យើងនៅតែចាត់ទុក លោកប្រធាន ជាប្រធានរបស់យើងជារៀងរហូត ក៏ដូចជាទឹកចិត្តរបស់ប្រជារាស្ត្រខ្មែរ តែងចាត់ទុកលោកប្រធាន ជាវរជនម្នាក់ ហើយខ្ញុំសុំជម្រាបថា ឯកឧត្តមប្រធាន លោកមានមោទនភាពណាស់ ដែលបានយើងទាំងអស់គ្នាគាំទ្រលោក។ អ្វីៗគ្រប់យ៉ាងវាផ្អែកទៅលើបរិបទនយោបាយ ពេលមួយនោះ លោកនឹងអញ្ជើញមកធ្វើជាប្រធានគណបក្សសង្គ្រោះជាតិជាថ្មីវិញ ហើយលោកនឹងក្លាយជានាយករដ្ឋមន្ត្រី នៅពេលនោះ។ ដូច្នេះរឿងនយោបាយស្លាប់ដូចពស់ រស់ដូចកង្កែបនេះ វាអត់ត្រូវទេ យើងបត់បែនទៅ តាមសម្ពាធនយោបាយ ខ្ញុំសុំជម្រាបអ៊ីចឹង មិនអាចថា ជាយ៉ាងណាបានទេ សំខាន់គឺយើងដល់ ទិសដៅរបស់យើង ហើយទិសដៅរបស់យើង គឺយើងការពារលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ យើងការពារឯកភាពជាតិ យើងការពារបូរណភាពទឹកដី យើងធ្វើយ៉ាងណាដើម្បីឱ្យ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយឯកឧត្តមប្រធានសម រង្ស៊ី ក្លាយទៅជាគណបក្សដែលដឹកនាំប្រទេស ហើយឯកឧត្តមនឹងទៅជានាយករដ្ឋមន្ត្រី។ រឿងសំខាន់ប៉ុណ្ណឹងទេ ឯការថា ស្លាប់ដូចពស់ រស់ដូចកង្កែបអីហ្នឹង វាអត់ត្រូវទេ សូមជម្រាបប៉ុណ្ណឹង”៕

កុលបុត្រ

RELATED ARTICLES